ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង​ថៃ​រៀប​ស៊ី ឡុ​ង សុវណ្ណ​ឌឿ​ន និង ឡៅ ស៊ី​ណាត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ស​ប្ដា​ហ៍​មក​ហើយ​ដែល​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​កត់​សម្គាល់ថា ភាគី​ខាង​ថៃ​ជា​អ្នកមាន​ប្រៀប​ជាប់​រហូត ។

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ស​ប្ដា​ហ៍​មក​ហើយ​ដែល​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​កត់​សម្គាល់ថា ភាគី​ខាង​ថៃ​ជា​អ្នកមាន​ប្រៀប​ជាប់​រហូត ។ នោះ​គឺ​បន្ទាប់​ពី​អ្នក​បញ្ជូន​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​មាន​បំណង​រៀប​ឲ្យ​ថៃ​ស៊ីជើង​ខ្លាំង​កម្ពុជា​ផ្ទួន​ៗ ។ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ ក៏​មានការ​ទម្លាយ​ចេញ​បែប​ហ្នឹង​ដែរ បើ​ទោះជា ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ជ្រក​ក្នុង​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ​ឡៅ ស៊ី​ណាត មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ប្រកាស​ថា មិន​ខ្លាច​ក្តី ។

មនុស្ស​កាន់តែ​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ស្រពេចស្រពិល​ចំពោះ​សំណាង​របស់​កីឡាករ​កម្ពុជា បន្ទាប់​ពី​លោក​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ ស្រាប់តែ​ប្ដូរ​យុទ្ធសាស្ត្រ​យក​តែ​កីឡាករ​ថៃ​ដែល​មាន​សមត្ថ​ភាពល្អ​ឲ្យ​ឡើង​មក​ស៊ី​កីឡាករ​កម្ពុជា​ផុយ​ៗ​បែប​នេះ ។ ក្នុង​រង្វង់​២​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​ដែល​ធ្លាប់តែ​មាន​អំនួត​ក្រោយ​ពេល​ប្រកួត​បាន​ក្លាយជា​អ្នក​ចាញ់​មិន​គួរ​ឲ្យ​ជឿ ដោយ​សូ​ម្បី​តែ​អ្នក​ទាំងនោះ សុទ្ធតែ​ឡើង​កូដ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​ក្តី ។ ជាក់ស្ដែង​កីឡាករ ម៉​ន សា​ម៉េ​ត​, ឈិ​ន ក្វា​ន់​ង៉ុ​យ​, ង៉ែត រ​ដ្ឋា និង​កីឡាករ​ខ្លាំង​ល្អ​ៗ​ផ្សេង​ទៀត​ក្លាយជា​អ្នក​ចាញ់​បន្ត​គ្នា មិន​ខុស​ពី​ការ​លើក​ឡើង​ថា​ថៃ​បញ្ជូន​ជើង​ខ្លាំង​ឲ្យ​មក​ស៊ី​កីឡាករ​កម្ពុជា​នោះ​ទេ ។

លោក ថៃ អ៊ូ បាន​អះអាង​ថា ដើម្បី​កុំ​ឲ្យ​បាក់មុខ​ភាគី​ខាង​ថៃ​បញ្ជូន​កីឡាករ​២​រូប​ឱ្យមក​ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន និង​កីឡាករ​ឡៅ ស៊ី​ណាត នៅ​រសៀល​ថ្ងៃអាទិត្យ​ស្អែក​នេះ ក៏​ជា​ជើង​ខ្លាំង​ដូច​គ្នា ដែល​ខាង​សហព័ន្ធ​កីឡាប្រដាល់​ថៃ​កំណត់​ឲ្យ​លោក​បញ្ជូន​មក​រៀប​ស៊ី​ភាគី​កម្ពុជា​ទាំង​ពីរ ។ លោក​បាន​បង្ហើប​ថា  ៖ «​អា​ពីរ​នាក់ (​កីឡាករ​ថៃ​) ដែល​មក​ប្រកួត​ថ្ងៃ​ហ្នឹង ប្រហែល​ស៊ី​អា​ឌឿ​ន និង​ស៊ី​ណាត​ទៀត​ហើយ ព្រោះ​ខាង​សហព័ន្ធ​ថៃ​គាត់​ថា​២​នាក់​ហ្នឹង បាន​អាច​ប៉ះ​ជាមួយ​អា​ឌឿ​ន និង​ស៊ី​ណាត​បាន ហើយ​បើ​តាម​ខ្ញុំ​មើល គឺ​អាច​អ​ញ្ចឹ​ង​មែនមាន​តែ​ចាំ​មើល​ទេ​!» ។ តាម​រយៈ​ការ​អះអាង មានការ​បុក​ពោះ​ភ្លាម​ៗ បើ​ទោះជា​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​ពិធីករ​ទូរទស្សន៍​ក្នុង​កម្មវិធី​កីឡាប្រដាល់​របស់ CTN  និង​កីឡាករ​ឡៅ ស៊ី​ណាត សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​កក្រើក​ពិភព​ប្រដាល់​ក្នុងស្រុក​នោះ​ទៅ​ហើយ​ក្តី​។

