ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត នារី​ចិន​ម្នាក់​ដែល​ដើរ​ស្រែកយំ​តាម​ផ្លូវ មិនមែន​ត្រូវ​ចោរឆក់​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បាន​ដើរ​ស្រែកយំ​កាល​វេលា​ម៉ោង​១១​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ ហើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​ត្រូវ​បាន​ចោរឆក់ ជា​ព័ត៌មាន​មិន​ពិត​ទេ…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បាន​ដើរ​ស្រែកយំ​កាល​វេលា​ម៉ោង​១១​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ ហើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គាត់​ត្រូវ​បាន​ចោរឆក់ ជា​ព័ត៌មាន​មិន​ពិត​ទេ ។

បើ​យោង​តាម​សេចក្តី​បកស្រាយ​បំភ្លឺ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​សហការ​ស្រាវជ្រាវ​រវាង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ការិយាល័យ​អនុវត្ត​នីតិវិធី នៃ​ផែ​នក​អន្តោប្រវេសន៍ ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ អស់​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រក​ឃើញ​ស្ត្រីជន​ជាតិចិន​ឈ្មោះ ZHAO YUNYAN ហើយ​បាន​នាំ​យក​មក​ធ្វើការ​សាកសួរ និង​បំភ្លឺ​ចំពោះ​ករណី​ដែល​គាត់​បាន​លើក​ឡើង​ថា មាន​ករណី​ចោរឆក់​កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ស្ត្រី​ឈ្មោះ ZHAO YUNYAN រូប​នេះ​បាន​សារភាព​ថា មិន​មាន​ករណី​ឆក់​កើតឡើង​មក​លើ​រូប​គាត់​នោះ​ទេ ដោយសារ​តែ គាត់​ចង់បាន​លុយ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ទើប​ប្រឌិត​រឿង​នេះ​ឡើង ។

ម្យ៉ាងវិញទៀត ដោយ​មានការ​សង្ស័យ​ថា ស្ត្រី​រូប​នេះ​ប្រើប្រាស់​សារធាតុ​ញៀន មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​ស្ត្រីជន​ជាតិចិន​រូប​នេះ ជា​លទ្ធផល​បាន​បង្ហាញ​ថា គាត់​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

ពេល​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចតុមុខ​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌដូនពេញ កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ត្រៀម​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ។

សូម​រម្លឹកឡើងវិញ​ថា កាល​វេលា​ម៉ោង​១១និង០៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ មាន​នារី​ជនជាតិ​ចិន​​ម្នាក់ ដើរ​អូស​វា​លី ​ស្រែកយំ​ឈរ​តាម​ផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​សារព័ត៌មានចុះ​ទៅ​ផ្សាយ​ជួយ​លួងលោម​នាំ​មក​ខាង​វិញ តែ​នាង​មិន​ព្រម ក៏​ស្រែក​ឡាំប៉ា​ នៅ​ចំណុច​រង្វង់​មូល​សម្ដេច​សង្ឃ​ជួនណា​ត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។

ដើម្បី​ចូលរួម​សហការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត មុន​នឹង​ធ្វើការ​ចុះ​ផ្សាយ​ទាក់ទង​ទៅ​នឹង​ករណី​អ្វីមួយ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ សូម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ ជា​ពិសេស​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន អាច​ក្នុង​គោលបំណង​អាក្រក់​ដើម្បី​បំពុលបរិយាកាស​សង្គម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