ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នៀត​ពិសេស​របស់ បឺត សង្ឃឹម មិន​អន់​ជាង បឺត ខាំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១៧ ឧសភា ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​គឺ បឺត ខាំ នឹង​ឡើង​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​១៧ ឧសភា ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​គឺ បឺត ខាំ នឹង​ឡើង​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍  (SEA-TV) បន្ទាប់​ពី​បាន​បាត់​មុខ​អស់​ច្រើន​ឆ្នាំ រឿង​ករណី​របួស​ជើង និង​ជាប់សូរ​ទៅ​បង្ហាត់​សិស្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ យ៉ាងណា​ក៏​ដោយ មុន​ការ​បង្ហាញខ្លួន​របស់​ជើង​ខ្លាំង​រូប​នេះ សិស្ស​ប្អូន​របស់​គេ​ឈ្មោះ បឺត សង្ឃឹម ដែល​ជា​ជើង​ថ្មី ក៏​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​មិន​តិច​ដែរ ជាមួយនឹង​ភាព​ខ្លាំងក្លា​ក្នុង​ការ​បញ្ចេញ​ស្នៀត​ពិសេស​ៗ​នៅ​លើ​សង្វៀន ។

ឆ្លងកាត់​ការ​ប្រកួត​ទើបតែ​បាន​៣០​ដង​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​វ័យក្មេង​មក​ពី​ខេត្តកំពង់ឆ្នាំង ឈ្មោះ បឺត សង្ឃឹម រូប​នេះ​អាច​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​មិនធម្មតា ។ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣០​ដង គេ​ឈ្នះ​ដល់​ទៅ​២៤​ដង និង​ចាញ់​តែ​៦​ដង​ប៉ុណ្ណោះ ។ បើ​ទោះជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​បំផុត​កាលពី​ថ្ងៃអាទិត្យ​មុន គេ​មិន​ទទួល​បាន​ជោគជ័យ ដោយសារ​ប៉ះ​ជាមួយ​ជើង​ខ្លាំង និង​ល្បីឈ្មោះ មាស សា​រ៉ា​ក់ ដែល​ជា​កីឡាករ​ល្អ ក៏​ភាព​ខ្លាំងក្លា និង​ទេព​កោសល្យ​ក្នុង​ការ​ប្រកួត​ចំនួន​៥​ទឹក​នោះ​ត្រូវ​បាន​ស្ដែង​ឡើង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត ។

ទាំង​ដៃ និង​ជើង​របស់​កីឡាករ​រូប​នេះ​មាន​ភាព​រហ័ស និង​ពោរពេញ​ដោយ​បច្ចេកទេស​ក្នុង​ការ​វាយ​ចេញ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ក៏​មើលឃើញ​ថា ប្រសិនបើ​គូប្រកួត​របស់​គេ​នា​ថ្ងៃ​នោះ មិនមែន​ជា​កីឡាករ​ល្បីឈ្មោះ មាស សា​រ៉ា​ក់ គឺ​ពិតជា​ទៅ​មិន​រួច​។ នៅ​លើ​សង្វៀន​នោះ មាស សា​រ៉ា​ក់ ឈ្នះ​ពិន្ទុ​ដោយ​ត្រដាបត្រដួស​បំផុត ហើយ​ក៏​ទ្រម​ខ្លួន​ណាស់​ដែរ​ទើប​ធ្វើ​ឲ្យ​ភាព​លេចធ្លោ​ហាក់​ធ្លាក់​ទៅ​លើ​កីឡាករ វ័យក្មេង បឺត សង្ឃឹម ច្រើន​ជាង​។ ពិសេស​នៅ​ពេល​អ្នក​ណា​ក៏​ដឹង​ថា គេ​ជា​អ្នក​ជំនាន់​ក្រោយ​របស់ បឺត ខាំ ដែល​នឹង​បង្ហាញខ្លួន​នៅ​ស​ប្ដា​ហ៍​នេះ ។ ការ​ប្រកាស​ឲ្យ​ឮ​ពី​ឈ្មោះ​របស់ បឺត សង្ឃឹម ធ្វើ​ឲ្យ​គេ​នឹក​ដល់​កីឡាករ​បឺត ខាំ ភ្លាម ហើយ​ក៏​រុញ​ឲ្យ​កីឡាករ​ដែល​គេ​កម្រ​ឮឈ្មោះ​រូប​នេះ​ទទួល​បានការ​ចាប់​អាម្ម​ណ៍​ផង​ដែរ ។

នា​ពេល​កន្លង​មក គេ​ធ្លាប់តែ​ឮឈ្មោះ​កីឡាករ​បឺត ខាំ​, បឺត សំរេច និង​បឺត សំខាន់ ប៉ុណ្ណោះ ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ភាព​ខ្លាំងក្លា​ធ្វើ​ឲ្យ​មហាជន​អត់ទ្រាំ​មិន​គាំទ្រ​មិន​បាន ។ អ៊ីចឹង​ហើយ​ទើប​ភាពរឹងមាំ​ក្នុង​ពេល​ប្រយុទ្ធ​របស់​កីឡាករ​ស៊េរី​ថ្មី បឺត សង្ឃឹម បាន​ជួយ​ឲ្យ​ក្រេ​ឌី​តរបស់​គេ​ឈាន​ឡើង​មិនបាច់​ប្រឹង នៅ​ពេល​ដែល​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ក៏​ល្អ និង​មាន​ចំណុច​គួរ​ឱ្យ​ជក់ចិត្ត ។ ធៀប​នឹង​កីឡាករ​ជើង​ថ្មី​ដូច​គ្នា បឺត សង្ឃឹម កន្ត្រាក់​បានការ​គាំទ្រ​ខ្ពស់​ជាង​ជាមួយនឹង​បច្ចេកទេស​ល្អ ដែល​កីឡាករ​ភាគច្រើន​មិន​អាច​ធ្វើ​បាន ។ ស្នៀត​ដែល​គេ​ផ្ដល់​តម្លៃ​ថា បឺត សង្ឃឹម ល្អ អាច​ស្នង​តំណែង​រាមច្បង គឺ​បឺត ខាំ បាន ត្រង់​គេ​ចេះ​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ ទាត់​បង្ហោះ និង​កែង​បក​បាន​រស់​រវើក ។

