ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យក្មេងម្នាក់ដោយសារមានកំហឹង និងតូចចិត្តនឹងប្តីវាយផង បានលេបថ្នាំពេទ្យជាច្រើនគ្រាប់ប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចឡើយ ព្រោះត្រូវបានអ្នកជិតខាងដឹងទាន់ក៏នាំគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ មីនា នៅលំនៅឋានរបស់គាត់ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ មន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា ស្ត្រីរូបនោះឈ្មោះឡុង ស្រីលាប អាយុ២១ឆ្នាំ ចំណែកប្តីរបស់នាងឈ្មោះព្រឹក សុផាន់ អាយុ២០ឆ្នាំ ។ មូលហេតុដែលនាំឱ្យនាងចង់សម្លាប់ខ្លួន ព្រោះខឹងនឹងប្តីវាយបណ្តាលឱ្យជាំមុខ ។
លោកហ៊ុល វាសនា អធិការរងក្រុងកំពង់ឆ្នាំង បានរៀបរាប់ពីដំណើររឿងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ កុម្ភៈ ពេលប្តីត្រឡប់មកពីផឹកស៊ីវិញ ប្រពន្ធបានសួរនាំ និងស្តីបន្ទោសពីរឿងដើរផឹកស៊ី ហើយក៏កើតរឿងឈ្លោះ ពេលនោះប្តីបានវាយប្រពន្ធ២ទៅ៣ដៃ រួចក៏ស្ងាត់ទៅ។ លុះព្រឹកឡើងថ្ងៃទី១ មីនា ក៏ឈ្លោះគ្នាមួយសាទៀត ពីរឿងប្តីដើរផឹកស៊ីនេះ ហើយប្រពន្ធទំនងជាប្រចណ្ឌប្តីផង ពេលនោះប្តីក៏វាយប្រពន្ធមួយសាទៀត ។
ដោយសារតូចចិត្តនឹងប្តីវាយធ្វើបាបជាំមុខបែបនេះ នាងបានប្រមូលថ្នាំពេទ្យគ្រប់មុខដែលមានក្នុងផ្ទះបានជាង២០គ្រាប់ ហើយក៏លេបទៅបន្តិចក្រោយមកជាតិថ្នាំបានធ្វើទុក្ខក្អួតចង្អោរពេញផ្ទះ ពេលនោះប្តីក៏មិនជួយមើលដែរ អ្នកជិតខាងឃើញបែបនេះក៏ជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។ ស្ត្រីរូបនោះបានយំរៀបរាប់ថា រូបនាងបានប្តីនេះជិតមួយឆ្នាំហើយ ប្តីនាងតែងវាយធ្វើបាបរាល់ថ្ងៃឱ្យតែមកពីផឹកស្រវឹងវិញ ពេលនាងសួរ និងហាមកុំឱ្យដើរផឹកសីុយប់ៗពេក ។ ដោយសារឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តទ្រាំលែងបាន ទើបនាងចង់ស្លាប់បែបនេះ ។ នាងមានស្រុកកំណើតនៅឯខេត្តកោះកុង ប៉ុន្តែបានជួបជាមួយប្តី និងរៀបការជិតមួយឆ្នាំហើយ ដោយមករស់នៅខាងប្តីឯខេត្តកំពង់ឆ្នាំង នេះតែម្នាក់ឯង ។
នៅព្រឹកថ្ងៃទី១ មីនា នោះដែរប៉ូលិសក្រុងកំពង់ឆ្នាំង បានកោះហៅបុរសជាប្តីមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តតាមនីតិវិធី។ បើតាមការរៀបរាប់ពីក្រុមគ្រួសារខាងប្តីដែលមកមើលបុរសជាប្តីប្រើអំពើហិង្សាដាក់ប្រពន្ធពេលប៉ូលិសសាកសួរនោះបាននិយាយថា ពួកវា (ប្តីប្រពន្ធខាងលើនេះ) ស្រឡាញ់គ្នា ហើយដោយអាណិតក៏រៀបការឱ្យទៅដែលរហូតមកដល់ថ្ងៃនេះសងថ្លៃរៀបការគេមិនទាន់គ្រប់ផង ឥឡូវនេះមានរឿងបែបនេះទៀត ។ ក្រុមគ្រួសារខាងប្រុសនៅបានប្រើពាក្យមិនសមរម្យទំនងមិនពេញចិត្តលើស្ត្រីលេបថ្នាំនោះជាច្រើនទៀត ប៉ុន្តែដោយសារក្រមសីលធម៌ កោះសន្តិភាពសុំមិនបរិយាយទេ និងរង់ចាំមើលថា តើបុរសប្រើអំពើហិង្សាដាក់ប្រពន្ធនេះត្រូវបានចាត់ការតាមច្បាប់ ឬត្រូវបានសម្របសម្រួលឱ្យជានាគ្នាវិញ ៕
ចែករំលែកព័តមាននេះ