បើ​ដូច​អ្វី​ដែល​លោក​ថៃ អ៊ូ បាន​បង្ហើប​នោះ​មាន​ន័យ​ថា កីឡាករ​កម្ពុជា​ទាំង​២ នឹង​ក្លាយជា​អ្នក​ចំណូល​ថ្មី​ទៀត​ហើយ​ដែល​ត្រូវ​យកឈ្នះ​តាម​រយៈ​ការ​បញ្ជូន​មក​របស់​លោក​ថៃ អ៊ូ ដែល​ធ្វើ​ឲ្យ​គេ​ជឿជាក់​នា​ពេល​ចុង​ក្រោយ​នោះ​។ ឆ្លើយ​តប​នឹង​ការ​ទម្លាយ​ចេញ​នេះ កីឡាករ​ទាំង​ពីរ​បាន​អះអាង​ថា​មិន​ខ្លាច​ភាគី​ថៃ​នោះ​ទេ ។ ប្រភព​ពី​គ្រូបង្វឹក ឡុ​ង សុវណ្ណ​ឌឿ​ន បញ្ជាក់​ថា ការ​ប្រកួត​ត្រូវ​តែ​មាន​ចាញ់​មាន​ឈ្នះ​។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​រសៀល​ស្អែក​នេះ កូនសិស្ស​របស់​លោក​ដាច់ខាត​មិន​ចាញ់​នោះ​ទេ ដោយសារ​តែ​ការ​ត្រៀម​ទុក​នៅ​មុន​ការ​ប្រកួត​គឺ​មាន​ភាព​ច្បាស់លាស់ ។ លោក​ឡុ​ង សាល​វ័​ន្ត បង្ហើប​ប្រាប់​អ្នក​ជិត​ស្និទ្ធ​ថា សុវណ្ណ​ឌឿ​ន មានការ​ហ្វឹកហាត់​ដិត​ដល់ និង​អះអាង​ថា បើ​បាន​ប៉ះ​កីឡាករ​ថៃ​ល្អ​ដូច​ការ​ប្រកាស​មែន នោះ​មាន​ន័យ​ថា​ពិតជា​ជួយ​បង្កើន​ក្រេ​ឌី​ត​ឲ្យ​កូនសិស្សលោក​ទទួល​បាន​ភាព​ល្បីល្បាញ ក្រោយ​ពេល​ប្រកួត​ឈ្នះ​មិន​ខាន ។ យោង​តាម​កំណត់​ត្រា កីឡាករ​ថៃ​ដែល​ត្រូវ​មក​ប្រកួត​ជាមួយ​គឺ​មានឈ្មោះ​ថា ណុ​ប ប៉ា​កាវ ដោយ​មាន​អ្នក​តាមដាន​កម្ពុជា​បាន​ស្គាល់​ពី​សមត្ថភាព និង​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ​រួច​ហើយ​។

អ្នក​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ខណៈ​ដែល​កីឡាករ​ណុ​ប ប៉ា​កាវ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍ SEA-TV ៤​លើក​មក​ហើយ ដោយ​ឈ្នះ​៣​លើក ចាញ់​១​លើក​ធ្វើ​ឲ្យ​អ្នក​តាមដាន​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ។ ការ​ប្រកួត​លើក​ទី​១ គេ​ឈ្នះ ពេជ្រ អា​រុណ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ លើក​ទី​២​ឈ្នះ លៀង ស៊ី​ពេជ្រ មក​ពី​ក្លិប​ខេត្តកោះកុង​ក្នុង​ទឹក​ទី​៤ លើក​ទី​៣ ចាញ់​ពិន្ទុ​កីឡាករ​ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​ការ​ប្រកួត​លើក​ចុង​ក្រោយ ឈ្នះ​ជើង​ខ្លាំង ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ដោយ​ពិន្ទុ ។ ដូច្នេះ​ទើប​មានការ​យល់​ស្រប​ភ្លាម​ៗ​នឹង​ការ​ទម្លាយ​ចេញ​របស់​លោក​ថៃ អ៊ូ ដែល​អះអាង​ថា ការ​ប៉ះ​ប្រកួត​របស់ ឡុ​ង សុវណ្ណ​ឌឿ​ន នៅ​ថ្ងៃស្អែក គឺជា​រឿង​ដែល​ថៃ​រំពឹង​ឈ្នះ​ច្រើន​ជាង ដោយសារ​តែ​ថៃ​មាន​បំណង​រៀប​ស៊ី​។ អ្នក​តាមដាន​កាន់តែ​បង្ហាញ​ភាព​មន្ទិល​ពី​ការ​ទស្សន៍​ទាយ​ទៅ​លើ​ភាគី​ទាំង​ពីរ ។ ប៉ុន្តែ​អ្វី​ដែល​ម្នាក់​ៗ​លើក​ឡើង​ដូច​គ្នា គឺ​ទាំង​កីឡាករ​កម្ពុជា និង​ថៃ​ពិតជា​បើក​ឆាកប្រយុទ្ធ​គ្នា​ល្អមើល​ដើម្បី​មុខមាត់​រៀងខ្លួន​មិន​ខាន ។

