ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​លក់​ទឹក​ត្នោត​ជូរ​រៀប​រាប់​ពីមុខ​​របរ​បច្ចុប្បន្ន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ទឹកត្នោតជូរ​មួយ​កន្លែង​ ស្ថិត​នៅ​ជិត​របង​សាកលវិទ្យាល័យ​ភូមិ​កន្ទ​កសិកម្ម​ចំការ​ដូង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​អ្នក​ដែល​និយម​ផឹក​បាន​អួត​ប្រាប់ត​ៗ​គ្នា​ថា សុទ្ធ​ល្អ​និង​មានឱជារស​ឆ្ងាញ់…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ទឹកត្នោតជូរ​មួយ​កន្លែង​ ស្ថិត​នៅ​ជិត​របង​សាកលវិទ្យាល័យ​ភូមិ​កន្ទ​កសិកម្ម​ចំការ​ដូង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​អ្នក​ដែល​និយម​ផឹក​បាន​អួត​ប្រាប់ត​ៗ​គ្នា​ថា សុទ្ធ​ល្អ​និង​មានឱជារស​ឆ្ងាញ់ គួប​ផ្សំ​នឹង​គ្រឿងក្លែម​បែប​ធម្មជាតិ ច្រើន​មុខ​ថែម​ទៀត​ផង ។

តាម​កត់សម្គាល់ ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ចូល​ទៅ​អង្គុយ​ផឹក​នៅ​ក្នុង​រោង​កន្លែង​លក់​ដោយ​ផ្ទាល់ គ្រាន់តែ​មាន​រនាំង​បិទ​បាំង​តិចតួច​កុំឱ្យ​នៅ​កណ្តាលវាល​ពេក ។ អ្នកខ្លះ​ទៀត​ទៅ​ទិញ​ច្រក​ដប​យក​ទៅ​ផ្ទះ​ជា​ហូរហែ​ថែម​ទៀត​ផង ។ នៅ​ទីនោះ​មាន​ចាក់ បទ​ចម្រៀង​កំដរ​តាម​ស្ពី​ក​ឃ័​រ តែបើ​ភ្ញៀវ​ចង់​ច្រៀង​លេង​ក៏​អាច​ច្រៀង​កំសាន្ត​លេង​ឆ្លើយឆ្លង​សប្បាយ​ជាមួយ​នារី​អ្នកលក់​ទឹកត្នោតជូរ​នៅ​ទីនោះ​ឬ​ច្រៀង​ជាមួយ​ដៃគូ​ដែល​ទៅ​ជាមួយ​គ្នា​បាន​ផង​ដែរ ។

អ្នកលក់​ទឹកត្នោតជូរ​ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា គាត់​ជា​អ្នក​រស់នៅ​ក្នុង​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម មានមុខ​បរ​ធ្វើស្រែ​និង​ឡើងត្នោត ហើយ​ពួក​គាត់​បាន​ចាប់​យកមុខ​របរ​ឡើងត្នោត​ធ្វើ​ជា​មុខរបរ​អាជីព​សម្រាប់​ចិញ្ចឹមជីវិត​ពួក​គាត់​តែ​ម្ដង ។ ពួក​គាត់​និយាយ​ថា​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ប្រកប​របរ​ឡើងត្នោត​ផលិត​ជា​ទឹកត្នោតជូរ​លក់​នៅ​ក្នុង​ខណ្ឌដង្កោ​រយៈពេល​១២​ឆ្នាំ​កន្លង​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ហើយ​ចុង​ក្រោយ​បាន​ជួល​ដី​គេ​ធ្វើ​កន្លែង​លក់​នៅ​ជិត​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​នេះ ។

គាត់​បាន​បញ្ជាក់​ថា ចំពោះ​ទឹកត្នោតជូរ​ដែល​គាត់​លក់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​បាន​ផលិត​ចេញពី​ទឹកត្នោត​សុទ្ធ​មួយ​រយ​ភាគរយ​ដែល​គាត់​ឡើង​វា​យក​ទឹក​ដោយ​ផ្ទាល់ ។ មេ​ដែល​យក​មក​ផលិត​ទឹកត្នោតជូរ​នោះ​គឺ​មាន​តែ​ឈើ​កកោះ​១​មុខ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ពុំ​មានការ​ក្លែងបន្លំ​ដូច​ជា​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា ទឹកត្នោតជូរ​ផលិត​ចេញពី​ទឹកបាយ ទឹក​លាយ​ស្ករ និង​ប្រើ​មេ​តំ​ប៉ែ ឬ​ពី​របស់​ផ្សេង​ៗ​ទៀត​នោះ​ឡើយ គឺ​បំបៅ​នៅ​លើ​ដើម ។

