រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវម្ចាស់រថយន្ត ប្តឹងឲ្យសមត្ថកិច្ចចុះមកឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងករណីលួចគាស់កញ្ចក់រថយន្ត នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ៧ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ សោម សុចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទុករថយន្តម៉ាក Lexus570 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-8678 នៅចំណុចកើតហេតុ រួចចូលផ្ទះហូបបាយ ។ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដា សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-9221 មកឈប់ក្បែរ យកកូនសោគាស់កញ្ចក់រថយន្តមើលក្រោយខាងឆ្វេង រួចជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។ ជនសង្ស័យមានប្រើប្រាស់គ្រឿងញៀន ផងដែរ ៕
ចែករំលែកព័តមាននេះ