រាជធានីភ្នំពេញ ៖ នៅលើសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍បាយ័នសម្រាប់រសៀលថ្ងៃអាទិត្យ ទី៦ មីនា ខាងមុខនេះ ឯម វិចិត្រ មកពីក្លឹបគ្រុឌមានជ័យ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយសំរិត សុភាព មកពីក្លឹបក្រសួងកសិកម្ម ។ រវាងគូនេះធ្លាប់មានប្រវត្តិប្រកួតគ្នាជាញឹកញាប់ដែរ នាពេលកន្លងមក ក្នុងនោះសុភាព មិនសូវមានឱកាសឈ្នះវិចិត្រទេ ។ សុភាព មានស្នៀតកណ្តាប់ដៃល្អ និងលឿនទៀតផង រីឯវិចិត្រ ក្រៅពីជង្គង់គេមានស្នៀងកែង និងរន្ទះជើងដែលមិនអាចប្រហែសបានឡើយ ប៉ុន្តែពេលខ្លះមុខរបស់វិចិត្រ ក៏ជ្រាយដែរ ។ ទោះបីជាយ៉ាងណារវាងវិចិត្រ និងសុភាព អាចប្រកួតបាន៥ទឹកពេញ ហើយអ្នកណាឈ្នះក៏មិនស្រួលខ្លួនប៉ុន្មានដែរ ។
ភុន សោភ័ណ្ឌ មកពីក្លឹបយុវកីឡាខេត្តកណ្តាល ត្រូវប្រកួតងជាមួយយឹម ឌៀប មកពីក្លឹបក្រសួងការពារជាតិ ។ គូនេះក៏ធ្លាប់ជួបគ្នាជាច្រើនលើកច្រើនសាមកដែរ ដែលមានឈ្នះ-ចាញ់ជាធម្មតា ។ មួយរយៈចុងក្រោយនេះពួកគេហាក់បីដូចជាឃ្លាតឆ្ងាយពីសង្វៀនមិនសូវបានបង្ហាញមុខញឹកញាប់ឡើយ ។ សោភ័ណ្ឌ មានរន្ទះជើងល្អ តែពេលចូលកៀកចាញ់ស្នៀតជង្គង់របស់យឹម ឌៀប ។ កណ្តាប់ដៃរបស់សោភ័ណ្ឌ លឿនតែស្រាល រីឯកណ្តាប់ដៃយឹម ឌៀប យឺតតែធ្ងន់ ។ ការជួបគ្នាលើកនេះទំនងយឹម ឌៀប ជាអ្នកឈ្នះ។
អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យ ត្រូវប្រកួតជាមួយឯម ចាន់រស្មី មកពីក្លឹបគ្រុឌ មានជ័យ ។ សំអាត និងរស្មី ទោះបីជាមានមាឌល្អិតទម្ងន់ស្រាល តែពួកគេមានប្រវត្តិឡើងសង្វៀនចាស់វស្សា និងមានបទពិសោធន៍ពេញខ្លួនដូចគ្នា ។ អាន មុន្នី មកពីក្លឹបនិរោធមានជ័យ ត្រូវប្រកួតជាមួយជា សុផានិត មកពីក្លឹបវីអាយភីចំការមន ។ សុខ វិរៈ មកពីក្លឹបប៉េអឹមខេត្តកំពង់ស្ពឺ ត្រូវប្រកួតជាមួយស៊ឹម សល់ មកពីក្លឹបប៉េអឹមរាជធានីភ្នំពេញ ។ រីឯនាង ស៊ីណាត មកពីក្លឹបប្រដាល់ខេត្តរតនគិរី ត្រូវប្រកួតជាមួយឈៀង សំអូន មកពីក្លឹបកងទ័ពជើងគោក ។ ប៉ុន្មានគូចុងក្រោយនេះសុទ្ធតែជាអ្នកប្រដាល់រលកក្រោយដែលមិនទាន់មានបទពិសោធន៍ច្រើននៅឡើយ៕
ចែករំលែកព័តមាននេះ