ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោនពោល​ស្រី​ជា​កូនបង្កើត​ល្ខោន​ព្រះរាជ​ទ្រព្យ

8 ឆ្នាំ មុន

ល្ខោនពោល​ស្រី គឺជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បុរាណ​មួយ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​សិល្បៈ​ល្ខោន​ក្បាច់​បុរាណ​ដែរ ទាំង​តន្ត្រី​ប្រគំ​ជូន​ល្ខោន ទាំង​សម្លៀក​បំពាក់​សំពត់ អាវ​ស្បៃ មកុដ ក្បាំង

ល្ខោនពោល​ស្រី គឺជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បុរាណ​មួយ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​សិល្បៈ​ល្ខោន​ក្បាច់​បុរាណ​ដែរ ទាំង​តន្ត្រី​ប្រគំ​ជូន​ល្ខោន ទាំង​សម្លៀក​បំពាក់​សំពត់ អាវ​ស្បៃ មកុដ ក្បាំង ប្រដាប់​ដៃជើង និង​អ្នក​សម្តែង គឺ​សុទ្ធតែ​ស្រី​ទាំងអស់ សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ ។

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» លើក​ឡើង​ថា ប៉ុន្តែ​បើ​ពិនិត្យ​លើ​របៀប​សម្តែង​វិញ សង្កេត​ឃើញ​ថា មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ទម្រង់​ល្ខោន​បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ​ខ្មែរ ព្រោះ​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ ដែល​មាន​តួ​សុទ្ធតែ ស្រី​ៗ បញ្ចេញ​តែ​កាយវិការ​ដ៏​ទន់ភ្លន់ ប្រណី​តទៅ​តាម​ទំនុក​ចម្រៀង​របស់​ក្រុម​អ្នក​ច្រៀង​ជា​ពួក មិន​មាន​និយាយ ឬ​ច្រៀង​ខ្លួនឯង​ឡើយ ។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​ទម្រង់​ល្ខោនពោល​ស្រី ដែល​ក្បាច់​បាត​យក​តាម​លំ​អាន​ល្ខោន​ក្បាច់​ខ្មែរ​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ​នោះ ក្រៅពី​ពាក្យ​ពោល​ដែល​រៀបរាប់​សាច់​រឿង ឬ​កាត់កង​ឆាក​ដោយ​អ្នក​ពោល​ស្រី សិល្ប​ការិនី អ្នក​សម្តែង​ទាំង​តួអង្គ​ប្រុស សុទ្ធតែ​ត្រូវ​រាំច្រៀង ឬ​និយាយ​ខ្លួនឯង​ទាំងអស់ ដែល​ពាក្យ​បច្ចេកទេស​នៅ​ក្នុង​ទម្រង់​នេះ​និយម​ហៅ​ថា «​ច្រៀង​ឯង​រាំ​ឯង​» ។ ឯ​តួអង្គ​ដែល​ពាក់​មុខ​ដូច​ជា​យក្ស ស្វា ឥសី ជាដើម ពេល​ត្រូវ​និយាយ គឺ​ត្រូវ​បង្ហើប​មុខ​រុញ​ឡើង​លើ​ហើយ​និយាយ ។ លក្ខណៈ​នេះ​ឃើញ​មាន​ភាព​ដូច​គ្នា​បេះបិទ​នឹង​ទម្រង់​សិល្បៈ​យីកេ ដែល​សម្តែង​រឿង បុរាណ​ៗ ដែល​មាន​តួយក្ស តួ​ស្វា តួ​គ្រុឌ ជាដើម​នោះ ។ ឯ​សិល្បករ ប្រុស​ៗ អាច​ដើរតួ​ជា​ឥសី ត្លុក​កំប្លែង និង​តួអង្គ​សត្វ ផ្សេង​ៗ​ដូច​ជា​សេះ​ជាដើម ។

