ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កាលី​លេ អ្នកប្រាជ្ញ​វិទ្យាសាស្ត្រ​ដើមដំបូង​ដ៏​អស្ចារ្យ

8 ឆ្នាំ មុន

វិទ្យាសាស្ត្រ​ខាង​អវកាស​មាន​ដើម​កំណើតនៅ​ក្នុង​ស្នាដៃ​របស់​លោក កាលី​លេ ដែល​បដិសន្ធិ​ឡើង​តាំង​តែ​ពី​បួន​សតវត្ស​កន្លង​ទៅ​ហើយ ។ លោក​ជា​ស្ថាបនិក​ទី​១​ក្នុង​ចំណោម​អ្នក​ផ្ដើម​

វិទ្យាសាស្ត្រ​ខាង​អវកាស​មាន​ដើម​កំណើតនៅ​ក្នុង​ស្នាដៃ​របស់​លោក កាលី​លេ ដែល​បដិសន្ធិ​ឡើង​តាំង​តែ​ពី​បួន​សតវត្ស​កន្លង​ទៅ​ហើយ ។ លោក​ជា​ស្ថាបនិក​ទី​១​ក្នុង​ចំណោម​អ្នក​ផ្ដើម​បង្កើត​វិទ្យាសាស្ត្រ​សម័យ ។

មនុស្សលោក​នៃ​ឆ្នាំ​១៩៦៤ បាន​បង្ហោះ​ផ្កាយ​រណប​ទាំងឡាយ​ជា​អ្នក​នាំសារ​របស់​ខ្លួន​ទៅ​កាន់​ផ្កាយព្រះគ្រោះ ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​សេចក្ដីសម្រេច​ជោគជ័យ​បែប​នេះ គេ​បាន​បើក​រួច​មក​ហើយ​តាំងពី​៣៥៤​ឆ្នាំ​មក​ម្ល៉េះ គឺថា​នៅ​ក្នុង​គ្រឹ​ស្ត​សករាជ​១៦១០ ។ ក្នុង​កាលនោះ នៅ​ចំពោះ​មុខ​មហាជន​សាកលលោក សាស្ត្រាចារ្យ​ដ៏​ម្នោម្នះ​មួយ​រូប​នៃ​មហាវិទ្យាល័យ​ប៉ា​ឌូ (Université de Padoue) បាន​បញ្ចេញ​នូវ​សេចក្ដី​អត្ថាធិប្បាយ​មួយ​ក្រោម​ចំណងជើង​ថា «​អ្នក​នាំសារ​ទៅ​កាន់​ផ្កាយ​» (Le Messager Astral) ។ ស្នាដៃ​នេះ​បង្ហាញ​អំពី​ព្រឹត្តិការណ៍​នៃ​កែវយឹត​សម្រាប់​មើល​ផ្កាយ​នៅ​ក្នុង​តារាវិទ្យា ហើយ​បញ្ជាក់​ថា​វិទ្យាសាស្ត្រ​កាលនោះ​បាន​រៀបចំ​ហើយ​នូវ

ជំហាន​ដំបូង ដើម្បី​ស្ថាបនា​ផ្លូវ​ទៅ​កាន់​យុគ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​អន្តរទ្វីប ។

ក្នុង​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​គេ​អនុវត្ត​តាម​ធម៌​ភាព​នៃ​ឋា​មក​ម្ប​នា (Lois de la dynamique) ដែល​ជា​វិទ្យាសាស្ត្រ​ខាង​ចលនា នៃរូប​វត្ថុ​មាន​ដើម​កំណើត​មក​ពី​ការ​រក​ឃើញ​របស់​លោក​សាស្ត្រាចារ្យ​ដដែល នៃ​មហាវិទ្យាល័យ​ប៉ា​ឌូ​នេះ​ហើយ​បានជា​គេ​អាច​តម្រង់​ទិស​នៃ​ការ​ហោះហើរ​របស់​ផ្កាយ​រណប​បាន​, បានជា​គេ​អាច​បញ្ចូល​វា​ទៅ​ក្នុង​តារាវិថី​បាន ហើយ​អាច​បាញ់​កាំជ្រួច​ទៅ​កាន់​ផ្កាយព្រះសុក្រ និង​ព្រះ​ចន្ទ​បាន​ទៀត ។

