ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

8 ឆ្នាំ មុន

សេដ្ឋកិច្ច​តំបន់​អា​ស៊ី
ទីក្រុង​ប៉េ​កាំ​ង ៖ តាម​ការ​បញ្ជាក់​ពី​គណៈ កម្ម​ការ​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ​ឲ្យ​ដឹង​ថា​តម្លៃ​លក់រាយ​សាំង​ក្នុង​ប្រទេស​ចិន​នឹង​ឡើងថ្លៃ​២៥៥​យន់​(៤១​

សេដ្ឋកិច្ច​តំបន់​អា​ស៊ី
ទីក្រុង​ប៉េ​កាំ​ង ៖ តាម​ការ​បញ្ជាក់​ពី​គណៈ កម្ម​ការ​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ​ឲ្យ​ដឹង​ថា​តម្លៃ​លក់រាយ​សាំង​ក្នុង​ប្រទេស​ចិន​នឹង​ឡើងថ្លៃ​២៥៥​យន់​(៤១​ដុល្លារ​)​ក្នុង​មួយ​តោន ឬ​ក៏​០,០៣​ដុល្លារ​ក្នុង​១​លី​ត្រ ខណៈ​ម៉ា​ស៊ូ​ត​នឹង​ឡើង​២៤៥​យន់​(៣៩,៤៩​ដុល្លារ​)​ក្នុង​១​តោន​ឬ​(០,០៣៣​ដុល្លារ​)​ក្នុង​១​លី​ត្រ ។ 

បាងកក ៖ លោក Sathit Limpongpan ប្រធាន​គ្រប់គ្រង​ផ្សា​រមូល​ប​ត្រ​ថៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បណ្តា​អ្នក​វិនិយោគ​នៅ​តែ​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​នៅ​ក្នុង​ផ្សារភាគហ៊ុន​ដែល​មានការ​ប្រែប្រួល​របស់​ខ្លួន​ដដែល​។ ចំណែក​ខ្លួន​លោក​ផ្ទាល់​ដាក់​ទិស​ដៅ​សម្រេច​ឲ្យ​បាន​នូវ​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃ​២,៩៩​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៥-២០២០ ។

ហូ​ជី​មិ​ញ ៖  ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​និយាយ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​សង់​តំបន់​ក​សិ​-​ឧស្សាហកម្ម​នៅ​ស្រុក​Duc Trong ខេត្ត​Lam Dong​របស់​វៀតណាម ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​៣០០​ហិ​កតា ។

គូ​ឡា​ឡាំ​ពួ ៖ ធនាគារ​វិនិយោគ​Maybank​របស់​ម៉ា​ឡេ​ស៊ី​បាន​ប៉ាន់​ប្រមាណ​ថា GDP​របស់​ប្រទេស​នឹង​កើនឡើង​៦,២%​សម្រាប់​ត្រីមាស​ទី​១​ឆ្នាំ​២០១៥​នេះ ហើយ​វា​មានការ​គាំទ្រ​ដោយ​តួលេខ​វិជ្ជមាន​ចំពោះ​ផ្នែក​ផលិតកម្ម​ឧស្សាហកម្ម​និង​សេវាកម្ម ។

ហ្សា​ការ​តា ៖ រដ្ឋមន្ត្រី​សម្របសម្រួល​ផ្នែក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ផ្តល់​គម្រោង​ជាក់លាក់​របស់​ខ្លួន​នៅ​ក្នុង​ការ​នាំ​ចូល​អង្ករ​នៅ​ដំណាច់​ខែឧសភា ឈាន​ចូល​ខែមិថុនា​ខាង​មុខ​នេះ ។

ណៃ​ពិដោ ៖ តាម​ការ​អះអាង​ពី​លោក​U Htin Aung អនុរដ្ឋមន្ត្រី​សុខុមាលភាព​សង្គម នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​នេះ រដ្ឋាភិបាល​ថៃ​និង​មី​យ៉ា​ន់​ម៉ា​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​មី​យ៉ា​ន់​ម៉ា​បាន​ប្រកបការងារ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​ប៉ុន្តែ​ក៏​នឹង​មានការ​ចាត់វិធានការ​ផ្សេង​ៗ​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ផង​ដែរ ។

សេដ្ឋកិច្ច​តំបន់​អឺរ៉ុប
ទីក្រុង​ឡុ​ង ៖ កាលពី​ថ្ងៃ​ពុធ ធនាគារ​អង់គ្លេស​បាន​ទម្លាក់​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុងអំឡុងពេល​បី​ឆ្នាំ​ក្រោយ ហើយ​ថែម​ទាំង​បាន​ដាស់តឿន​ឡើង​វិញ​ពី​ការ​រំពឹង​ទុក​នៃ​ទីផ្សារ​ដែល​នឹង​ចាប់ផ្តើម​ត្រឹមតែ​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ក្នុង​រង្វង់​ឆ្នាំ​នេះ​ប៉ុណ្ណោះ ។

