ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​​ពលរដ្ឋរស់​នៅ​ក្រុង​សែន​មនោ​រម្យ​ខ្វះ​ទឹ​ក​ស្អាត​ប្រើ​ប្រាស់​

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​ ៖ ក្រុង​សែន​មនោ​រម្យ​ គឺជា​បេះដូង​នៃ​ខេត្តមណ្ឌលគិរី និង​ក៏​ជា​មជ្ឈមណ្ឌល​ទេសចរ​ណ៍ដ៏​សម្បូ​របែប​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តែ​ការ​ប្រើប្រាស់​ទឹក​នៅ​ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះ

ខេត្តមណ្ឌលគិរី​ ៖ ក្រុង​សែន​មនោ​រម្យ​ គឺជា​បេះដូង​នៃ​ខេត្តមណ្ឌលគិរី និង​ក៏​ជា​មជ្ឈមណ្ឌល​ទេសចរ​ណ៍ដ៏​សម្បូ​របែប​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តែ​ការ​ប្រើប្រាស់​ទឹក​នៅ​ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះ គឺ​នៅ​មិន​ទាន់​មាន​ប្រភព​ស្តង់ដា​រនៅឡើយ​។

​ប្រភព​ទឹក​ដែល​ប្រជាពលរដ្ឋ​រស់នៅក្រុង​សែន​មនោ​រម្យ​កំពុង​ប្រើប្រាស់​នា​ពេល​សព្វថ្ងៃ បាន​មក​ពី​អណ្តូង​ជីក អណ្តូង​ខួង ទឹកអូរ នឹង​ទឹក​បឹង​…​ខណៈ​ប្រភព​ទឹក​ទាំងនេះត្រូវ​បាន​មន្ត្រី​ជំនាញ​រាយ​ការ​ណ៍​ថា ជា​ទឹក​ដែល​មិន​មានគុណ​ភាព ហើយ​ការ​ប្រើ​ប្រាស់​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​។

លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុង​សែ​នមនោ​រម្យ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១២.៩៥៩​នាក់ ស្មើនឹង​២.៩០១​គ្រួសារ ហើយ​ភាគច្រើន​ពួក​គាត់​ប្រើប្រាស់​ទឹក​ដែល​មាន​ប្រភព​ពី​អណ្តូង​ខួង​(​ប្រជាជន​រស់នៅ​តំបន់​ប្រជុំជន​ផ្សារ​) ខ្លះ​អណ្តូង​ជីក​(​តាម​ភូមិ​) នឹង​ខ្លះ​ទៀត​ប្រើ​ទឹកអូរ ត្រពាំង​(​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​) ។​

លោក​បន្ត​ថា ប្រភព​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​សព្វថ្ងៃ គឺ​នៅ​មិន​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​ទេ ដូច្នេះ​ហើយ​ទើប​បានជាក្រុមការងារ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ខេត្ត​បាន​យកចិត្តទុកដាក់ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ពិនិត្យ​មើល និង​អនុវត្ត​ន៍គម្រោង​ទឹក​ស្អាត​នៅ​ក្រុង​ទេសចរ​ណ៍នេះ​។​​

​កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ ប្រព័ន្ធ​ទឹក​ស្អាត​កំពុង​ត្រូវ​បាន​សាងសង់ និង​​​អាច​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ ដោយ​ទទួល​បាន​ហិរញ្ញប្បទាន​ឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ប្រមាណ​ជា​ទឹកប្រាក់២.១៤២.០០០​ដុល្លា​រអា​មេ​រិ​ក (​ពីរ​លាន​មួយ​រយ​សែសិប​ពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​)​។​

ទោះ​យ៉ាងណា​ក៏​ដោយ​លោក​អភិបាលក្រុង​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ត្រឹម​៧០%​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស់​នូវ​គម្រោ​ង​ទឹក​ស្អាត​ខាងលើ​នេះនៅ​ដំណាក់កាល​ទី​មួយ​។ ចំពោះ​កា​រត​ភ្ជាប់​នឹង​តម្លៃ​សេវា​នានា​ត្រូវ​បាន​លោក ឯក សុ​ន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បានមាន​ប្រសាសន៍​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ និងបំពេញ​ឯកសារ​មួយ​ចំនួន​នៅ​មន្ទីរ​ឧស្សាហកម្ម​ចាប់ពី​ខែធ្នូ ​​២០១៥​តទៅ​។

លោកបន្តថា ចំពោះ​ថ្លៃ​ទឹក​ដែល​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ២.០០០រៀល​ក្នុង​មួយ​ម៉ែត្រ​គូប​​​ ចំណែក​អ្នក​ប្រើប្រាស់​ទឹកអស់ ១០​ម៉ែត្រ​គូប​ចុះក្នុង​១​ខែ តម្លៃ១.៨០០រៀល រីឯ​អ្នក​ប្រើប្រាស់​ទឹក​អស់ ១០​ម៉ែត្រ​គូប​ឡើង​ក្នុង១ខែ តម្លៃ២.០០០រៀល​។ ដោយឡែកថ្លៃ​ភ្ជាប់​បណ្តាញ​ប្រើប្រាស់​ទៅ​កាន់​ផ្ទះ​របស់​ពួក​គាត់តម្លៃ​ធម្មតា ២៩២.៤០០រៀល​។ លោកបាន​ធានា​ថា គុណភាព​ទឹកពិតជា​មាន​សុវត្ថិភាព​សម្រាប់​យក​ទៅ​ប្រើប្រាស់ ដោយ​ធ្វើការ​ពិសោធន៍​តាម​បច្ចេកវិទ្យា​ជប៉ុន ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ឡើយ​៕