ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​ប្រដាល់​ល្អ​តែ​មើល តែកីឡាករ​​​​​៣​រូប​​​ថា ​ខ្លួន​មានកំណើត​ដោយ​​សារ​ប្រដាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មិន​តិច​ភាគរយ​ទេ​ដែល​រអ៊ូ និង​ថ្ងូរ​ថា ជីវិត​អ្នក​ប្រដាល់​ល្អ​តែ​មើល ។ បើ​ទោះជា​កីឡាករ​ខ្លាំង​ល្បីឈ្មោះ និង​ធ្លាប់​ឈ្នះ​ពាន​បាន​ប្រាក់កម្រៃ​រាប់​ពាន់​ដុល្លារ​ក៏​ច្រើន​តែ​លើក​ឡើង​ថា ប្រាក់​រង្វាន់​ដែល​ខ្លួន​ទទួល​បាន គឺ​បាន​ពី​ក្អែក​ចែក​តា​វ៉ៅ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​មិន​តិច​ភាគរយ​ទេ​ដែល​រអ៊ូ និង​ថ្ងូរ​ថា ជីវិត​អ្នក​ប្រដាល់​ល្អ​តែ​មើល ។ បើ​ទោះជា​កីឡាករ​ខ្លាំង​ល្បីឈ្មោះ និង​ធ្លាប់​ឈ្នះ​ពាន​បាន​ប្រាក់កម្រៃ​រាប់​ពាន់​ដុល្លារ​ក៏​ច្រើន​តែ​លើក​ឡើង​ថា ប្រាក់​រង្វាន់​ដែល​ខ្លួន​ទទួល​បាន គឺ​បាន​ពី​ក្អែក​ចែក​តា​វ៉ៅ មិន​សល់​សម្រាប់​បំពេញ​តម្រូវការ​នោះ​ទេ ។

ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​កីឡាករ​វ័យក្មេង​៣​រូប​នេះ​វិញ​បែរជា​អះអាង​ថា ខ្លួន​មានកំណើត ដោយ​សារ​ប្រដាល់ និង​ត្រូវ​គេ​ឃើញ​សន្សំ​លុយ​ដែល​បាន​ពី​ការ​ប្រដាល់ ច្នៃ​ទិញ​ដី ទិញ​ផ្ទះ​និង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន​ចូល​ប្រដាល់​ទៀត​ផង​។

ការ​កត់សម្គាល់​នេះ គឺ​បន្ទាប់​ពី​គេ​ឃើញ​អ្នក​ប្រដាល់​មិន​តិច​នាក់​ទេរ​អ៊ូ​ថា មាន​ជីវភាព ខ្វះខាត និង​រមែង​អះអាង​ថា ការ​ចាប់​អាជីព ប្រដាល់​មិនសូវ​សមប្រកប​ដូច​អាជីព​ផ្សេង ដោយ​អ្នកខ្លះ​ថា បើ​ទោះជា​តម្លៃ​នៃ​ការ​ប្រកួត បាន​ខ្ពស់​ជាង​មុន និង​ល្អ​ប្រសើរ​ជាង​មុន ក៏​កីឡាករ​ភាគច្រើន​នៅ​តែ​យល់​ថា ប្រាក់​ដែល​ទទួល​បាន​គឺ​មិន​សល់ ព្រោះ​មុន​ប្រកួត​ត្រូវ​ខ្ចីបុល​គេ​យក​មក​បំប៉ន និង​ហេតុ​ផល​ត្រូវ​ជូន​គ្រូ ជូន​អ្នក​ផ្គូផ្គង និង​ឱ្យ​អ្នក​នេះ​អ្នក​នោះ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អាជីព​ប្រដាល់​គឺ​សល់​តិចតួច ។

ក្នុង​នោះ​ហេតុផល​ឡើង​ប្រកួត​មិនសូវ​បាន​ញឹក និង​ហេតុផល​ឈឺខ្លួន​ត្រូវ​ចាយ​លុយ​មើលខ្លួន​ផង សុទ្ធតែ​ជា​មូលហេតុ​ធ្វើ​ឱ្យ​កីឡាករ​ប្រដាល់​ទាំងឡាយ មិន​អាច​រស់នៅ​បាន​សមរម្យ​ព្រោះតែ​ការ​ប្រដាល់ ។ យ៉ាងណា​ក៏​ដោយ​ក្រឡេក​ទៅ​មើល​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង​៣​រូប​នេះ​វិញ បែរជា​មាន​ប្រាក់​សម​ល្មម ក៏​ដូច​ជា​សន្សំ​សំចៃ ទិញ​បាន​ដី ផ្ទះ ក្នុង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ដែល​អាច​កែ​ច្នៃ​ជីវិត​របស់​ខ្លួន​ឱ្យ​មើលទៅ​រស់នៅ​បាន​ល្អ​មិន​ថ្ងូរ​ដូច​កីឡាករ​ទាំងឡាយ​នោះ​ផង ។ កីឡាករ​វ័យក្មេង​ទាំង​៣​នាក់​នោះ​ គឺ ៖

