សត្វផ្សោតកម្ពុជាកំពុងប្រឈមនៃការរស់រានមានជីវិត
ខេត្តក្រចេះ ៖ ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គ ក្នុងឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេ…
ខេត្តក្រចេះ ៖ ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គ ក្នុងឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេ…
ខេត្តក្រចេះ ៖ ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គ ក្នុងឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេ មេគង្គកម្ពុជា។ ចំនួននេះ គឺជាចំនួនថេរបន្ទាប់ពី ចំនួនសត្វផ្សោតបានធ្លាក់ចុះក្នុងប៉ុន្មាន ទស្សវត្សកន្លងទៅនេះ។
នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ រដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការអំពាវនាវ យ៉ាងទទួចសូមឲ្យអនុវត្តសកម្មភាពរួមគ្នា និងវិធានការខ្លាំងក្លាបន្ថែមទៀតជាបន្ទាន់ពីបណ្តាស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ សហគមន៍កម្ពុជា និងពីសំណាក់ដៃគូបច្ចុប្បន្ន និងដៃគូផ្សេងទៀតផងដែរ។
ការអំពាវនាវ យ៉ាងទទួចនេះធ្វើឡើង ក៏ព្រោះថា សត្វផ្សោតទាំងនោះនៅតែបន្តប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការនេសាទដោយប្រើសំណាញ់ធំៗ ហើយសំណាញ់ទាំងនោះអាចចូលទៅក្នុងទឹកដែលមានជំរៅជ្រៅបាន ការនេសាទខុសច្បាប់និងការនេសាទលើសលុប ដោយការប្រើឧបករណ៍អេឡិចត្រូនិចសំរាប់ឆក់ត្រីជាដើម មិនត្រឹមតែប៉ុណ្ណោះការអភិវឌ្ឍទំនប់វារីអគ្គិសនី ក៏កំពុងធ្វើប៉ះពាល់និងគំរាមកំហែងការរស់រានមានជីវិត របស់ផ្សោតដែលកំពុងរស់នៅក្នុងទន្លេមេគង្គនេះផងដែរ។
លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំនៅកម្ពុជា បានឱ្យដឹងថា «ទោះបីជាលទ្ធផលនៃការស្ទង់មតិក្នុងឆ្នាំ ២០២០ បង្ហាញថា ចំនួនសត្វផ្សោតមានស្ថេរភាពក៏ដោយ ក៏ចំនួនទាំងនេះនៅតែតូច ដូច្នេះសកម្មភាពនៃការអភិរក្ស គឺនៅតែចាំបាច់បំផុតសម្រាប់សត្វប្រភេទនេះ ដើម្បីធានាឱ្យបានថាចំនួនសត្វប្រភេទដែលជិតផុតពូជនេះ អាចរស់នៅបាន និងមានជំរកយ៉ាងកក់ក្តៅសម្រាប់ពួកគេ។ ហើយដើម្បីធានាថា ពួកគេអាចរួចផុតពីសកម្មភាពនេសាទខុសច្បាប់ និងក្តីសង្ឃឹមថាពួកគេនឹងមានរបបអាហារគ្រប់គ្រាន់។ ការពង្រឹងនៃការអនុវត្តច្បាប់ ការបង្កើន ការអភិវឌ្ឍជីវភាព និងការដោះស្រាយបញ្ហាលំហូរទឹក និងការប្រែប្រួលអាកាសធាតុ គឺជាការងារចំបាច់ដែលត្រូវធ្វើ»។
ស្រ៊ុន លឹមស៊ុង អគ្គនាយករងនៃរដ្ឋបាលជលផល បានថ្លែងថា «ចំនួននៃសត្វទាំងនេះ ត្រូវបានចាត់ទុកថា ជាចំនួនដែលមានចំណាត់ថ្នាក់ខ្ពស់ ដែលទទួលរងការគំរាមកំហែងនៃគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN (the IUCN Red List) ហើយវាជាចំណាត់ខ្ពស់សម្រាប់សត្វជិតផុតពូជ ក្នុងចំណាត់ថ្នាក់អន្តរជាតិផងដែរ។ សត្វផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy dolphins) ត្រូវបានទទួលការការពារយ៉ាងពេញលេញ ដោយច្បាប់ជលផលរបស់ប្រទេសកម្ពុជា ហើយកន្លងរដ្ឋបាលជលផលបានខិតខំប្រឹងប្រែង អនុវត្តច្បាប់របស់ឆ្មាំទន្លេ ដោយសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលបានចូលរួមទប់ស្កាត់ និងបញ្ឈប់ការនេសាទខុសច្បាប់នៅ ក្នុងតំបន់ដែលត្រូវការពារ ជម្រកសត្វផ្សោតនេះ»។
អង្គការ WWF បានបន្ថែមថា យើងសូមថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជល និងអាជ្ញាធរ ខេត្តស្ទឹងត្រែងនិងក្រចេះ បណ្តាដៃគូអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដែលបាននិងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងបេសកកម្មអភិរក្ស។ រាល់កិច្ចប្រឹងប្រែងទាំងអស់ទាំងក្នុងអតីតកាល រហូតដល់បច្ចុប្បន្ន អាចប្រព្រឹត្តទៅបានដោយមានការគាំទ្រដោយ DGD, SDC, BMZ, WWF-Belgium, WWF-Sweden, WWF-Switzerland, WWF-Netherland, WWF-Singapore, WWF-Germany, H&M, The King Baudouin Foundation, Research & Conservation of Zoo Nuremberg៕
ចែករំលែកព័តមាននេះ