ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​វ៉ាក់សាំង​សត្វពាហនៈ​បាន​395​ក្បាល​នៅ​សង្កាត់​ក្របី​រៀល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គោ​-​ក្របី​នៅ​តែ​ជា​កម្លាំង​អូស​ទាញ​ក្នុង​ការ​ធ្វើស្រែ​ចម្ការ​របស់​កសិករ​នៅ​ខេត្ត សៀមរាប​ដែល​នៅ​តែ​បន្ត​ថែរក្សា​ទំនៀមទម្លាប់​នេះ​តាំងពី​ដូនតា​មក ដោយ​ពួក​គាត់​មិន​ទាន់​បោះបង់​ចោល​នៅឡើយ ទោះបី​សម័យនេះ​មាន​បច្ចេកវិជ្ជា​ទំនើប​ក៏​ដោយ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០២០​នេះ…

ខេត្តសៀមរាប ៖ គោ​-​ក្របី​នៅ​តែ​ជា​កម្លាំង​អូស​ទាញ​ក្នុង​ការ​ធ្វើស្រែ​ចម្ការ​របស់​កសិករ​នៅ​ខេត្ត សៀមរាប​ដែល​នៅ​តែ​បន្ត​ថែរក្សា​ទំនៀមទម្លាប់​នេះ​តាំងពី​ដូនតា​មក ដោយ​ពួក​គាត់​មិន​ទាន់​បោះបង់​ចោល​នៅឡើយ ទោះបី​សម័យនេះ​មាន​បច្ចេកវិជ្ជា​ទំនើប​ក៏​ដោយ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០២០​នេះ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ព្រមទាំង​ពេទ្យសត្វ​តាម​ភូមិ បាន​បន្ត​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេង​ៗ​ដល់​គោ​-​ក្របី​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បាន​ចំនួន​សរុប​៣៩៥​ក្បាល ។

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា កម្មវិធី​ចាក់​ថ្នាំ​វ៉ាក់សាំង​លើ​សត្វ​គោ​-​ក្របី​គឺជា​ផ្នែក​មួយ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ដែល​ជា​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ថា​នៅ​ខេត្តសៀមរាប​នោះ​ទេ គឺ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​យក​គោ​-​ក្របី​មក​ទទួល​ការ​រក្សា​សុខភាព​តាម​រយៈ​ការ​ចាក់​ថ្នាំ​ការពារ ។

លោក​បន្ត​ថា នៅ​ថ្ងៃនេះ​ក្រុម ការងារ​របស់ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិ​កម្ម​រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ដាក់​កម្ម វិធី​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រមូល​​សត្វ​គោ ក្របី​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប នេះ​ដើម្បី​ទទួល​វ៉ា​ក់​ការពារ​ជំងឺឆ្លង​បាន​ចំនួន​៣៩៥​ក្បាល ក្នុង​នោះ​ក្របី​៣០២​ក្បាល និង​គោ​៩២​ក្បាល ។ លោក​បន្ថែម​ថា សម្រាប់​វ៉ា​ក់​ទាំងនេះ​គឺ​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក្នុង​១​ឆ្នាំ​២​ដង គឺ​ឆមាស​ទី​១ និង​ឆមាស​ទី​២ ។

សត្វពាហនៈ​ដែល​មក​ទទួល​ការ​ចាក់​ថ្នាំ​ការពារ​នេះ​គឺ​មិន​យក​ប្រាក់​កម្រៃ​ទេ ។ ប្រភេទ​វ៉ាក់សាំង​ដែល​ទទួល​បាន​នោះ​គឺ ១-​សា​ទឹក គោ​-​ក្របី ។ ២-​វ៉ាក់សាំង​បូស​ខ្យល់ និង​៣-​វ៉ាក់សាំង​អ៊ុត​ក្តាម និង​មាន​សម្ភារ​បរិក្ខារ​មួយ​ចំនួន​ទៀត ហើយ​សម្ភារ​ទាំងនេះ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ តែងតែ​យក​មក​ធ្វើការ​បែងចែក​ទៅ​ដល់​គ្រប់​បណ្តា​ក្រុង​-​ស្រុក​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ជូន​ដល់​ភ្នា​ក់​ការពារ​សុខភាព​សត្វ (​ពេទ្យសត្វ​តាម​ភូមិ​) ក្នុង​ខេត្ត​ទាំងអស់​ប្រមាណ​ជាង​៤០០​នាក់ ។

លោក​បាន​សំណូមពរ​ដែរ​ថា បន្ទាប់​ពី​បងប្អូន​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន ពី​អាជ្ញាធរ​ភូមិ​-​ឃុំ​ដែល​បាន​ផ្សព្វផ្សាយ​ណាត់​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ សូម​បងប្អូន ប្រញាប់​យក​គោ​-​ក្របី មក​ចាក់​វ៉ាក់​សាំង​​ឲ្យ​បាន​ទាន់​ពេល​គ្រប់​ៗ​គ្នា​ដើម្បី​ការពារ​ផលប្រយោជន៍​នៃ​ការ​ចិញ្ចឹមសត្វ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គង់​វង់​និង​មាន​សុខភាព​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