ទី​១-​ឈិ​ត សេរី​វណ្ណ​ថង ៖ អ្នក​ប្រដាល់​រូប​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​ស្គាល់​ប្រាក់​ពាន់​ដោយសារ​​ការ​ប្រដាល់ និង​ថា មាន​តែ​ការ​ប្រដាល់​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​លោក​រស់នៅ​បាន​សម​រម្យ បើ​ធៀប​នឹង​ស្ថានភាព​ខ្លួន​ដែល​ខ្វះ​ចំណេះដឹង​ខ្ពស់ និង​មិនដឹង​ទៅ​ធ្វើការ​អ្វី​បាន​ចំណូល​ច្រើន ។

លោក​ថា មាន​ថ្ងៃនេះ​ដោយ សារ​ប្រដាល់ ហើយ​បើ​និយាយ​ពី​ទ្រព្យសម្បត្តិ ឬ​របស់​ដែល​សន្សំ​លុយ​ពី​ប្រដាល់​ទិញ​នោះ រួម មាន​ដី​មួយ​កន្លែង​ក្បែរ​ផ្ទះ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​។ ក្រៅ​តែ​ដី​មួយ​ប្លង់​នេះ គឺ​មាន​ម៉ូតូ​ប៉ុន្មាន​គ្រឿង ទៀត​ដែរ​។

ទី​២-​ឃី​ម បូ​រ៉ា ៖ អ្នក​ប្រដាល់​រូប​នេះ​ត្រូវគេ​កត់​សម្គាល់ថា មានឱកាស​បាន​ក្លាយជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដោយសារ​តែ​ទំនាក់ទំនងនិង កេរ្តិ៍ឈ្មោះ​ជា​អ្នក​ប្រដាល់ ។ ប្អូនប្រុស​កីឡាករ ឃុន ឌី​ម៉ា រូប​នេះ ក៏​មិនធម្មតា​ដែរ ប្រាក់​វ៉ៃ បាន​មាន​ប្រពន្ធ​ទុកដាក់​បាន​ល្អ ខណៈ​ភរិយា របស់​គេ​ក៏​មាន​របរ​លក់​សាច់​ជ្រូក​បន្ទាប់បន្សំ​ទៀត ។

បូ​រ៉ា​ធ្លាប់​ប្រាប់​ថា ប្រាក់​សន្សំ​បាន​ពី ប្រដាល់​នេះ គឺ​បាន​ធ្វើ​ផ្ទះថ្ម​តម្លៃ​ខ្ទង់​២​ម៉ឺន​ដុល្លារ ឯណោះ ស្រប​ពេល​ជីវភាព​គ្រួសារ​ក៏​ធូរធារ​ល្មម​នា​ពេល​បច្ចុប្បន្ន​នេះ​។

ទី​៣-​លន បញ្ញា ៖ អ្នក​ប្រដាល់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តព្រៃវែង រូប​នេះ​ក៏​បាន​ពង្រឹង​ជីវ​ភាព​ឱ្យ​មើលទៅ​បាន​ល្អ​ផង​ដែរ បើ ទោះជា​លោក​គឺជា​ក្មេង​កំព្រា ម្ដាយ ឪពុក និង មានចំណេះ​ដឹង​មិនសូវ​ខ្ពង់ខ្ពស់ ។ លុយ​ដែល បញ្ញា​ឈ្នះ​ពី​ខ្សែក្រវាត់​៣​គ្រឿង​កន្លង​ទៅ​នេះ ត្រូវ​គេ​ឃើញ​សន្សំ​​យក​ទៅ​ទិញ​ដី​ឡូត៍​បាន​២​ប្លង់ តម្លៃ​ខ្ទង់​២​ម៉ឺន​ដុល្លារ ថ្វី​ដ្បិតតែ​លោក​បង់​រួច​ខ្លះ និង​រំលស់​ខ្លះ​ក្ដី ។ ក្រៅពី​នេះ កូនសិស្សលោក ធន់ សុភា រូប​នេះ ឈ្នះ​ម៉ូតូ​បាន​ឲ្យ​ប្អូន និង​ទិញ ម៉ូតូ ក៏​ដូច​ជា​របស់​មាន​តម្លៃ​មួយ​ចំនួន​ទៀត​សម្រាប់​ខ្លួនឯង​ផង​ដែរ​។

គួរ​រំលឹក​ថា បច្ចុប្បន្ន កីឡាករ​លន បញ្ញា មាន​ខ្សែក្រវាត់​៣​គ្រឿង គឺ​ខ្សែក្រវាត់ Wurk នៅ​អាស៊ី​អាគ្នេយ៍ ខ្សែក្រវាត់​ប្រាក់ ISI នៅ PNN និង​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​នៅ CNC ។ ខ្សែក្រវាត់​ទាំង​៣​គ្រឿង​នេះ គឺ​លោក ធន់ សុភា តែងតែ​ទៅ​ឲ្យ​ទឹក​ផ្ទាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