ដោយសារ​កិច្ចការ​របស់​លោក​នោះ​ហើយ បានជា​លោក​កាលី​លេ​អូ​-​កាលី​លេ​អី​ុ ត្រូវ​បាន​គេ​ទទួល​រាប់​ឈ្មោះ​បញ្ចូល​ទៅ​ក្នុង​វិទ្យាសាស្ត្រ​អវកាស ស្មើ​ឋានៈ​នឹង​អ្នកប្រាជ្ញ​ទាំងឡាយ ដែល​ទទួលភារៈ​បង្ហោះ​កាំជ្រួច​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ ប៉ុន្តែ​វិទ្យាសាស្ត្រ​សម័យ​ត្រូវការ​អំពី​លោក​នូវ​វិភាគទាន​ជា​ខ្លឹមសារ​មួយទៀត ព្រោះថា លោក​កាលី​លេ ជាន​វា​នុ​វត្ត​ម្នាក់​ក្នុង​ចំណោម​ន​វា​នុ​វត្ត​ទាំងឡាយ ដែល​បាន​ប្រើ​វិធី​ពិសោធន៍​។ លោក​បាន​ធ្វើ​ឱ្យ​ការ​ស្រាវជ្រាវ​រក​ចំណេះ​កាន់តែ​មាន​គោលការណ៍​ច្បាស់លាស់​ថែម​ទៀត ។ តាម​ពិត​លោក​កាលី​លេ គឺជា​អ្នកប្រាជ្ញ​មួយ​រូប​ក្នុង​ចំណោម​អ្នកប្រាជ្ញ​សម័យ​ថ្មី​, លោក​ជា​បិតា​មួយ​រូប​នៃ​វិទ្យាសាស្ត្រ ដោយ​រាប់​បញ្ចូល​ជាមួយ​លោក​កូ​ពែ​រ៍​និ​ច​, លោក​គេ​ព្លែ​រ៍​, និង​លោក​ញូ​វ​តុ​ន (Copernic, Kepler, Newton) ។

ជា​មនុស្ស​ម្នាក់​ដូច​អ្នក​ឯទៀត​ដែរ
ប៉ុន្តែ​លោក​កាលី​លេ ក៏​ជា​មនុស្ស​មួយ​រូប​ដ៏​មាន​ភាព​ទន់ខ្សោយ​គ្រប់យ៉ាង ដែល​ជា​មត៌ក​របស់​មនុស្ស ។ លោក​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​កំហុស​ខ្លះ​ក្នុង​វិទ្យាសាស្ត្រ ហើយ​មានះ​ខំប្រឹង​ការពារ​យ៉ាង​រម៉ាំងរម៉ោក ។ ជា​មនុស្ស​ដែល​ក្រអឺត​ក្រ​អាង​ចំពោះ​កិច្ចការ​រក​ឃើញ​របស់​ខ្លួន ហើយ​ពុំ​ចេះ​អត់ឱន​ដល់​មតិ​យល់​ឃើញ​របស់​អ្នក​ដទៃ​ឡើយ ។ ជា​មនុស្ស​លែបខាយ ហើយ​កំណាញ់​ផង ។ លក្ខណៈ​ទាំងនេះ​បង្ហាញ​ថា ទេព​កោសល្យ​មិន​អាច​លុបលាង​នូវ​ទិដ្ឋិ​មានះ​ដែល​ជា​សម្បត្តិផ្ទាល់ខ្លួន​របស់​មនុស្ស​បាន​ឡើយ ។