ម៉ូ​ស្គូ ៖ ប្រភព​ផ្លូវការ​មួយ​ពី​ក្រសួង​ថាមពល​ឲ្យ​ដឹង​ថា រុ​ស្ស៊ី​កំពុង​ពិភាក្សា​ជាមួយ​អង្គការ​ប្រេង​OPEC​មុន​ពេល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស​ផលិត​ប្រេង​មក​ដល់​នៅ​ខែមិថុនា​ខាង​មុខ ហើយ​តម្លៃ​ប្រេង​បច្ចុប្បន្ន​គឺ​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​វាយតម្លៃ​ទុក​កាលពី​ពេល​មុន​របស់​ខ្លួន​ផង​ដែរ ។

អា​ថែ​ន ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​ល្លឺ​ម៉​ង់​និយាយ​ថា វា​គឺជា​រឿង​មិន​ទំនង​មួយ​ដែល​រុ​ស្ស៊ី​នឹង​អាច​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រិ​ច ខណៈ​ខ្លួនឯង​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ក្នុង​តម្លៃ​ប្រេង​និង​ឧស្ម័ន ក៏​ដូច​ជា​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាដើម ។

ប៊ុ​យ​កា​រ៉េ​ស ៖ ក្រុមហ៊ុន​Renault កំពុង​ស្វះស្វែង​ក្នុង​ការ​ប្រកួតប្រជែង​ពង្រីក​ការងារ​បន្ថែម និង​រក្សា​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដ៏​សមរម្យ​នៅ​រោងចក្រ​Dacia​របស់​ខ្លួន​ក្នុង​ប្រទេស​រូ​ម៉ា​នី ។

ម៉ា​ឌ្រី​ដ ៖ ធនាគារ​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា ប្រទេស​អេ​ស្ប៉ា​ញ​បាន​រើប​ឡើង​វិញ​ត្រឹមតែ​៥%​ប៉ុណ្ណោះ ឬ​ស្មើនឹង​ទឹកប្រាក់​៥៧,២​ពាន់​លាន​ដុល្លារ នៃ​ជំនួយ​របស់​រដ្ឋ​ដែល​បាន​ផ្តល់​ឲ្យ​សម្រាប់​វិស័យ​ធនាគារ​ចាប់ពី​ឆ្នាំ​២០០៩ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ដួល​រលំ ។

អូ​ស្លូ ៖ ជាមួយនឹង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​នៅ​តែ​មាន​សភាព​តានតឹង​ហាក់ដូចជា​រាសី​មិនសូវ​ល្អជា​បន្តបន្ទាប់​នោះ ឧស្សាហកម្ម​ត្រី​សា​មុង​របស់​ប្រទេស​ន័​រ​វែ​ស​កំពុងធ្វើការ​លុកលុយ​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន​ដែល​មិន​ទំនង​នោះ​គឺ​កូរ៉េ​ខាងជើង ។

សេដ្ឋកិច្ច​មជ្ឈិម​បូព៌ា
តេ​ហេ​រ៉​ង់ ៖ អង្គការ​ប្រេង​OPEC បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប្រទេស​អីុ​រ៉​ង់​លក់​ប្រេង​ឆៅ​ក្នុង​តម្លៃ​៥៦,២៦​ដុល្លារ ក្នុង​មួយ​បា​រែ​៉​ល​ជា​មធ្យម​ក្នុង​ខែមេសា ពោល​គឺ​ឡើងថ្លៃ​៤,៩៩​ដុល្លារ​ពី​ហាងឆេង​៥១,២៧​ដុល្លារ​កាលពី​ខែមីនា ។

ហ៊្សេ​រុយ​សា​ឡិ​ម ៖ ធនាគារ​អីុ​ស្រា​អែ​ល​បាន​បង្កប់​ឲ្យ​បណ្តា​ធនាគារ​របស់​ខ្លួន​បង្កើត​នូវ​បទ​ប្ប​ញ្ញាតិ​នយោបាយ​មួយ​សម្រាប់​ធ្វើការ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន និង​ធនាគារ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ផ្អែក​តាម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​រុ​ស្ស៊ី​តាម​រយៈ​រដ្ឋបាល​សហរដ្ឋអាមេរិក​និង​សហគមន៍​អឺរ៉ុប ។

បេ​រ៉ូ​ត ៖ បណ្តា​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ការ​ប្រឈម​មុខ​លើ​ការ​ប្រកួតប្រជែង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​លី​បង់​គឺ​ពុំ​បណ្តាល​មក​ពី​វិបត្តិ​ស៊ី​រី​ឡើយ ផ្ទុយ​ទៅ​វិញ​វា​កើតឡើង​តាម​រយៈ​ភាព​អសមត្ថភាព​នៃ​ទីផ្សារ​ការងារ​ទៅ​វិញ​ទេ ក្នុង​ការ​បង្កើត​នូវ​ឱកាស​ការងារ​គ្រប់គ្រាន់ ។