អ្នក​ផលិត​ថា និយាយ​រួម​គាត់​គ្មាន​គំនិតអាក្រក់​បែប​នេះ​ទេ គឺ​មាន​តិច​លក់​តាម​តិច​និង​មាន​ច្រើន​លក់​តាម​ច្រើន ។ ប៉ុន្តែ​បើ​និយាយ​ពី​ទឹកត្នោត​ដែល​គាត់​ឡើង​រាល់ថ្ងៃ​មាន​ចំនួន​គ្រប់គ្រាន់​ដែល​ពេល​ខ្លះ​លក់​អត់​ទាំងអស់​ផង​ទេ ពេល​សល់​គាត់​បាន​យក​វា​ទៅ​ច្នៃ​ធ្វើ​ជា​ទឹកខ្មេះ​ថែម​ទៀត​ផង ព្រោះ​ក្នុង​១​ថ្ងៃ​គាត់​ឡើងត្នោត​២​ដង គឺ​ពេល​ព្រឹក​១​ដង និង​ពេល​ល្ងាច​១​ដង ដែល​អាច​ផ្គត់ផ្គង់​សម្រាប់​លក់​ជូន​អតិថិជន​មិន​ឲ្យ​ខ្វះខាត​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្ញៀវ​ដែល​និយម​ទៅ​ពិសា​ទឹកត្នោតជូរ​កន្លែង​គាត់​មិន​ដែល​មាន​បញ្ហា​ធ្វី​ឡើយ រយៈពេល​១២​ឆ្នាំ​កន្លង​មកនេះ​ប្រសិនបើ​មាន​បញ្ហា​ក៏​គ្មាន​ភ្ញៀវ​ឬ​អាច​ហៅ​បាន​ថា​ជា​ម៉ូយ​ទៅ​ហូប​កន្លែង​គាត់​នោះ​ដែរ ។ ចំពោះ​តម្លៃ​ទឹកត្នោតជូរ​វិញ ក្នុង​១​លី​ត្រ​ថ្លៃ​២​ពាន់​រៀល ឬ​១​ថូ​ជ័រ​ថ្លៃ​៣​ពាន់​រៀល​ប៉ុណ្ណោះ ។ ចំណែក​គ្រឿងក្លែម ដែល​ភ្ញៀវ​និយម​ចូល​ចិត្ត​រាល់ថ្ងៃ​នោះ​មាន​ដូច​ជា ត្រី​ឆ្លូញ​ប្រឡាក់​ចៀន ត្រីឆ្អើរ កំពឹស​លីង កំពឹស​ភ្លា ឆា​ក្ដៅ​អន្ទង់​និង​កង្កែប ជាដើម នេះ​ជា​ម្ហូប​បែប​ធម្មជាតិ ។ ចំណែក​អ្នកខ្លះ​ទៀត ចូល​ចិត្ត​ក្លែម​ជាមួយ​ឆា​សាច់​គោ​កញ្ឆែត ភ្លាសាច់គោ ឆា​សាច់​គោត្រ​កួន និង​ងៀត​បបែល​ជាដើម។