គឺ​ដោយ​សារភាព​របឹងរឹងរូស​របស់​លោក​នេះ​ហើយ​មើលទៅ បានជា​គេ​ត្រូវការ​ម្យ៉ាង​នូវ​ផល​ខ្លះ​របស់​លោក​ដែល​ទាក់ទង​ទៅ​នឹង វិទ្យាសាស្ត្រ​។ បាន​សេចក្ដី​ថា​លោក​កាលី​លេ ប្រើ​វិធី​សរសេរ​ដោយ​ងាយ​ស្ដាប់​ម៉ឺងម៉ាត់ ហើយ​និយាយ   ត្រង់​ៗ ។ របៀប​សរសេរ​បែប​នេះ​លេចឡើង​ប្លែក​អំពី​វិធី​តែង​របស់​អ្នកផង​ក្នុង​សម័យ​នោះ ដែល​និយម​ការ​តែង​យ៉ាង​ល្អល្អះ ពេញ​ទៅ​ដោយ​ឃ្លាប្រយោគ​ពាក្យ​សម្តី វិសេស​ៗ ហើយ​ប្រកប​ទៅ​ដោយ​សភាព​ស្រពេចស្រពិល ។
មនុស្ស​ដ៏​ខ្លាំងក្លា ហើយ​ពុះពារ​នេះ​កើត​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​១៥៦៤ នៅ​ទីក្រុង «​ពី​ហ្ស​» (Pise នៃ​ប្រទេស​អី​ុ​តា​លី​) ក្នុង​គ្រួសារ​អភិជន​អត្តខាត់​មួយ ។ វ័យ​១៧​ឆ្នាំ គាត់​ចូល​ទៅ​រៀន​វិជ្ជាពេទ្យ​ក្នុង​មហាវិទ្យាល័យ​នៃ​ទីក្រុង «​ពី​ហ្ស​» ។ គឺ​នៅ​ទីក្រុង «​ពី​ហ្ស​» នេះ​ហើយ​ដែល​លោក​រក​ឃើញ​នូវ​ការ​ថ្មី​ទី​មួយ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​លោក ។ គឺថា​ថ្ងៃមួយ នៅ​ក្នុង​វិហារ​សាសនា​គ្រឹ​ស្ត លោក​បាន​ពិនិត្យ​សង្កេត​ការ​យោល​យោគ​នៃ​ចង្កៀង​មួយ​ដែល​គេ​ព្យួរ​នៅ​នឹង​ខ្លោងទ្វារ ។ លោក​សន្និដ្ឋាន​ចំពោះ​ចលនា​នេះ​ថា ទោះបី​យោល​យ៉ាងណា​ក៏​ដោយ ក៏​គង់​រយៈពេល​យោល​របស់​វា​នៅ​នឹង​មិន​ប្រែ​ឡើយ ។ គឺ​មូលភាព​នៃ​ការ​យោល​នេះ​ហើយ ដែល​ក្រោយមក​គេ​យក​ទៅ​អនុវត្ត​ចំពោះ​នាឡិកាប៉ោល ។ លោក​កាលី​លេ យក​មូលភាព​នេះ​ទៅ​អនុវត្ត​ធ្វើ​នាឡិកាដក់​យ៉ាង​ទៀងទាត់​មួយ​សម្រាប់ ពិនិត្យ​ដំណើរ​ជីពចរ ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​ប្រដាប់​ពិនិត្យ​ជីពចរ (pulsilogium) ។

ការ​ពិសោធ​នៃ​ប៉ម​ទ្រេត (la Tour Penchée)
លោក​កាលី​លេ បាន​ទុក​វិជ្ជាពេទ្យ​មួយអន្លើ ហើយ​បែរ​ទៅ​គិត​អំពី​គណិតសាស្ត្រ និង​វិទ្យាសាស្ត្រ​វិញ ។ ប៉ុន្តែ​ការ​ពិបាក​ខាង​សម្ភារ​បាន​បង្ខំ​លោក​ឱ្យ​ចាកចេញ​អំពី​មហាវិទ្យាល័យ​នៅ​ឆ្នាំ​១៥៨៥ មុន​នឹង​ប្រឡង​យក​សញ្ញាប័ត្រ ។ ទោះជា​យ៉ាងដូច​នេះ​ក៏​ដោយ ក៏​លោក​នៅ​តែ​បន្តការងារ​ស្រាវជ្រាវ​តម​ក​ទៀត ហើយ​បាន​ទទួល​កេរ្តិ៍ឈ្មោះ បន្តិច​ម្ដង​ៗ ។ នៅ​ឆ្នាំ​១៥៨៩ លោក​ត្រូវ​បាន​គេ​តាំង​ជា​សាស្ត្រាចារ្យ​ខាង​សន្និសីទ «​នៃ​មហាវិទ្យាល័យ​ពី​ហ្ស​» ។ នៅ​ទី​នេះ​លោក​បង្រៀន​វិជ្ជា​គណិតសាស្ត្រ ។ គឺ​នៅ​មហាវិទ្យាល័យ​ពី​ហ្ស​នេះ​ហើយ​ដែល​លោក​កាលី​លេ សម្រេច​ជោគជ័យ​ខាង​ការ​ពិសោធន៍​សំខាន់​ៗ​ដូច​ជា​ខាង​ឋា​មក​ម្ប​នា​មួយ (dynamique) ជាដើម ។

