ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ប្រកួត​វគ្គ​ជម្រុះតាម​ពូល​​ក្រប​ខណ្ឌ​ឆា​លេន​ខាប់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិកម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ក្រប​ខណ្ឌ​ឆា​លេន​ខាប់​នៅ​ប្រទេស​ម៉ាល់​ឌីវ​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ មីនា កន្លង​មក​នេះ​។ ក្រុម​បាល់​ទាត់ជម្រើស​​ជាតិ​កម្ពុជា​​បាន​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​​តំបន់ ​ដែល​ជួប​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ចិន​ម៉ាកាវ​កាល​ពី​ពេល​ថ្មីៗ​​កន្លង​មក​នេះ​ប្រកួត​​ក្នុង​ទឹក​ដី​​ឈ្នះ​ម៉ាកាវ​ ៣-១ ​និង​ប្រកួត​ក្រៅ​ទឹក​ដី​ចាញ់​ក្រុម​ម៉ា​កាវ​៣-២ វិញ​។ សរុប​ពិន្ទុ​​ការ​ប្រកួត​ទាំង២​ជើង​នេះក្រុម​​កម្ពុជា​បាន​ឈ្នះក្រុម​ម៉ា​កាវ​៥-៤។ ដូច្នេះ​ក្រុម​បាល់​ទាត់​កម្ពុជា​មាន​ឱកាស​បាន​ទៅ​ប្រកួតជម្រុះ​តាម​ពូល​ជា​បន្ត​ទៀត​ដែល​កម្ពុជា​ស្ថិត​នៅ​ពូល​C មាន​​កម្ពុជា​ ​ម៉ាល់​ឌីវ​ តាហ្ស៊ី​​គី​ស្ថាន​ និងកៀ​ហ្ស៊ី​ស៊ីស្ថាន​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​នោះ​ គឺ​ក្រុមជ​​ម្រើស​ជាតិ​កម្ពុជា​​បាន​បាត់​បង់​​កីឡា​ករ​ល្អ​៣​រូប​មាន​ដូច​ជា​ខ្សែ​ប្រយុទ្ធ​ឃឹម បូរី, កែវ សុខ​ងន និង​ស្រី​វាសនា​ ដែល​ខ្សែ​ប្រយុទ្ធ​សំខាន់​ទាំង​៣​រូប​នេះ​បាន​ទៅ​លេង​ឱ្យ​ក្រុម​បាល់​ទាត់​ធំៗ​របស់​ថៃ​អស់​​ទៅ​ហើយ​។

លោក​វ៉ាន់ លី ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើស​​​ជាតិកម្ពុជា​បាន​ប្រាប់​ថា ការ​ប្រកួត​ជើង​ទី​១​​ក្រុម​កម្ពុជា​ ជួបក្រុម​​ម៉ាល់​ឌីវ ដែល​ជា​ម្ចាស់​ផ្ទះ​ ហើយ​ក៏​ជា​គូប្រកួត​ដែល​ធ្លាប់​ប៉ះ​គ្នា​២​លើក​​រួច​មក​ហើយ​​ដែរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ដែល​​កាល​ណោះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិ​ការណ៍​ឆា​លេន​ខាប់​ដូច​គ្នា​ដោយ​ក្រុម​កម្ពុជា​មាន​​ឱកាស​រក​បាន​១-១​ស្មើ​។ ពេល​ប្រកួត​នៅ​ម៉ាល់​ឌីវ​ ក្រុម​កម្ពុជា​​ចាញ់ ៦-០ ធ្វើ​ឱ្យ​ត្រូវ​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​តាម​ពូល​​ទាល់​តែ​បាន​។ ការ​ជួប​ក្រុម​ម៉ាល់​ឌីវ ​យប់​ថ្ងៃ​ទី​២១ មីនា ​លើក​នេះ​ លោក Tae Hoonlee គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េ​ប្រាប់​ថា មាន​ជំនឿ​ចិត្ត​ឈ្នះ​ច្រើន​ជាង​ចាញ់​ ។ ប៉ុន្តែ​ការ​មក​ប៉ះ​ក្រុម​តាហ្ស៊ី​​គី​ស្ថាន​ដែល​ជា​ម្ចាស់​ជើង​​ឯក​ឆា​លេន​ខាប់​ឆ្នាំ​២០០៦ ទំនង​ជា​លំបាក​​បន្តិច​ហើយ​ ព្រោះ​ថា ក្រុម​អតីត​​ជើង​ឯក​មួយ​នេះ​គេ​មាន​មាឌ​ធំ​ជាង​ ហើយ​ខ្ពស់​ជាង​ទៀត​។

ក្រុម​បាល់​ទាត់​​ជំរើស​ជាតិ​កម្ពុជា​​​ជួបក្រុម​​តា​ហ្ស៊ី​​គី​ស្ថាន​ថ្ងៃ​ទី​២៣ មីនា ហើយនៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ក្រុម​កម្ពុជា​ជួបក្រុម​កៀ​ហ្ស៊ី​ស៊ីស្ថាន​។ ក្រុម​២​នេះ​ធ្លាប់​ជួប​គ្នា​ម្ត​ង​នៅ​ក្នុង​ក្រប​ខណ្ឌ​ NEHRU CUP ប្រទេស​ឥណ្ឌា​ ហើយ​កាល​ណោះ​ក្រុម​កម្ពុជា​ធ្លាប់​ចាញ់ ៣-០​ ម្តង​មក​ហើយ។ ទោះ​ជា​យ៉ាងណា​ លោក​ Lee Hoon lee បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​លើ​ក្រុម​ជំរើស​ជាតិ​កម្ពុជា​​យ៉ាង​ខ្លាំង ព្រោះ​លោក​បានកត់​សំគាល់​លើ​ការ​ខិត​ខំ​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​​មួយ​រយៈ​មក​នេះ​បាន​ល្អ ហើយមាន​ការ​​ព្យាយាម​។ គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ FIFA រៀប​ចំ​ធ្វើ​តារាង​ចំណាត់​ថ្នាក់​តាំង​​ពី​ឆ្នាំ​១៩៩៥​មក ​ក្នុង​ចំណោម​២០៨​ ក្រុម​នៅ​លើ​ពិភព​លោក​ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៥៤​ ហើយ​ស្ថិត​នៅ​លេខ​រៀង​ទី​២៨​ក្រប​ខណ្ឌ​អាស៊ី ៕