រាជធានីភ្នំពេញ ៖ ក្នុងសម្លៀកបំពាក់ខោខ្លី អាវយឺតធំជាងខ្លួន គ្មានស្បែកជើក ហើយជិះកង់ដ៏កញ្ចាស់មួយគ្រឿងពីកុមារាម្នាក់ដែលបានមកចូលរួមប្រកួតប្រណាំងកង់ក្នុងកម្មវិធី Cambodia MTB Series 2020 ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៨ វិច្ឆិកាក ន្លងទៅ នៅទីលានប្រណាំងកង់សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក កឹម សុវណ្ណា ជាអ្នកថតរូបអាជីពម្នាក់បានឲ្យដឹងថា ក្នុងកម្មវិធីប្រណាំងកង់នេះ លោកបានថតរូបកីឡាករដែលបានចូលរួមជាច្រើន គ្រាន់តែរូបភាពរបស់កុមារាម្នាក់ដែលពាក់ស្លាកលេខ២៦១ គឺទទួលបានការគាំទ្រ និងមានការលើកទឹកចិត្តជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយរូបភាពនេះសបញ្ជាក់ឲ្យឃើញថា មនុស្សដែលមានឆន្ទះអាចប្រើប្រាស់មធ្យោបាយដែលខ្លួនមានសាងប្រវត្តិសាស្ត្រថ្មី ។
លោកសុវណ្ណា បានឲ្យដឹងទៀតថា មានកុមារជាច្រើននាក់ទៀត ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយជិះកញ្ចាស់ដូចកុមារាខាងលើផងដែរ ។ ទោះបីជាបែបណា កុមារារូបនេះ មិនបានជាប់ជ័យលាភីនោះទេ ។
គួរបញ្ជាក់ថា ក្មេងប្រុសដែលជិះកង់កញ្ចាស់ចូលរួមប្រកួត ពេលនេះ រូបគេទទួលបានកង់ថ្មីមួយគ្រឿងពីសំណាក់សប្បុរសជនហើយ ហើយសង្ឃឹមថា កុមារាផ្សេងទៀតដែលមិនទាន់មានកង់ថ្មី នឹងទទួលបានកង់ពីសប្បុរសជនផងដែរ ៕