តាម​ពិត តើ​លោក​កាលី​លេ បាន​ទម្លាក់​កូន​ទម្ងន់​ពីរ​ដុំ​ផ្សេង​គ្នា​ពីលើ​ប៉ម​ទ្រេត​មក​ដើម្បី បញ្ជាក់​ឱ្យ​ឃើញ​ថា វត្ថុ​នេះ​ធ្លាក់​មក​ដល់​ដី​ក្នុង​ពេល​ដំណាលគ្នា​មែន​ឬទេ ? ឬ​មួយ​ក៏​គ្រាន់តែ​អ្នកមាន​យោបល់​ផ្ទុយ​នឹង​លោក បាន​និយាយ​ថា​ដើម្បី​នឹង​បដិសេធ​ទ្រឹស្ដី​របស់​លោក​ទេ ? ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​កាលី​លេ បាន​រៀបចំ​គោលការណ៍​មួយ​ដ៏​សំខាន់​ថា ៖ ក្នុង​ការ​ធ្លាក់​ចុះ​ដោយ​សេរី វត្ថុ​គ្រប់​បែប​ទោះ​ទម្ងន់​ប៉ុណ្ណា​ក៏​ដោយ ក៏​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា​ដែរ (​នេះ​បើ​គេ​មិន​គិត​អំពី​ការ​ទប់ទល់​របស់​អាកាស​ផង​ទេ​)​។

នៅ​ឆ្នាំ​១៥៩២ កាលី​លេ ត្រូវ​បាន​តែងតាំង​ជា «​សាស្ត្រាចារ្យ​ខាង​គណិតសាស្ត្រ​នៅ​មហាវិទ្យាល័យ​ប៉ា​ឌូ​ដ៏​ល្បីល្បាញ ។ លោក​ស្ថិត​នៅ​ក្នុង​ទី​នេះ​អស់​រយៈពេល​១៨​ឆ្នាំ ហើយ​បន្ត​ការ​ស្រាវជ្រាវ​ខាង​ឋា​មក​ម្ប​នា​ជា​និច្ច ។

ធម៌​ភាព​នៃ​និចលភាព (​ភាព​ដែល​មិន​កម្រើក​) (La loi de l’inertie)
សព្វ​ថ្ងៃនេះ សិស្ស​ទាំងអស់​សុទ្ធតែ​ទន្ទេញ​ការ​ពិសោធ​ដ៏​ល្បីល្បាញ​របស់​លោក​កាលី​លេ ស្ដី​អំពី​ការ​រអិល​ចុះ​នៃ​ដុំ​ឃ្លី​នៅ​លើ​ផ្ទៃ​ទ្រេត ។ គឺ​ការ​ពិសោធ​បែប​នេះ​ហើយ​ដែល​ដឹកនាំ​ទៅ​រក​ការ​ចេះ​ដឹង​នូវ​សមាភាគ (rapport) ដែល​មាន​រវាង​កម្លាំង និង​ចលនា ។

លោក​កាលី​លេ សន្និដ្ឋាន​អំពី​ការ​នេះ​ថា កម្លាំង​មាន​ប្រយោជន៍​ចាំបាច់​ក្នុង​ការ​ធ្វើ​ឲ្យ​វត្ថុ​មាន​ចលនា ក្នុង​ការ​ធ្វើ​ឱ្យ​វត្ថុ​ដែល​មាន​ចលនា​ហើយ​អន់​ល្បឿន​វិញ ឬ​មួយ​ក៏​ធ្វើ​ឲ្យ​វត្ថុ​នោះ​ផ្លាស់​ប្ដូរ​ទិស ។ សញ្ញាណ​បែប​នេះ សុទ្ធតែ​ជា​សញ្ញាណ​ថ្មីថ្មោង​បំផុត​នៅ​សម័យ​នោះ ។ លោក​បាន​រក​ឃើញ​នូវ​ធម៌​ភាព​នៃ​និចលភាព ដែល​ជា​ធម៌​ភាព​ទី​១ ក្នុង​ធម៌​ភាព​នៃ​ចលនា​ដែល​លោក​អីុ​ហ្សា​អាក់ ញូ​វ​តុ​ន (Isaac Newton) បាន​យក​មក​លាតត្រដាង​ដល់​សាកលលោក​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មកនេះ ។ នេះ​គឺជា​បច្ច័យ​រវាង​កម្លាំង​ដុំ​វត្ថុ និង​ចលនា​ដែល​កំណត់​នូវ​សកម្មភាព​ទាំងអស់​ទៅ​លើ​ចលនា​នៃ​រូប​វត្ថុ​ដោយ​រាប់​ទាំង​ការ​បង្ហោះ​តារា​រណប​ផង ។