ចំពោះ​ប្រភព កាលបរិច្ឆេទ​កំណើត និង​កា​រវិ​វ​ឌ្ឍ​របស់​ទម្រង់​ល្ខោនពោល​ស្រី​នេះ​វិញ អ្នក​ស្រាវជ្រាវ​មិន​ទាន់​បាន​សិក្សា​ឱ្យ​ហ្មត់ចត់​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​ឃើញ​ថា ទម្រង់​នេះ​មាន​តែ​នៅ​ក្នុងស្រុក ខ្លះ​ៗ​នៃ​ខេត្តកណ្តាល ដូច​ជា​ស្រុក​កៀនស្វាយ និង​ស្រុក​ខ្សាច់កណ្តាល​ប៉ុណ្ណោះ ហើយ​បើ​តាម​ព័ត៌មាន ខ្លះ​ៗ​ដែល​បាន​ទទួល​រួច​មក​ហើយ​នោះ​នាំ​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​មានគំនិត​ជា​បណ្តោះអាសន្ន​ថា ល្ខោនពោល​ស្រី​នេះ គឺជា​«​កូនបង្កើត​របស់​ល្ខោន​ព្រះរាជ​ទ្រព្យ​» ។

ក​-​អាច​កើត​មាន​ឡើង​ក្នុង​សម័យ​លង្វែក ពិសេស​ក្នុង​រជ្ជកាល​ព្រះ​បរម​ខ​ត្តិ​យាម​ហា​ចន្ទ​រាជា (១៥១៦-១៥៦៦) ព្រោះ​ឯកសារ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ព្រះ​អង្គជា​ព្រះមហាក្សត្រ​ប្រកបដោយ​កិត្យានុភាព និង​មាន​ព្រះ​កិត្តិយស​ក្រអូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា ។ ព្រះ​អង្គ​ទ្រង់​រាជ្យ​ប្រកបដោយ​ទសពិធ​រាជធម៌ ព្រះ​អង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់អ្នក​ប្រាជ្ញ​រាជបណ្ឌិត​ទាំង​ខាង​ផ្លូវលោក ទាំង​ខាង​ផ្លូវធម៌ ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ព្រមទាំង​គម្ពីរ ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់​ទុកជា​គ្រឹះ​ព្រះ​នគរ ហើយ​ទ្រង់​បាន​លើកតម្កើង​ការ​កសាង​វប្បធម៌​ជាតិ មាន​ចាត់​ឱ្យ​ហាត់​ល្ខោន​ប្រុស ល្ខោន​ស្រី​ចម្រៀង តូរ្យតន្ត្រី​សព្វ​បែប​យា​៉​ង​សម្រាប់​ជា​ព្រះ​ឥស្សរិយយស​ជាដើម​ផង​… ។

ខ​-​ឬ​មួយ​ល្ខោនពោល​ស្រី​នេះ អាច​កើត​មាននៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ (១៦០៣-១៦១៨) ដែល​ទ្រង់​សោយរាជ្យ​នៅ​រាជវាំង​កោះ​ស្វា​កែ​ត (​សព្វថ្ងៃ​ហៅ​កោះន​រា​) ស្រុក​ព្រៃ​ល្វា​ផ្អែម គឺ​ស្រុក​ល្វាឯម ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​កៀនស្វាយ ក្នុង​ខេត្តកណ្តាល ដែល​មាន​ក្រុម​សិល្បៈ​ល្ខោនពោល​ស្រី​សព្វថ្ងៃ​នេះឯង ។

ឯកសារ​ខ្លះ​បាន​រៀបរាប់​បញ្ជាក់​ថា សម្តេច​ព្រះរាជ​ឱង្ការព្រះ​ស្រី​សុរិយោ​ពណ៌​បរម​រាជា ជា​ព្រះមហាក្សត្រ​សឹក​មួយ​អង្គ​ដ៏​អង់អាច​ក្លាហាន​។ ព្រះ​អង្គ​មាន​មេទ័ព​ដ៏​ខ្លាំងពូកែ គឺ​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ដែល​ជា​សិស្ស​ជំនិត​របស់​លោក​។ ព្រះ​អង្គ​ទ្រង់​សោយរាជ្យ​គ្រប់គ្រង​រាស្ត្រប្រជា​ដោយ​យុត្តិធម៌ ហើយ​រៀបចំ​ប្រទេស​ជាតិ​ឱ្យ​បាន​សុខ​សន្តិភាព និង​រីក​ចម្រើន ។

