ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មុខ​តុលាការ​កំពូល​លោកស្រី យី​ង ឡាក់ អះអាង​ពុំ​បាន​ធ្វើ​ខុស ខណៈ​លោក​ថា​ក់​ស៊ី​ន​អំពាវនាវ​ឱ្យ​គោរព​ច្បាប់

8 ឆ្នាំ មុន

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង ឡាក់ ស៊ី​ណា​វា​៉​ត្រា កាលពី​ថ្ងៃ​ទី​១៩ ឧសភា អះអាង​ពី​ភាព​ស្លូតត្រង់​ពុំ​បាន​ធ្វើ​អ្វី​ខុស​របស់​លោកស្រី ពេល​បើក​សវនាការ​កាត់ទោស​លោកស្រី

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង ឡាក់ ស៊ី​ណា​វា​៉​ត្រា កាលពី​ថ្ងៃ​ទី​១៩ ឧសភា អះអាង​ពី​ភាព​ស្លូតត្រង់​ពុំ​បាន​ធ្វើ​អ្វី​ខុស​របស់​លោកស្រី ពេល​បើក​សវនាការ​កាត់ទោស​លោកស្រី ចំណែក​បងប្រុស លោក ថា​ក់ ស៊ី​ន ជា​មនុស្ស​ដែល​របប​យោធា​ថៃ​កំពុង​កាន់​អំណាច​ស្អប់​យា​៉​ង​ខ្លាំង​បំផុត​នោះ អំពាវនាវ​ឱ្យ​គោរព​ច្បាប់ ។

បាតុករ​ជា​ច្រើន​សិប​នាក់​ដែល​លើកគ្នា​មក​ជួយ​គាំទ្រ​លោកស្រី​នៅ​មុខ​តុលាការ​កំពូល​ពេល​បើក​សវនាការ បាន​នាំ​គ្នា​ស្រែ​កថា «​យី​ង​ឡាក់​ខំតស៊ូ​ឡើង​» ។ បាតុកម្ម​ប្រជាជន​នេះ​ហាក់ដូចជា​ការ​ផ្គើន​មួយ​ចំពោះ​របប​យោធា​ដែល​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ការ​ប្រមូលផ្តុំ​មនុស្ស​សម្រាប់​ទិស​ដៅ​នយោបាយ​នៅ​តែ​ហាមឃាត់​រួច​ការ​បោះ​ឆ្នោត​ត្រូវ​ពន្យារពេល​គ្មាន​កាលកំណត់ ។

លោកស្រី យី​ង ឡាក់ ថ្លែង​នៅ​មុខ​តុលាការ​ថា ខ្ញុំ​គ្មាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា តុ​ុ​លា​ការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំ ។ លោកស្រី​អះអាង​ថា លោកស្រី​ពុំ​បាន​ធ្វើ​ខុស​ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ក្នុង​កម្មវិធី​ជួយ​ប្រជា​កសិករ ដែល​ចំណាយ​ប្រាក់​ច្រើន​ហើយ​គេ​ចោទ​ថា មាន​អំពើ​ពុក​រលួយ​ក្នុង​កម្មវិធី​នោះ ។

លោកស្រី យី​ង ឡាក់ និយាយ​ថា លោកស្រី​ពុំ​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ដើម្បី​គេច​ពី​តុលាការ​ដូច​ករណី​បងប្រុស លោក ថា​ក់ ស៊ី​ន ស៊ី​ណា​វា​៉​ត្រា ដែល​ជ្រើសរើស​យក​ការ​រស់នៅ​និរទេស​ក្រៅ​ស្រុក គេច​ពី​ទោស​ជាប់គុក​ច្រើន​ឆ្នាំ​ពី​បទ​ពុក​រលួយ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក​កាលពី​ឆ្នាំ​២០០៦ ។

ពេល​ដែល​ប្អូនស្រី​លោក​ខិតខំ​ប្រកាស​នៅ​មុខ​តុលាការ​ពី​ភាព​ស្លូតត្រង់ ពុំ​ប្រព្រឹត្ត​អ្វី​ខុស លោក ថា​ក់ ស៊ី​ន នៅ​ទីក្រុង​សេ​អូ​៊​ល បាន​ធ្វើការ​កត់សម្គាល់​មួយ​លើ​ភាព​ចាំបាច់​នៃ​ឯករាជ្យ​ភាព​របស់​តុលាការ​ដោយ​លោក​ចៀសវាង​មិន​និយាយ​យោង​ដល់​វាសនា​របស់​ប្អូនស្រី​លោក​ឡើយ ។