នៅ​ក្នុង​វិស័យ​នៃ​ការ​ស្រាវជ្រាវ​មួយទៀត​របស់​លោក​កាលី​លេ សិក្សា​រាវរក​នូវ​ផ្លូវ​នៃ​វត្ថុ​ដែល​បាញ់ ឬ​គ្រវែង​ទៅ​នោះ​រត់ ។ លោក​បញ្ជាក់​ថា ដំណើរ​វិល​នៃ​វត្ថុ​នោះ​មាន​រាង​កោង (parabole) ។

ធ្វើ​បែប​នេះ គឺ​លោក​បាន​នាំ​វិភាគទាន​មួយ​ថ្មី​ទៀត មក​ផ្ដល់​ដល់​ការ​លូតលាស់​នៃ​វិទ្យាសាស្ត្រ ពោល​គឺ​បាន​ជួយ​ពន្យល់​ថែម​ទៀត​អំពី​មូលភាព «​ការ​ហូរ​ចេញពី​កម្លាំង​» (la résultance des forces) ដែល​បង្ហាញ​ថា តើ​ត្រូវ​បូក​រួម​ផល​នៃ​កម្លាំង​ពីរ​ដែល​សង្កត់​ម្ដងម្នាក់​ទៅ​លើ​រូប វត្ថុ​យ៉ាងណា ដើម្បី​នឹង​កំណត់​ផ្លូវ​ដែល​រូប​វត្ថុ​នោះ​ត្រូវ​រត់​តាម ។ នៅ​ក្នុង​ករណី​នៃ​កាំជ្រួច កម្លាំង​មួយ​នោះ គឺ​កម្លាំង​ច្រាន ឯ​កម្លាំង​មួយទៀត គឺ​កម្លាំង​ស្រូបនៃ​ផែនដី ។

លទ្ធផល​នៃ​ការ​ពិសោធ​ដែល​លោក​កាលី​លេ បាន​ធ្វើ​អំពី​ឋា​មក​ម្ប​នា ហើយ​និង​សេចក្ដីសន្និដ្ឋាន​របស់​លោក​មាន​ពន្យល់​នៅ​ក្នុង​ស្នាដៃ​យ៉ាង​សំខាន់​របស់​លោក​ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៦៣៨ ក្រោម​ចំណងជើង​ថា «​សំ​វាទ​នៃ​វិទ្យាសាស្ត្រ​ទំនើប (Dialogue des sciences nouvelles)» ។

វិធី​ពិសោធន៍
តើ​វិធី​របស់​លោក​កាលី​លេ មាន​របៀប​យ៉ាងដូចម្ដេច ? លោក​កាលី​លេ ប្រើ​វិធី​ពិសោធន៍ ហើយ​សរុប​លទ្ធផល​នៃ​ការ​ពិសោធ​នោះ ដែល​នាំ​ទៅ​ដល់​សេចក្ដីសន្និដ្ឋាន​មួយ​។ តម​ក​លោក​ធ្វើការ​ពិសោធ ថ្មី​ៗ​ទៀត​សម្រាប់​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្ដីសន្និដ្ឋាន​នោះ​ឱ្យ​កាន់តែ​ច្បាស់​ឡើង ។ លោក​យក​គណិតសាស្ត្រ​មក​អនុវត្ត​ចំពោះ​កិច្ចការ​របស់​លោក ។ នៅ​សម័យ​បច្ចុប្បន្ន វិធី​ទាំងនេះ​គេ​ប្រើ​ទូទៅ​ទៅ​ហើយ ។ ប៉ុន្តែ​ក្នុង​សម័យកាល​លោក​កាលី​លេ វិធី​បែប​នេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ទុកជា​ការ​បដិវត្ត​មួយ​ហើយ​។ ព្រោះថា​ទម្លាប់​ក្នុង​សម័យ​នោះ​គឺ ដើម្បី​នឹង​សន្និដ្ឋាន​អំពី​បញ្ហា​វិទ្យាសាស្ត្រ​មួយ គេ​ត្រូវធ្វើ​តាម​លោក​អា​រី​ស្តូ​ត (Aristote) គឺ​មិន​ត្រូវ​រក​វិធី​ថ្លឹង ឬ​ការ​ពិសោធ​ឡើយ ។

