ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់បានចុះបង្រ្កាបផ្ទះបើកលេងល្បែងស៊ីសងមួយកន្លែងស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨មីនា ដោយបានឃាត់ខ្លួនមនុស្ស១៥នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
ទាក់ទិននឹងការបង្រ្កាបនេះ លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាម បានប្រាប់កោះសន្តិភាពឱ្យដឹងថា យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី នួន សាមិន ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងដោយខុសច្បាប់របស់ឈ្មោះ អ៊ុង ប៊ុនណា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ដែលឈ្មោះនេះមិនរាងចាលនៅតែផ្គើនសមត្ថកិច្ចលួចបើកលេងល្បែងខុសច្បាប់នេះទៀត។
លោកអធិការនគរបាលក្រុងកំពង់ចាម បានប្រាប់បន្តថា មុននឹងឈានទៅបង្រ្កាបល្បែងស៊ីសងនេះរូបលោកបានទទួលសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានថា មានគេលួចបើកលេងល្បែងអាប៉ោងនិងមានមនុស្សជាច្រើននាក់នាំគ្នាអង្គុយឈ្ងោកចាក់លុយ ដោយមិនខ្លាចញញើតចំពោះសមត្ថកិច្ចឡើយ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម រូបលោកបានសុំគោលការណ៍ពីលោកស្នងការនគរបាលខេត្ត ដើម្បីមានវិធានការចុះបង្ក្រាបជាបន្ទាន់ ដោយមិនឱ្យម្ចាស់ផ្ទះដឹងខ្លួនមុនឡើយ។ សមត្ថកិច្ចរបស់លោកព័ទ្ធចាប់បានមនុស្ស១៥នាក់ ម៉ូតូ១៣គ្រឿង និងតាបប៊ីយ៉ា៦ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមសួរនាំ ។
លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាមបានបញ្ជាក់ថា កន្លងមកម្ចាស់ផ្ទះបើកលេងល្បែងស៊ីសងនេះធ្លាប់ត្រូវបានសមត្ថកិច្ចហៅមកអប់រំឱ្យបញ្ឈប់ម្តងហើយ ប៉ុន្តែម្ចាស់ផ្ទះនេះមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចឡើយ នៅតែបើកលេងទៀត ទើបរូបលោកដឹកនាំកម្លាំងក្រោមឱវាទចុះបង្រា្កបតែម្តង។ ប៉ុន្តែពេលចុះបង្ក្រាបនោះមិនឃើញមានលេងអាប៉ោងទេ ឃើញតែតាបប៊ីយ៉ា សមត្ថកិច្ចក៏បានរឹបអូសយកទាំងអស់ ព្រោះមានលេងភ្នាល់ដាក់លុយ ពិសេសធ្វើឱ្យសិស្សគេចសាលាមកសំងំលេងបុកប៊ីយ៉ានេះ។
គួររំលឹកថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧មីនា ឆ្នាំ២០១១ ផ្ទះបើកល្បែងនេះត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយលោក មួង សារិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះបង្ក្រាប ដោយចាប់បានអ្នកញៀនល្បែងអាប៉ោងចំនួន៨នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ប៉ុន្តែទោះបីជាមានការពិន័យជាប្រាក់តាមផ្លូវច្បាប់យ៉ាងណាក្តី ក៏ម្ចាស់ផ្ទះនេះមិនរាងចាលទេ ពេលត្រឡប់មកវិញនៅតែលួចបើកលេងបន្តទៀត ទើបសមត្ថកិច្ចចុះបង្រ្កាបតែម្តង៕
ចែករំលែកព័តមាននេះ