ណុ​ប ប៉ា​កាវ ធ្លាប់​ប្រកួត​៩៩​លើក ឈ្នះ​៧៨​លើក ចាញ់​១៩​លើក និង​ស្មើ​២​លើក ។ ដោយឡែក ឡុ​ង សុវណ្ណ​ឌឿ​ន ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៧​លើក ចាញ់​៩​លើក និង​ស្មើ​៣​លើក ។ ការ​ប្រកួត​លើក​ចុង​ក្រោយ ឡុ​ង សុវណ្ណ​ឌឿ​ន ឈ្នះ​កីឡាករ​ថៃ ថា​ក់​ភុំ គី​រី​ហា​វង្ស ដោយ​ពិន្ទុ ។ មិន​ខុស​គ្នា​ដែរ សម្រាប់ ឡៅ ស៊ី​ណាត បើ​ទោះជា​បានដឹង​ថា​ភាគី​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ ជា​កីឡាករ​ដែល​អ្នក​បញ្ជូន​មក​ប្រាប់​ថា ក្នុង​បំណង​រៀប​ស៊ី ក៏​ជើង​ខ្លាំង​រូប​នេះ​ប្រាប់​ថា​មិន​ខ្លាច ។ ជាមួយនឹង​ក្ដី​សង្ឃឹមថា ឈ្នះ​ដោយ​មុតមាំ​លោក​ថា មិន​ជឿ​រឿង​ខ្លួន​ចាញ់​គូប្រកួត​នៅ​លើ​សង្វៀន​ស្អែក​ទេ ។ គូប្រកួត​របស់​លោក​គឺ កីឡាករ​ថៃ រ៉ា ឆា​នុ​ន ។ កីឡាករ​រូប​នេះ​ត្រូវ​លោក​ថៃ អ៊ូ អះអាង​ថា ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​ម្នាក់ ។

គេ​ធ្លាប់​ប្រកួត​១០៩​លើក ឈ្នះ​៩៩​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ខណៈ​ដែល​ជើង​ចាស់​របស់​កម្ពុជា ឡៅ ស៊ី​ណាត ធ្លាប់​ប្រកួត​១១៥​លើក ឈ្នះ​១០៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ដែល​មាន​ន័យ​ថា ឡៅ ស៊ី​ណាត ពិតជា​ត្រូវ​ប៉ះ​ជាមួយ​ដៃគូ​ដែល​ល្បី​ថា​ខ្លាំង ហើយ​មានបទពិសោធន៍​ប្រហែល​ខ្លួន​អ​ញ្ចឹ​ង​មែន ។ គូ​នេះ​អ្នក​ចង់​គាំទ្រ​ខាង​ខ្មែរ​កាន់តែ​មន្ទិល​ដោយសារ​តែ ឡៅ ស៊ី​ណាត រាង​ចាស់​ទៅ​ហើយ ហើយ​ភ័យ​ខ្លាច​លោក​មាន​កម្លាំង​ស៊ុ​ហ្វ​មិន​ដល់​ថៃ ក្នុង​ពេល​ដែល​បទ​ពិសោធន៍​ប្រកួត​ប្រហែល​គ្នា រីឯ​ស្ថានភាព​រស់នៅ និង​ការ​ហ្វឹកហាត់​របស់​កីឡាករ​ថៃ ត្រូវ​គេ​ដឹង​ថា​ល្អ​ជាង​កម្ពុជា​បែប​នេះ​។ យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី ឡៅ ស៊ី​ណាត ចេញ​មុខ​អះអាង​ពី​ភាព​ជឿជាក់​ធ្វើ​ឲ្យ​ម្នាក់​ៗ​ធូរចិត្ត​ជាង​មុន និង​ងាក​មក​គាំទ្រ​លោក​សម្រាប់​ថ្ងៃស្អែក​មិន​តិច​ទេ ។ ការ​ប្រកួត​លើក​ចុង​ក្រោយ ឡៅ ស៊ី​ណាត ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ប៉ា​យ៉ា​ទ័​រ ទ័​រ​ហួយ ដោយ​ពិន្ទុ ។

ចាំ​មើល​តើ ឡុ​ង សុវណ្ណ​ឌឿ​ន និង​ឡៅ ស៊ី​ណាត នឹង​ក្លាយជា​អ្នក​ចំណូល​ថ្មី​ត្រូវ​ចាញ់​ថៃ​ដូច​២​ស​ប្ដា​ហ៍​កន្លង​ទៅ ឬ​ក្លាយជា​អ្នក​បំបាក់​ថៃ​ធ្វើ​ឲ្យ​សហព័ន្ធ​ថៃ​ក្ដៅស្លឹកត្រចៀក ?