តារាសាស្ត្រ
«​អ្នក​នាំសារ​ទៅ​កាន់​ផ្កាយ​» (Le Messages Astral) គឺជា​សិក្សា​កថា​ទី​១ របស់​លោក កាលី​លេ ចេញផ្សាយ​ក្នុង​ឆ្នាំ​១៦១០ បាន​បង្ហាញ​អំពី​ការ​រក​ឃើញ​សំខាន់​ល្បីល្បាញ​ដែល​សម្រេច​ឡើង​ដោយសារ​ប្រដាប់​ឆ្លុះ​មើល​ផ្កាយ (le téléscope) ។ លោក​កាលី​លេ មិនមែន​ជា​អ្នក​បង្កើត​ប្រដាប់​នេះ​ទេ ប៉ុន្តែ​លោក​បាន​ធ្វើ​ឱ្យ​ប្រដាប់​នេះ​មាន​ប្រសិទ្ធភាព​រហូត​ដល់​ទៅ​អាច​ពង្រីក​រូបភាព​ដើម​បាន​ចំនួន​៣២​ដង ។ គឺ​លោក​កាលី​លេ នេះ​ហើយ​ជា​អ្នក​ដើមដំបូង​គេ​ដែល​យក​ប្រដាប់​ឆ្លុះ​ពង្រីក​នេះ​ទៅ​មើល​អស់ទាំង​អាថ៌​កំបាំង​នៅ​លើ​លំហ​មេឃ ។

ដោយសារ​ប្រដាប់​ឆ្លុះ​ពង្រីក​របស់​លោក លោក​កាលី​លេ មើលឃើញ​ផ្ទៃ​ព្រះ​ចន្ទ​ថា ពុំ​មែន​រលីង​ស្អាត​ដូច​ជា​គេ​ឃើញ​ជា​ធម្មតា​ដោយ​ភ្នែក​ទទេ​នោះ​ឡើយ ។ ប៉ុន្តែ​ផ្ទៃ​លោក​ខែ​មាន​ភ្នំ និង​មាត់​ភ្នំភ្លើង​ស្ថិត​នៅ​ដេរដាស ។ លោក​ឃើញ​ថា​នៅ​លើ​មេឃ​មាន​តារា​ច្រើន​រាប់​ពុំ​អស់​ទេ លោក​បាន​រក​ឃើញ​ផ្កាយព្រះគ្រោះ​ថ្មី​៤​ទៀត ដែល​គេ​ពុំ​ទាន់​ដែល​ស្គាល់ គឺ​ព្រះ​ខែ​នៃ​ផ្កាយ​ព្រហស្បតិ៍ (Jupiter) នេះឯង ។

លោក​ក៏​បាន​ឆ្លុះ​មើល​ភព​ព្រះ​សៅរ៍​ដែរ ប៉ុន្តែ​ដោយសារ​សមត្ថភាព​នៃ​ប្រដាប់​ឆ្លុះ​របស់​គាត់​អាច​ពង្រីក​បាន​តែ​ជាង​៣០​ដងនោះ មិន​បាន​ឲ្យ​គាត់​សង្កេត​ឃើញច្បាស់​អំពី​ភាព​ពិត​នៃ​ភព​ព្រះ​សៅរ៍​ឡើយ ។ លទ្ធផល​នៃ​ការ​ឆ្លុះ​មើល​ដំបូង​របស់​គាត់​បាន​បង្ហាញ​ថា ភព​ព្រះ​សៅរ៍​មាន​អង្គ​ពីរ​សង្ខាង​បន្ថែម​ដែល​ភ្ជាប់​ទៅ​កាន់​វា ។ រហូត​ដល់​ឆ្នាំ​១៦៥៦ ទើប​មាន​អ្នក​វិទ្យាសាស្ត្រ​ហុ​ល្លង់​, Christiaan Huygens, បាន​រក​ឃើញ​ថា​នោះ​គឺជា​កង​ដែល​ស្ថិត​នៅ​ជុំវិញ​ភព​ព្រះ​សៅរ៍ ។

មុន​ដំបូង​ការ​បរិហារ​ទាំង​អស់នេះ​ហាក់ដូចជា​ស្ថិត​នៅ​ក្នុង​ការ​រវើរវាយ ព្រោះ​លោក កាលី​លេ បញ្ជាក់​ថា ផែនដី​ទាំងមូល​ធំធេង​ណាស់ ហើយ​មនុស្សលោក​ដែល​ស្ថិត​នៅ​លើ​សាកលលោក​នេះ​មាន​ទំហំ​តូច​ក្រៃណា ។