ទោះបី​យ៉ាងណា គេ​ក៏​នៅ​មិន​ទាន់​ច្បាស់​ពី​ការ​វាយលុក និង​នៅ​អន់​កណ្ដាប់ដៃ​បន្តិច​ដែរ ទើប​ធ្វើ​ឲ្យ​ភាព​ខ្លាំងក្លា​នៅ​មិន​ទាន់​ដល់​កម្រិត ឬ​អាច​ហៅ​ថា មិន​ទាន់​ចេះ​ប្រើ​ដើម្បី​បំបាក់​សិស្ស​ច្បង មាស សា​រ៉ា​ក់​។ មនុស្ស​ភាគច្រើន​មើលឃើញ​ថា មិនយូរ​មិនឆាប់ កីឡាករ​រូប​នេះ​នឹង​ឈាន​ដល់​ចំណុច​ស្មើ​រៀមច្បង​របស់​ខ្លួន​នៅ​ពេល​ការ​ប្រកួត​កាន់តែ​ផ្ដល់​បទ​ពិសោធន៍​ឲ្យ​គេ​គ្រប់គ្រាន់ ។ ក្នុង​នោះ​ឱកាស​ឡើង​ប្រកួត​គូ​ឯក និង​គូ​អន្តរជាតិ ក៏​ត្រូវ​គេ​សម្លឹង​ឃើញ​ថា មិន​ពិបាក​ដើម្បី​ឲ្យ​កីឡាករ​រូប​នេះ​ឈោង​ចាប់​នោះ​ផង ។ កីឡាករ​បឺត សង្ឃឹម ត្រូវ​គេ​ដឹង​ថា មានស្រុក​កំណើត​នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែល​ជា​ស្រុក​តែ​មួយ​នឹង​កីឡាករ​បឺត ខាំ ។

យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​នេះ​ជា​សាច់ញាតិ​នឹង​កីឡាករ​បឺត ខាំ ឬ​គ្រាន់តែ​ជា​សិស្ស​ប្អូន​រួម​គ្រូ រួម​ក្លិប​ជាមួយ​គ្នា​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ការ​សុំ​សម្ភាស​នៅ​មិន​អាច​ធ្វើ​បាន​បែប​នេះ ។ តែ​អ្វី​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា គឺ​គេ​មាន​ថ្វីដៃ​ល្អ សម្បូរ​ស្នៀត​ពិសេស​ៗ​ក្នុង​ពេល​វាយលុក​គូប្រកួត ដែល​មើលទៅ​រស់​រវើក​មិន​អន់​ជាង​កីឡាករ​បឺត ខាំ ឬ​កីឡាករ​ត្រកូល​បឺត​ផ្សេង​ទៀត​ដែល​ជា​រៀមច្បង​ទេ ។ បឺត សង្ឃឹម មាន​អាយុ​២០​ឆ្នាំ កម្ពស់​១,៦៥​ម៉ែត្រ និង​ទម្ងន់​៥៧​គីឡូក្រាម និង​មាន​កម្លាំង​ជើង​រឹង​មាំ ហើយ​អាច​ទាត់​ខ្ពស់ និង​រហ័ស ។ ការ​ប្រឡូក​នៅ​ដើមឆ្នាំ​២០១៥​កន្លង​មក គេ​ឈ្នះ​ការ​ប្រកួត​ជាប់សូរ ដោយ​ទើបតែ​ចាញ់​កីឡាករ​មាស សា​រ៉ា​ក់ កាលពី​ថ្ងៃអាទិត្យ​មុន​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​ទទួល​បានការ​ចាប់អារម្មណ៍​តែ​មួយប៉ប្រិចភ្នែក ។

បឺត សង្ឃឹម ត្រូវ​គេ​មើលឃើញ​ថា ជា​កីឡាករ​ស៊េរី​ក្រោយ​ក្នុង​ត្រកូល​បឺត​តែ​ម្នាក់​ដែល​អាច​ស្នង​តំណែង​អ្នក​មុន​ៗ ជា​ពិសេស​ក្នុង​ដំណាក់​កាលដែល​បឺត សំខាន់ និង បឺត សំរេច ជាដើម បាន​សម្រេច​ធីប​ចោល​នូវ​ការ​ប្រកួត ។ មានការ​ទស្សន៍​ទាយ​ថា ការ​បង្ហាញខ្លួន​ជា​ថ្មី​របស់​កីឡាករ​បឺត ខាំ នឹង​ជួយ​ឲ្យ បឺត សង្ឃឹម ដែល​ជា​ជំហាន​ក្រោយ មាន​ក្រេ​ឌី​ត​ដោយ​មិន​ពិបាក ព្រម​ជាមួយនឹង​ទេព​កោសល្យ​ល្អ​ប្រសើរ​របស់​កីឡាករ​រូប​នេះ​គ្រប់ពេល​ឡើង​រេញ ៕