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ខែ​ត្នោត​សម្បូរ​ផ្កា​ដូច​ជា​នៅ​ខែប្រាំង​ជាដើម​គាត់​ឡើង​ចាប់ពី​១៥​ដើម​ឡើង​ទៅ ព្រោះ​នៅ​ខែប្រាំង​តម្រូវ​ឲ្យ​គាត់​ផលិត​ទឹកត្នោតជូរ​ឲ្យ​បាន​ច្រើន​ដោយសារ​តែ​មាន​អ្នក​ចូល​ទៅ​ពិសា​និង​ទិញ​យក​ទៅ​ផ្ទះ​ច្រើន​ដែល​ក្នុង​១​ថ្ងៃ​អាច​អស់​ជាង​១០០​លី​ត្រ​ក៏​មាន​ដែរ ។ ប៉ុន្តែ​បើ​នៅ​រដូវវស្សា​ធ្លាក់​ភ្លៀង​វិញ​នោះ ឡើង​យ៉ាងច្រើន​ត្រឹមតែ​១០​ដើម​ប៉ុណ្ណោះ ព្រោះ​រដូវ​នេះ​ត្នោត​ក៏​មិនសូវ​មាន​ផ្កា​ប៉ុន្មាន​ទេ ហើយ​ឡើង​ប៉ុណ្ណឹង​ដើម​យក​មក​ផលិត​ជា​ទឹកត្នោតជូរ ជួនកាល​ថ្ងៃ​ខ្លះ​លក់​អត់​អស់​ផង ព្រោះ​ពុំ​សូវ​មាន​អ្នក​ចូល​ទៅ​ផឹក​ដែរ ព្រោះ​រំខាន​ដោយ​ភ្លៀង ។

ចំណែក​គាត់​ដែល​ជា​អ្នក​ឡើង​ក៏​ជួប​ការ​លំបាក​ខណៈ​មេឃ​ភ្លៀង​គឺ​រអិល​ផង ភ័យ​ខ្លាច​ជាមួយ​ផ្លេកបន្ទោរ ផ្គរ​រន្ទះ​ផង មិន​អាច​ឡើង​កើត​ទេ ម្យ៉ាង​ទឹកត្នោត​ក៏​មិនសូវ​ជា​សុទ្ធ​ដែរ​ត្រូវ​ទឹកភ្លៀង​ហូរ​ចូល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា​ផង​និង​ធ្វើ​ឲ្យ​អ្នក​ពិសា​អស់​ទំនុក ចិត្ត​ផង​ដែរ ជួនកាល​សាប ។ អ្នកលក់​ដដែល​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ត្នោត​ដែល​គាត់​ឡើង​សព្វ​ថ្ងៃមួយ​ចំនួន​នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ។ ដោយឡែក​ទឹកត្នោត​ដែល​លក់​អត់​អស់​គាត់​បាន​ផលិត​វា​ឲ្យ​ទៅ​ជា​ទឹកខ្មេះ​និង​លក់​ក្នុង​១​លី​ត្រ​៣​ពាន់​រៀល ហើយ​មាន​ប៉ុន្មាន​លី​ត្រ​ក៏​អស់​ដែរ ដោយ​មាន​ឈ្មួញ​ទៅ​ប្រមូល​ទិញ​យក​ដល់​កន្លែង ។

គាត់​បាន​កម្រៃ​ពី​ការ​លក់​ទឹកត្នោតជូរ​និង​ទឹកខ្មេះ​នេះ ទៅ​ចំណាយ​លើ​ថ្លៃ​ជួល​ដី​សង់រោង​លក់​ក្នុង​១​ខែ​៧០​ដុល្លារ និង​ចំណាយ​ប្រមាណ​ពី​៥០​ដុល្លារ​ទៅ​៧០​ដុល្លារ​ទៀត សម្រាប់​ថ្លៃ​ទឹក​និង​ភ្លើង​ប្រចាំខែ ។ ក្រៅពី​នេះ​ចំណាយ​ទៅ​លើ​កូន​រៀន​និង​ការ​ចាយវាយ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​នៅ​ខែប្រាំង​វិញ​ការ​ចំណាយ​ប៉ុណ្ណឹង​ពុំ​មាន​អ្វី​ត្រូវ​លំបាក​ទេ ព្រោះ​លក់​ទឹកត្នោតជូរ​ដាច់​រក​ប្រាក់​បាន​ច្រើន​គួរសម បើ​ចូល​មក​ដល់​ខែវស្សា​ធ្លាក់​ភ្លៀង​រហូត​ទៀត អាច​ជួប​ការ​លំបាក​បន្តិច ។ គាត់​ថាបើ​ទោះជា​លំបាក​យ៉ាងណា​ក៏​មិន​អាច​ឲ្យ​គាត់​បោះបង់​មុខរបរ​ឡើងត្នោត​លក់​ទឹកត្នោតជូរ​នេះ​ឡើយ ព្រោះ​ជា​មុខរបរ​ប្រចាំជីវិត​របស់​ពួក​គាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