ក្រោយមក​លោក​កាលី​លេ បាន​រក​ឃើញ​នូវ​វិជ្ជា​តារាសាស្ត្រ ឯទៀត​ៗ ហើយ​ក្នុង​រយៈ​១៨​ខែ លោក​បាន​សិក្សា​អំពី​ស្នាម​របស់​ព្រះអាទិត្យ ព្រមទាំង​បាន​គូរ​ស្នាម​នោះ​យ៉ាង​ប្រាកដប្រជា​ផង ។

ឧណ្ហមាត្រ
បណ្ដា​កិច្ចការ​ជា​ច្រើន​ដែល​លោក កាលី​លេ បាន​បង្កើត​ឡើង យើង​សូម​រាប់​នូវ​ការ​រក​ឃើញ​ឧណ្ហមាត្រ​ប្រើ​ដោយ​ខ្យល់ ។ លោក​កាលី​លេ នេះ ក៏​បាន​បង្កើត​នូវ​ជញ្ជីង​ពិនិត្យ​តុល្យភាព (la balance hydrostatique), បាន​កែប្រែ​អតិសុខុមទស្សន៍ (le microscope) ឱ្យ​កាន់តែ​មាន​វិសិដ្ឋ​ភាព​ឡើង ហើយ​ជួយ​ការ​សិក្សា​អំពី​ភ្លេង​តាម​បែប​គណិតសាស្ត្រ​ថែម​ទៀត​ផង ។

ដោយ​ភាព​ឆ្មើងឆ្មៃ​របស់​ខ្លួន​ដែល​នាំ​ឲ្យ​គេ​ស្អប់​ចោទប្រកាន់​ទោសឧក្រិដ្ឋ​ស្មើនឹង​បក្សពួក អា​រី​ស្តូ​ត ក្នុង​សម័យ​បុរាណ ហើយដោយ​បំណង​ចង់​លើកកម្ពស់​ខ្លួន​ដូច​សង្ឃរាជ​កាតូលិក​នាម អ៊ួ​របាំង​ទី​៨ (Urbain VIII) កាលី​លេ ត្រូវ​គេ​កាត់ទោស​ក្នុង​ឆ្នាំ​១៦៣៣ ។ ក្រោយ​ការ​កាត់ទោស​នេះ កាលី​លេ ស្ថិត​នៅ​ក្នុង​ជីវភាព​ដ៏​ស្ងប់ស្ងៀម​ជិត​ក្រុង​ហ្ល័​រ​រ៉​ង់ (Florence) អស់​រយៈ​បេ​ល​៨​ឆ្នាំ ។ ប៉ុន្តែ​ការ​សម្រាក​ស្ងៀម​នេះ​ពុំ​បាន​ធ្វើ​ឲ្យ​លោក​បញ្ឈប់​នូវ​សកម្មភាព​ខាង​គំនិត​ឡើយ ។ គឺ​ក្នុង​រយៈកាល​នោះ​ហើយ​ដែល​លោក​កាលី​លេ រៀប​សរសេរ​ស្នាដៃ​ឈ្មោះ «​សំ​វាទ​នៃ​វិទ្យាសាស្ត្រ​ទំនើប​» ។ នៅ​ឆ្នាំ​១៦៣៧ លោក​ធ្លាក់​ទៅ​ជា​ខ្វាក់ ហើយ​៥​ឆ្នាំ​ក្រោយមក​ក៏​ទទួលអនិច្ចកម្ម​ទៅ ។

គំនិត​នៃ​អ្នកប្រាជ្ញ​វិទ្យាសាស្ត្រ​នេះ មាន​សាបសូន្យ​ឯណា​។ នៅ​ក្នុង​ឆ្នាំ​១៦៤២ គំនិត​នេះ​បាន​ចាប់​ពូជ​ធារ​ថ្មី​ទៅ​លើ​រូប​បុគ្គល​ម្នាក់​ទៀត ដែល​ជា​អ្នកមាន​កោសល្យ​សម្បទា​យ៉ាង​មោះមុត​ជាង​ទៀត គឺ​លោក អ៊ី​ហ្សា​អាក់ ញូ​វ​តុ​ន ៕