ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សម្រុក​ប្រមូល​​ដំឡូង​មី​ទៅ​លក់ ទោះ​មិន​ទាន់​ដល់​ពេល​ប្រមូល​ក៏​ដោយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ជួល​ក្រុម​កម្មករ​ឱ្យ​ចូល​ទៅ​សម្រុក​ប្រមូល​ផល​មើមដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ចំនួន​២​ហិ​កតា​យ៉ាង​សស្រាក់សស្រាំ បើ​ទោះបីជា​មិន​ទាន់​គ្រប់​ខែ ត្រូវ​ប្រមូល​ផល​ក៏​ដោយ ខណៈ​ពេល​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​រៀងរាល់ថ្ងៃ ខ្លាចក្រែង​រលួយ​មើម​អស់ ទើប​នាំ​គ្នា​ដក​លក់ ។ ជាក់ស្តែង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក…

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ជួល​ក្រុម​កម្មករ​ឱ្យ​ចូល​ទៅ​សម្រុក​ប្រមូល​ផល​មើមដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ចំនួន​២​ហិ​កតា​យ៉ាង​សស្រាក់សស្រាំ បើ​ទោះបីជា​មិន​ទាន់​គ្រប់​ខែ ត្រូវ​ប្រមូល​ផល​ក៏​ដោយ ខណៈ​ពេល​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​រៀងរាល់ថ្ងៃ ខ្លាចក្រែង​រលួយ​មើម​អស់ ទើប​នាំ​គ្នា​ដក​លក់ ។

ជាក់ស្តែង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​កសិករ​ម្នាក់ ឈ្មោះ វួ​ច ធី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំដំឡូង​មី​ចំនួន​២​ហិ​កតា​នៅ​លើ​ដីចម្ការ​របស់​ខ្លួន កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ ។

កសិករ​រូប​នេះ​បន្ត​ថា ប៉ុន្តែ​ចាប់តាំងពី​ដាំដំឡូង​មី​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ រហូត​មក​ដល់​ពេល​ប្រមូល​ផល​នេះ គឺ​មិន​ទាន់​គ្រប់​អាយុ​នោះ​ទេ ពោល​គឺ​មិន​ទាន់​ដល់​ពេល​ត្រូវ​ដក​ដំឡូង​មី​នៅ​ឡើយ ព្រោះ​ទើបតែ​បាន​រយៈពេល​៧​ទៅ​៨​ខែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​សង្កេត​ឃើញ​មេឃ​ចេះ​តែ​បង្អុរ​ធ្លាក់​ភ្លៀង​ជោកជាំ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​ដី​ក្នុង​ចម្ការ​ជាំ​ទឹក​ត្រង់​កន្លែង​ដី​ទំនាប ធ្វើ​ឱ្យ​មើមដំឡូង​មី​របស់​គាត់​ក្លាយទៅជា​ស្អុយរលួយ​ត្រង់​ដី​ទំនាប ហើយ​ដី​ទួល​នៅ​សើម​ផង​ដែរ ។

កសិករ​រូប​នេះ​បន្ត​ទៀត​ថា ដូច្នេះ​បើសិនជា​គាត់​នៅ​ដំអក់​យូរ​បន្តិចទៀត អាច​នឹង​រលួយ​ទាំងអស់​ជាក់​ជា​មិន​ខាន ទោះបីជា​ដំឡូង​មី​មិន​ទាន់​គ្រប់​អាយុ​១​ឆ្នាំ​ដែល​ត្រូវ​ប្រមូល​ផល​ក្តី ក៏​គាត់​នៅ​តែ​ព្យាយាម​ជួល​កម្មករ​ប្រមូល​ផល​លក់ ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​យក​ទៅ​សងបំណុល​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ ផលដំណាំ​ដំឡូង​មី​របស់​គាត់ មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ដោយសារ​តែ​គ្រោះ​ធម្មជាតិ មើលទៅ​មិន​បាន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ជួល​កម្មករ​ប្រមូល​ផល​ឡើងថ្លៃ ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​នៅ​ស្តង់​ដំឡូង​មី​ថែម​ទៀត ។

កសិករ​ខាងលើ​បញ្ជាក់​ថា ទីផ្សារ​មើមដំឡូង​មី​បច្ចុប្បន្ន គឺ​នៅ​តាម​ស្តង់​ក្បែរ​ៗ​ចម្ការ​របស់​គាត់ ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​២​បាត (​ប្រាក់​ថៃ​) ដែល​គិត​ទៅ​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ខែ​មុន​បន្តិច ។ ចំណែក​ចម្ការ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផ្សេង​ៗ​ទៀត ក៏​កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ស្ទើរតែ​អស់រលីង​ទៅ​ហើយ ដោយ​ម្នាក់​ៗ​នៅ​ឆ្នាំ​២០២០​នេះ មានការ​លំបាក​ចិត្ត​យ៉ាង​ខ្លាំង អ្នកខ្លះ​ខ្ចី​លុយ​ធនាគារ និង​នាយទុន​យក​ទៅ​ធ្វើ​ចម្ការ ដោយ​សង្ឃឹមថា នៅ​ចុងឆ្នាំ​២០២០​នេះ អាច​ទទួល​បាន​ផល លក់​សង​បំ​ណ​ល់​ជំពាក់​គេ ស្រាប់តែ​មានរឿង​គ្រោះ​ធម្មជាតិ​កើតឡើង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