ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត​មនុស្ស​217​នាក់​នៅ​ក្រុង Palmyre ស៊ី​រី​ដែល​ទើប​វាយ​យក​បាន

8 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​នោះ អះអាង​កាលពី​ថ្ងៃ​ទី​២៤ ឧសភា ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​២១៧​នាក់ ក្នុង​នោះ​រួម​មាន​ជន​ស៊ី​វិល

អង្គការសិទ្ធិមនុស្ស​ស៊ី​រី  ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​នោះ អះអាង​កាលពី​ថ្ងៃ​ទី​២៤ ឧសភា ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​២១៧​នាក់ ក្នុង​នោះ​រួម​មាន​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​ផង ចាប់តាំងពី​ក្រុម​នេះ​ដណ្តើម​ត្រួតត្រា​ផ្នែក​មួយ​នៃ​ខេត្ត​ហូ​ម ស៊ី​រី ដែល​រួម​មាន​ទីក្រុង​បុរាណ Palmyre ផង កាលពី​៩​ថ្ងៃមុន នេះ​មក ។

OSDH និយាយ​ថា ខ្លួន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ពី​ការ​ប្រហារជីវិត​ជន​ស៊ី​វិល​៦៧​នាក់ ក្នុង​នោះ​មាន​កុមារ​ៗ​ផង ព្រមទាំង​សមាជិក​កងកម្លាំង​ស៊ី​រី​១៥០​នាក់ ដោយ​ពួក​ជី​ហា​ដ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ខេត្ត​ហូ​ម ចាប់តាំងពី​ថ្ងៃ​ទី​១៦ ឧសភា មក ។

OSDH គូសបញ្ជាក់​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រហារជីវិត​ជន​ស៊ី​វិល​៦៧​នាក់ ក្នុង​នោះ​មាន​កុមារ​១៤​នាក់ និង​នារី​១២​នាក់ នៅ Soukhna Amiriya នៅ​ជុំវិញ​បណ្តា​បន្ទាយ​ទាហាន​ព្រមទាំង​នៅ​ទីក្រុង Palmyre ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​ប្រហារជីវិត​សមាជិក​កងកម្លាំង​សន្តិសុខ និង​សមាជិក​កងជីវពល​នៃ​របប​ក្រុង​ដា​ម៉ាស់ ជាង​១៥០​នាក់ ។

យោង​តាម​នាយក​របស់ OSDH លោក រ៉ា​មី អាប់​ដែល​រ៉ា​ហ៍ ម៉ា​ន់ ថា បណ្តា​គ្រួសារ​ទាំងមូល​ត្រូវ​ប្រហារជីវិត ក្នុង​នោះ​មាន​ពួក​កូន​ៗ និង​ឪពុក​ម្តាយ​ពួក​គេ ។ ការ​ប្រហារជីវិត​មនុស្ស​ភាគច្រើន​នៅ​ក្រុង Palmyre ។ ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាញ់​សម្លាប់ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​កាត់​ក្បាល ឬ​ចាក់​សម្លាប់​ដោយ​កាំបិត ។

OSDH ផ្តល់​តុល្យការ​នេះ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​សារព័ត៌មាន​ផ្លូវការ​ស៊ីរី​អះអាង​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រព្រឹត្ត​ការ​សម្លាប់​រង្គាល​នៅ​ក្រុង Palmyre ដោយ​សម្លាប់​ជន​ស៊ី​វិល​ប្រមាណ​ជា​៤០០​នាក់ ភាគច្រើន​ជានា​រី និង​កុមារ ។

OSDH និយាយ​ថា មនុស្ស​៦០០​នាក់ ក្នុង​នោះ​មាន​ពួក​ទាហាន ពួក​ជីវពល​ស្និ​ទ្ន​រដ្ឋាភិបាល និង​បណ្តាជន​ស៊ី​វិល​ដែល​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​របប​ស៊ី​រី ត្រូវ​ចាប់​ជា​ឈ្លើយសឹក ហើយ​មនុស្ស​ទាំងនោះ​ពិត​ណាស់​នឹង​ត្រូវ​ក្រុម​សាហាវ​នេះ​សម្លាប់​ចោល ៕