ក្នុង​វេទិកា​របស់​អ្នក​វិនិយោគ​នៅ ក្រុង​សេ​អ៊ូ​ល លោក ថា​ក់ ស៊ី​ន ថ្លែង​ថា គន្លឹះ​នៃ​អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ គឺ​ត្រូវ​ស្វែងរក​តុល្យភាព​មួយ​រវាង​អំណាចតុលាការ អំណាច​សភា និង​នីតិប្រតិបត្តិ ។ គេ​ត្រូវ​គោរព​ច្បាប់ ដែល​នោះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​ភាព​ជឿជាក់​របស់​ប្រទេស​នីមួយ​ៗ ។ ក្នុង​ប្រទេស​នីមួយ​ៗ​តែង​មាន​ជា​និច្ច​នូវ​សង្គម​២ គឺ​សង្គម​ពួក​អ្នកមាន និង​សង្គម​ពួក​អ្នកក្រ ។ សង្គម​ពួក​អ្នកមាន មាន​កាលានុវត្តភាព​នានា​តែ​សង្គម ពួក​អ្នកក្រ​មាន​កាលានុវត្តភាព​តិចតួច​បំផុត ។ លោក​បន្ត​ថា យើង​ត្រូវ​លុប​បំបាត់​ចោល​ភាព​ក្រីក្រ ពិសេស​ក្នុង​បណ្តា​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ហក់​ឡើង​ដើម្បី​ឱ្យ​ប្រជាជន​ជ្រើសរើស​អ្នកនយោបាយ​ល្អ​ៗ ហើយ​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​ល្អ​មួយ ។

អ្នកវិភាគ​ជា​ច្រើន​យល់​ឃើញ​ថា សវនាការ​កាត់ទោស​ប្រឆាំង​លោកស្រី យី​ង ឡាក់ គឺជា​អន្លូង​ចុង​ក្រោយ​សំពង​លើ​គ្រួសារ​ស៊ី​ណា​វា​៉​ត្រា ដែល​មាន​ឥទ្ធិពល​លើ​ឆាកនយោបាយ​ថៃ​ខ្លាំង ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ​ប្រឈម​មុខ​នឹង​ពួក​អាមាត្យ​អភិរក្សនិយម និង​ពួក​រាជា​និយម​ជ្រុល ដូច​ជា​កងទ័ព​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ។

ទោះបី​យា​៉​ង​ណា ពួក​អ្នកវិភាគ​ទាំងនោះ​និយាយ​ថា ចាប់​លោកស្រី យី​ង ឡាក់ ដាក់គុក នឹង​គ្រាន់តែ​ជា​ការ​បង្កើន​កំហឹង​របស់​ពួក​អាវ​ក្រហម ដែល​ជា​ចលនា​ប្រជាជន​ស្និទ្ធ​លោក ថា​ក់ ស៊ី​ន ដ៏​ខ្លាំង​មួយ ដែល​ចាប់តាំងពី​ក្រោយ​រដ្ឋប្រហារ​មក​នៅ​តែ​គោរព​តាម​ការ​ណែនាំ​របស់​បណ្តា​មេដឹកនាំ កុំឱ្យ​នាំ​គ្នា​ធ្វើ​បាតុកម្ម ហើយ​រក្សា​ភាព​ស្ងប់ស្ងាត់ ។

ក្រោយ​សវនាការ​លើក​នេះ ដែល​មាន​រយៈពេល​ខ្លី សវនាការ​នា​ពេល​ខាង​មុខ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២១ កក្កដា ហើយ​ក្នុង​ដំណាក់កាល​នេះ លោកស្រី យី​ង ឡាក់ នៅ តែ​មាន​សេរីភាព ក្រោយ​ពី​ដាក់​ប្រាក់​ធានា​៣០​លាន​បាត តែ​លោកស្រី​នៅ​តែ​ត្រូវ​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ៕