ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​យំ​មិន​ចេញ​ដេក​ក៏​មិន​លក់​បក់​មិន​ល្ហើយ​ខណៈ​ផលដំណាំ​ខូចខាត

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ដាំ​ដំណាំ​ពោតក្រហម​១​ហិ​កតា និង​ដាំដំឡូង​មី​ចំនួន​១០​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លុះ​ភ្លៀង​ធ្លាក់​ជោកជាំ​អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ…

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​បាន​ដាំ​ដំណាំ​ពោតក្រហម​១​ហិ​កតា និង​ដាំដំឡូង​មី​ចំនួន​១០​ហិ​កតា នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លុះ​ភ្លៀង​ធ្លាក់​ជោកជាំ​អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ គ្នា បណ្តាល​ឱ្យ​ទទួល​រង​ការ​រលួយ​ខូចខាត​ទាំងអស់ ដោយនៅ​សល់​តែ​ដំណាំ​ពោតក្រហម​ក៏​នាំ​គ្នា​ប្រមូល​ផល​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ មុំ អាយុ​៤០​ឆ្នាំ ជា​ម្ចាស់​ចម្ការពោត និង​ដំឡូង​មី​ខាងលើ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ៖ នៅ​ចុងឆ្នាំ​នេះ ពួក​គាត់​ពិតជា​យំ​មិន​ចេញ ហើយ​ក៏​ដេក​មិន​លក់​បក់​មិន​ល្ហើយ​នោះ​ទេ ដោយសារ​តែ​មេឃ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ជាប់​ៗ​គ្នា អស់​រយ​:​ពេល​ជា​យូរ កាលពី​ថ្មី​ៗ​កន្លង​ទៅ បណ្តាល​ឱ្យ​ជាំ ទឹក​ក្នុង​ចម្ការ រលួយ​មើម​ខូចខាត​ដំណាំ​ដំឡូង​មី របស់​ខ្លួន​គ្មាន​សល់ សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ។

គាត់​បន្ត​ទៀត​ថា ឆ្នាំ​នេះ​គាត់​ពិតជា​មានការ​ខាតបង់​អស់​ច្រើន ដោយសារ​ចំណាយ​ថវិកា​ទិញ​ដើម​ដំឡូង​មី យក​ទៅ​ដាំ​នៅ​លើ​ដី​១០​ហិ​កតា និង​ទិញ​ពូជ​គ្រាប់ពោត​ក្រោម ដាំ​នៅ​លើ​ដី​១​ហិ​កតា ដោយ​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល អាច​នឹង​លក់​បាន​ប្រាក់​ខ្លះ​ៗ សម្រាប់​យក​ទៅ​សង​ជំពាក់​គេ ហើយ​សល់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​ដោយសារ​គ្រោះ​ធម្មជាតិ​ភ្លៀង​ខ្លាំង​ធ្វើ​ឱ្យ​គាត់​អស់សង្ឃឹម​យ៉ាង​ខ្លាំង ហើយ​មើលទៅ​មិន​អាច​រក​ថវិកា​សង​ជំពាក់​គេ​រួចរាល់​នោះ​ឡើយ ។

គាត់​បញ្ជាក់​ថា នៅ​ក្នុង​ចម្ការពោត​នេះ គឺ​មិន​ទទួលផល​បាន​១០​ភាគរយ​នោះ​ឡើយ ព្រោះ​ភ្លៀង​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ផ្លែ​ពោត​ខ្លះ​ដុះ​ពន្លក​នៅ​ក្នុង​ផ្លែ ហើយ​ខ្លះ​ទៀត​មានការ​ដួល​ហូរ​តាម​ទឹក​ខូចខាត​អស់​មួយ​ចំនួន​ដែរ ។

ចំណែក​កម្មករ ឈ្មោះ សេន ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ អ៊ិ​ន ចិ​ត្រា អាយុ​៣៣​ឆ្នាំ រស់​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ការ​ស៊ី​ឈ្មួ​ល​ប្រមូល​ផល​ផ្លែ​ពោត គឺ​ម្ចាស់​ចម្ការ​គិត​ឱ្យ​ក្នុង​១​កា​រ៉ុ​ង តម្លៃ​៧០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​កាច់​ស្នៀតពោត​បាន​ប្រហែល​ជាង​១០​កា​រ៉ុ​ង ។

ប្រភព​បន្ត​ទៀត​ថា ដំណាំ​ពោតក្រហម នៅ​ឆ្នាំ​២០២០​នេះ មិនសូវ​ទទួលផល​ច្រើន​ដូច​ឆ្នាំ​មុន​នោះ​ទេ ដោយសារ​តែ​ពេល​ពោត​កំពុង​តែ​ចេញ​ផ្កា និង​ដាក់​ស្នៀត គឺ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ​ពេក​ធ្វើ​ឱ្យ​ស្កក លុះ​ពេល​ពោត​ទុំ​មេឃ​នៅ​តែ​ភ្លៀង បណ្តាល​ឱ្យ​គ្រាប់ពោត​ដុះ​ពន្លក​នៅ​ក្នុង​ផ្លែ​តែ​ម្តង ។

ចំណែក​កសិករ​ផ្សេង​ៗ​ទៀត រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន​នាក់​បាន​ត្អូញត្អែរ​ដូច​ៗ គ្នា​ថា ពួក​គាត់​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ចុងឆ្នាំ​២០២០​នេះ ដោយសារ​តែ​ចម្ការ​របស់​ខ្លួន​រលួយ​មើមដំឡូង​អស់ ។

ចំណែក​កន្លែង​ខ្លះ ត្រូវ​បង្ខំចិត្ត​ប្រមូល​ផល ទាំង​មើមដំឡូង មិន​ទាន់​គ្រប់​អាយុ ហើយ​ក៏​លំបាក​ដឹក​យក​ទៅ​លក់ ខណ​:​ទីផ្សារ​ពោតក្រហម​១ គីឡូក្រាម​ឈ្មួញ​ទិញ ៤.៥​បាត​(​ប្រាក់​ថៃ​) រីឯ​ដំឡូង​មី ១​គីឡូក្រាម ឈ្មួញ​ទិញ ១.៥​បាត ដែល​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