ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សេដ្ឋី​​ម៉ិចស៊ិក​​ លោក​កាឡូស ស្លីម ​បន្ត​តំណែង​​ជា​អ្នក​មាន​បំផុត​លើ​ពិភពលោក

15 ឆ្នាំ មុន

លោកកាឡូស ស្លីម ​​ជា​មហាសេដ្ឋី​​ផ្នែក​​ទូរគមនាគមន៍​​ល្បី​ឈ្មោះ​​ម្នាក់នៅ​តែរក្សា​​តំណែង​ជា​​អ្នក​មាន​បំផុត​​នៅលើពិភពលោក ដោយទ្រព្យ​​សម្បត្តិ​​​របស់​លោក​កើនឡើង​​ជាង​​១​ភាគ​​៣ ។ នេះ​បើ​​តាម​​ការ​ឱ្យ​ដឹង​​តាមរយៈ​បញ្ជីឈ្មោះ​​​អ្នក​មាន​បំផុត​លើពិភពលោក​​ចង​ក្រង​​ដោយទស្សនា​វដ្តី Forbes ដែលជា​​​ទស្សនា​វដ្តី​​ល្បីឈ្មោះ​​មួយ​​របស់សហរដ្ឋអាមេរិក ។
តាមរបាយការណ៍​​ដែលចងក្រង​​ដោយ​​ទស្សនា​វដ្តី Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​​របស់​លោក​កា​ឡូស​ ស្លីម កើនឡើង​ដល់​​៧៤​ពាន់​​លាន​ដុល្លារ​​អាមេរិក ​យកឈ្នះ​លើ​​ស្ថាបនិក​​ក្រុមហ៊ុន Microsoft លោកប៊ីលហ្គេត ​ជា​​អ្នក​មាន​​បំផុត​​នៅលើ​​ពិភពលោក ។ លោក​ប៊ីល​ហ្គេត ​មាន​ទ្រព្យសម្បត្តិ​​​​៥៦ពាន់លានដុល្លារ​អាេមរិក ជាប់​ចំណាត់ថ្នាក់​​លេខ​​២ ។ លោក​កាឡូស ​ស្លីម ជា​អ្នក​ជំនួញជនជាតិ​​ម៉ិចស៊ិក ហើយឆ្នាំ​​​២០១១ ​នេះ​ជា​​ឆ្នាំទី​២ ​ដែល​​លោក​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​មាន​បំផុត​​នៅលើ​​ពិភព​លោក​​​របស់​ទស្សនា​វដ្តី​​ Forbes ។​​
ជាមួយគ្នានេះ តាមរបាយការណ៍​​​ដែលចង​ក្រង​​ដោយទស្សនាវដ្តី​ Forbes ​ដែរ​ថា សហ​រដ្ឋ​​អាេមរិក ដែលជា​ប្រទេស​​សេដ្ឋកិច្ច​​ធំ​បំផុត​លើ​ពិភព​លោក​​នៅតែ​ជាប់ចំណាត់ថ្នាក់​ជា​​ប្រទេស​មាន​​មហាសេដ្ឋី​​​ច្រើនបំផុត ​ដោយ​មាន​​មហាសេដ្ឋី​​​ដល់ទៅ​​៤១៣​នាក់​ឯណោះ ។​
ចំពោះ​​លោកកាឡូស ​ស្លីម ​បើទោះ​ជា​សេដ្ឋ​កិច្ច​​​សាកល​លោកនៅមិនទាន់ងើបឡើងវិញល្អ​​​ប្រសើរ​​ក៏ដោយ ​ក៏​ការ​ធ្វើជំនួញ​​របស់​លោក​​ដំណើរ​​ការ​យ៉ាង​រលូនដដែល ។
សម្រាប់​លំដាប់ទី​៣ នៅតែ​ជា​តំណែង​ដើម គឺលោក​វ័រ​រ៉េន បាហ្វ​ហ្វេត អាយុ​​៧៩​ឆ្នាំ មាន​ទ្រព្យ​​​សរុប​​៥០.០០០​លានដុល្លារ ​ចំណែក​លោក​ប៊ឺ​ណាដ អាណូល បានរំកិល​​ឡើងពី​លំដាប់ទី​៧ មក​​នៅ​លំដាប់ទី​៤ មានទ្រព្យ​សម្បត្តិ​​សរុប​​​៤១.០០០​​លាន​ដុល្លារ ។​
ទោះបីជា​យ៉ាង​ណា​ក៏ដោយ ​ក្រៅពី​​បណ្តា​អ្នក​​មាន​​ទ្រព្យ​សម្បត្តិ​​ស្តុកស្តម្ភ​​នៅក្នុង​សហរដ្ឋ​អាេមរិក​​ បណ្តា​អ្នក​មាន​​​ទ្រព្យ​​ទាំងឡាយ​នៅ​អាស៊ី​​ក៏​មានការ​​កើនឡើង​​​ពី​ចំនួន​​សរុប​កាលពី​ឆ្នាំ​​មុន (២០១០) ១.០១១​នាក់ ដល់​​១.២១០​នាក់ ក្នុង​ឆ្នាំ​​២០១១នេះដែរ​។
ទោះបីជា​សហរដ្ឋអាមេរិក​​នៅតែ​គ្រប់គ្រង​​លំដាប់ទី​១ គិត​​ជា​ភាគរយ​មាន​ចំនួន​​​៣៣% នៃ​មហាសេដ្ឋី​​នៅទូទាំង​ពិភពលោក​​ក្តី​ ប៉ុន្តែ​​​​មាន​ការ​ថយចុះ​​ពីអំឡុងពាក់កណ្តាល​​​ទស​វត្ស​​កន្លងមក ​ខុសពី​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ដែល​ចំនួន​អ្នក​មាន​ទ្រព្យសម្បត្តិ​​ស្តុកស្តម្ភ​​កើនឡើង​យ៉ាង​ច្រើន​ ​ប្រជែង​ជាមួយ​តំបន់​​អឺរ៉ុប ដែល​ស្ថិតនៅ​​លំដាប់​ទី​២នៅឡើយ​ ។​
មហា​សេដ្ឋី​​ដែលកើនឡើងខ្ពស់​​​យ៉ាង​ច្បាស់​គឺ​នៅប្រទេស​ចិនពីចំនួន​​៦៩​នាក់ ​ឡើងដល់​​១៥៥​នាក់ ​ចំណែក​នៅហុងកុង ​ពី​​​២៥​នាក់ ដល់​​៣៦​នាក់ ​នៅ​ឥណ្ឌា​ពីចំនួន​៤៩​នាក់ ​ដល់​​​៥៥​នាក់ ​និង​នៅ​​ទូទាំ​​ងអាស៊ី-​ប៉ាស៊ីហ្វិក ​មនុស្ស​មាន​​​ទ្រព្យ​​ស្តុក​ស្តម្ភ​​កើន​ពី​​២៣៤​នាក់ក្នុង​​ឆ្នាំ​មុន​ដល់​​៣៣២​
នាក់ ៕