ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​បា.ញ់កាំភ្លើ.ង​កាន់តែ​វិ​វត្ត​ឈាន​ឡើង បើ​ទោះជា​មាន​ឧបសគ្គ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាសថា ការ​ប្រកួត​កីឡា​បាញ់កាំភ្លើង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ដណ្ដើម​ពានរង្វាន់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ប្រចាំឆ្នាំ​២០២០​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​លើក​ពេល…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាសថា ការ​ប្រកួត​កីឡា​បាញ់កាំភ្លើង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ដណ្ដើម​ពានរង្វាន់​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ប្រចាំឆ្នាំ​២០២០​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​លើក​ពេល ហាក់​ធ្វើ​ឱ្យ​កីឡាករ​នៅ​ក្នុង​វិស័យ​មួយ​នេះ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​កីឡាករ​នៅ​ក្នុង​វិស័យ​នេះ ក៏​ត្រូវ​គេ​កត់​សម្គាល់ថា មាន​កំណើន ដែល​បង្ហាញ​ថា វិស័យ​នេះ មានការ​រីក​ចម្រើន​បើ​ធៀប​នឹង​អំឡុង​ពេល​មុន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ កីឡា​បាញ់កាំភ្លើង​កម្ពុជា ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​​២០២០ បាន​ប្រកាស​មិន​ឱ្យ​មានការ​រៀបចំ​នោះ​ទេ ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​​កូ​វី​ដ​-១៩​ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​ថ្ងៃ​៣ វិច្ឆិកា ។ យ៉ាងណា​ក៏​ដោយ ក្រសួង​អប់រំ និង​សហព័ន្ធ បាន​ជំរុញ​ឱ្យ​កីឡាករ​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងអំឡុងពេល​ដែល​មានការ​ពន្យារពេល​នា​ពេល​នេះ​ផង​ដែរ ដោយ​មន្ត្រី​ទទួល​បន្ទុក​បាន​ស្នើ​មិន​ឱ្យ​កីឡាករ​ទាំងអស់​យក​បញ្ហា​កូ​វី​ដហើយ​រយាល​ដៃ​ក្នុង​ការ​ហ្វឹកហាត់​ឬ​ក៏​ពង្រឹងសមត្ថភាព ដែល​ធ្វើ​ឱ្យ​ឱកាស​ក្នុង​ការ​ប្រកួតប្រជែង​ត្រូវ​បាន​បាត់បង់​នោះ​ទេ ។

មន្ត្រី​ទទួល​បន្ទុក​បន្ត​ថា ពន្យារពេល​រៀបចំ​ការ​ប្រកួត​នេះ មិនមែន​ធ្វើ​ឱ្យ​កីឡាករ​ខូច​គម្រោង ហើយ​​បែរជា​ធ្វើ​ឱ្យ​ប៉ះពាល់​សមត្ថភាព​នោះ​ឡើយ​។ មន្ត្រី​ទទួល​បន្ទុក​បន្ត​ថា មក​ទល់​ពេល​នេះ កីឡា បាញ់កាំភ្លើង កាន់តែ​វិ​វត្ត​ឈាន​ឡើង ដោយ​មាន​កីឡាករ​មិន​តិច​ទេ បាន​ក្លាយជា​ធនធាន​ល្អ​ៗ​សម្រាប់​សហព័ន្ធ​ទាំងមូល ។ ដូច្នេះ​ហើយ​ទើប​សហព័ន្ធ​នឹង​ឆាប់​រៀបចំ​ការ​ប្រកួត​ឡើង​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំឱ្យ​កីឡាករ​ដែល​បាន​ត្រៀមខ្លួន​រួចរាល់ ខកចិត្ត​ធ្វើ​ឱ្យ​សមត្ថភាព​ដែល​បាន​ពង្រឹង​មានការ​ថមថយ​។

លោក មៀ​ច សុ​ផា​ន់​ណា ប្រធាន​សហព័ន្ធ កីឡា​បាញ់កាំភ្លើង​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី បាន​អះ​អាង​ថា មក​ទល់​ពេល​នេះ ថ្វី​ដ្បិតតែ​ការ​ប្រកួត​ទាំងមូល​ត្រូវ​បាន​លើក​ពេល តែ​លោក​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ក្រោម​ឱវាទ​បន្ត​រៀបចំ​ជើង​ព្រួល​មិន​ឱ្យ​ធ្លាក់ដៃ​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ ដែល​មនុស្ស​ស្ថិត​ក្នុង​ភាព​ភ័យ​បារម្ភ ហើយ​មិន​សូវ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹងសមត្ថភាព​នោះ ។

លោក​ថា កីឡាករ​ផ្នែក​បាញ់កាំភ្លើង មិន​ត្រឹមតែ​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ទេ តែ​កីឡាករ​នីមួយ​ៗ​ក៏​មាន​សមត្ថភាព​ខ្ពស់​អាច​ឈាន​ចូល​ក្នុង​ឆាក​អន្តរជាតិ​ផង​ដែរ ទើប​សហព័ន្ធ​មួយ​នេះ ត្រូវ​តែ​រៀបចំ​ការ​ប្រកួតប្រជែង​ឱ្យ​បាន​មួយ​ឆ្នាំ​ម្ដង ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហព័ន្ធ​កីឡា​បាញ់​កាំ​ភ្លើង​កម្ពុជា​អាណត្តិ​ទី​១ ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៥ ។ កាលពី​អាណត្តិ​ដំបូង សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​មាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៧​រូប ក្នុង​នោះ មាន​លោក​ឧត្តមសេនីយ៍​មៀ​ច សុ​ផា​ន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​និង​មាន​អនុប្រធាន​ចំនួន​៤​រូប​មាន​លោក​ឧត្តម សេនីយ៍​ឯក​ចាប ភក្ដី មេបញ្ជាការ​កងទ័ព​ឆត្រ​យោង​៩១១, លោក​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព​, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង លោកឧត្តមសេនីយ៍ឯក នុ​ត សវ​នា ។

ចំណែក​អគ្គ​លេខាធិការ​សហព័ន្ធ​គឺ​លោក ប៊ួ​យ សោ​ភ័​ណ្ឌ ដែល​មាន​អគ្គលេខាធិការ​រង​ចំនួន​៣​រូប​ទៀត​និង​អគ្គ​ហិ​រញ្ញឹក​គឺ​លោក ខៃ វណ្ណៈ ។ ប៉ុន្តែ​សម្រាប់​រយៈពេល​ចុង​ក្រោយ សមាសភាព​នៅ​​ក្នុង​​សហព័ន្ធ និង​កីឡាករ​គឺ​មាន​ចំនួន​ច្រើន​ជាង​ក្នុង​ឆ្នាំ​ដំបូង ។ ក្នុង​ចំណោម​សមាជិក​ប្រតិបត្តិ​សហ​​ព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ទាំង​១៧​រូប​នេះ ភាគច្រើន​ជា​មន្ត្រីជាន់ខ្ពស់​យោធា និង​ប៉ូលិស និង​មាន​ជនបរទេស​២​រូប​ទៀត​ត្រូវ បាន​សហព័ន្ធ​តែងតាំង​ជា​ទីប្រឹក្សាបច្ចេកទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