ឌូ​បៃ​៖ ក្រុមហ៊ុន​អាកាសចរណ៍​អា​រ៉ាប់​របស់​ក្រុង​ឌូ​បៃ​អាច​នឹង​ពង្រីក​បណ្តាញ​ផ្លូវ​ហោះហើរ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​អឺរ៉ុប​ក្នុង​ការ​ហោះហើរ​ទៅ​ក្នុង​បណ្តា​ទីក្រុង​នៅ​អា​មេ​រិ​ក​ខាងជើង និង​ខាងត្បូង ។

គែរ ៖ តាម​កិច្ច​សម្ភាសន៍​របស់​ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់​មួយ​ឲ្យ​ដឹង​ថា ក្រសួង​ទេស​អេ​ហ្ស៊ី​ប​ដាក់​ទិស​ដៅ​ស្រូប​យក​ភ្ញៀវ​ទេសចរ​អា​ល្លឺ​ម៉​ង់​ឲ្យ​បាន​១​លាន​នាក់​សម្រាប់​ឆ្នាំ​នេះ ។

សេដ្ឋកិច្ច​បច្ចេកវិទ្យា
Xiaomi៖​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​របស់​ចិន​Xiaomi Corp កាលពី​ថ្ងៃ​អង្គារ​បាន​ចាប់ផ្តើម​លក់​ម៉ូ​ដែល​ទើបនឹង​ចេញ​ថ្មី​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន Mi Note Pro នៅ​ម៉ោង​១១​ព្រឹក​នៅ​ទីតាំង​លក់​របស់​ខ្លួន​ក្នុង​ក្រុង​សៀង​ហៃ​។ ការ​រួសរាន់​ដាក់​លក់​នេះ​គឺ​ដោយសារ​តែ​វា​ជា​ផលិតផល​គុណភាព​ខ្ពស់​ទាំង​ផ្នែក​អេ​ក្រង់ កាមេរ៉ា និង​ការ​ឆ្លើយ​តប​យ៉ាង​កក់ក្តៅ​ជាមួយ​ទីផ្សារ ។

4G  ៖ ប្រភព​ពី​គ្រឹះ​សា្ថ​ន​ស្រាវជ្រាវ​រដ្ឋ​របស់​ចិន​ផ្សាយ​ថា ផលិតកម្ម​ទូរស័ព្ទ​4G​បាន​កើនឡើង​៤៧២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឬ​ស្មើនឹង​បរិមាណ​៣៧,៨​លាន​គ្រឿងក្នុង​ខែមេសា​។ បើ​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​នេះ​មាន​ពលរដ្ឋ​ចិន​ប្រមាណ​ជាង​៦០​លាន​នាក់​បាន​បង្កើត​គណនី​បណ្តាញ​4G នោះ​មាន​ន័យ​ថា​ក្នុង​ប្រទេស​ចិន​មាន​ប្រជាជន​១៦២​លាន​នាក់​ជា​អតិថិជន​នៃ​ប្រព័ន្ធ​នេះ ។

Tencent  ៖  ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​យីហោ​Tencent កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​បាន​៣,៦៥​ពាន់​លាន​ដុល្លារ​កើនឡើង​២២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

YotaPhone  ៖ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​រុ​ស្ស៊ី​YotaPhote​នឹង​ដាក់​លក់រាយ​ម៉ូ​ដែល​ទើបនឹង​ចេញ​ថ្មី​របស់​ខ្លួន​YotaPhote 2 ក្នុង​ប្រទេស​អា​រ៉ាប់​រួម​នៅ​សបា្ត​ហ៍​ក្រោយ ។

WiFi  ៖ ឌូ​បៃ​បាន​ក្លាយជា​ទីក្រុង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ដែល​មានការ​ត​ភ្ជាប់​បណ្តាញ​Wi-Fi​ប្រើប្រាស់​ឥត​គិតថ្លៃ​ដល់​ពលរដ្ឋ​របស់​ខ្លួន​។ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​នេះ​ក៏​បាន​ដាក់​ទិស​ដៅ​ពង្រីក​បន្ថែម​ឲ្យ​បាន​៣០០​ទីតាំង​ទៀត​ក្នុង​ទីក្រុង​នៅ​ដំណាច់ឆ្នាំ​នេះ ។

Tesla  ៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​Tesla បាន​បញ្ចេញ​ផលិតផល​ថ្មី​មួយ​ប្រភេទ​ដែល​អាច​សាក​បញ្ចូល​ថ្ម​ប្រើប្រាស់​បាន​នៅផ្ទះ​ដោយ​ខ្លួនឯង និង​ទូ​ទាំង​ពិភពលោក ៕