គ​-​បើ​មិន​ដូច្នោះ​ទេ ទម្រង់​ល្ខោនពោល​ស្រី​នេះ អាច​កើត​មាន​ក្នុង​សម័យ​ព្រះរាជ​សម្ភារ​ពេញ​តួ (១៦២៩-១៦៣៤) ដែល​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ទ្រង់​ជក់​ព្រះ​ទ័យ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ណាស់ ហើយ​ដែល​ពី​ដំបូង​ទ្រង់​គង់នៅ​រាជធានី​ឧដុង្គ រួច​ព្រះ​អង្គ​ទ្រង់​យាង​ចេញពី​រាជធានី​ឧដុង្គ​នេះ ទៅ​គង់នៅ​វាំ​កោះ​ឃ្លោក (​សព្វថ្ងៃ​ហៅ​កោះ​ឧក​ញា​៉​តី ស្រុក​ខ្សាច់កណ្តាល​) ដើម្បី​បំពេញ​កិច្ច​ខាង​អក្សរសាស្ត្រ ដែល​ប្រហែលជា​ទ្រង់​នាំ​ទាំង​ក្រុម​សិល្បៈ​ល្ខោនពោល​ស្រី​នេះ​មក​ជាមួយ​ផង ដោយ​ទុក​កិច្ចការ​ផែនដី​ថ្វាយ​ព្រះ​ឧទ័យ ជា​ព្រះ​បិតុលា គឺ​ឪពុកមា​ងារ​ជា​ឧបរាជ​ឱ្យ​គង់នៅ​រាជធានី​ឧដុង្គ​មើល​កិច្ចការ​ជំនួស ។ ប្រហែលជា​មាន​គ្រូ​ល្ខោនពោល​ស្រី​ដែល​សល់​ពី​រាជវាំង​កោះ​ឃ្លោក​នោះ​មក ហើយ​ដែល​បន្ត​បង្រៀន​ក្រុម​ល្ខោនពោល​ស្រី​នៅ​កៀនស្វាយ ដែល​ឃើញ​មាន​វត្តមាន​រហូត​មក​ដល់​ថ្ងៃនេះ ។

ឃ​-​ឬ​ក៏​អាច​កើត​មាននៅ​ក្នុង​រាជ​ក្ស​ត្រី​អង្គ​ម៉ី (១៨៣៣-១៨៤០) ដែល​គង់នៅ​រាជវាំង កោះស្លាកែត ជិត​ស្រុក​កៀនស្វាយ ក្នុង​ខេត្តកណ្តាល​នោះ​ឯង ?
ទម្រង់​ល្ខោនពោល​ស្រី ក៏​ដូច​ជា​ទម្រង់​សិល្បៈ​ឯទៀត​ទាំងអស់​របស់​កម្ពុជា ត្រូវ​របប​ប្រល័យពូជសាសន៍ (១៩៧៥​ដល់​១៩៧៩) រំលាយ​ខ្ទេច ។

រហូត​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៩៩ គិត​ទៅ​អស់​រយៈពេល​ជិត​២០​ឆ្នាំ ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ដួល​រលំ​ទៅ ដោយ​ការ​ខំប្រឹង​ប្រែង​របស់​គ្រូ ចាស់​ៗ ដែល​សេសសល់ ភាគច្រើន​ជា​កសិករ​ក្រីក្រ​ខំ​ប្រមូល​អំបែង​បែក​ទាំងឡាយ​របស់​ល្ខោនពោល​ស្រី​មក​ផ្តុំ​គ្នា គួប​ផ្សំ​នឹង​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌ ព្រម​ដោយ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ និង​ស្មារតី​ពី​អង្គការក្រៅរដ្ឋាភិបាល​នានា​ផង ទើប​ទម្រង់​ល្ខោនពោល​ស្រី​បាន​រស់​ឡើង​នៅ​ចំពោះ​មុខ​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ៕