ខេត្តសៀមរាប ៖ បុរសម្នាក់ជាអ្នកបើកបររថយន្ដGMC ដែលគេស្គាល់ថា ជាប្រភេទរថយន្ដរបស់អង្គភាពកងយោធពលខេមរភូមិន្ទ ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដឹកនាំដោយលោកទា គឹមសុទ្ធ ឃាត់ខ្លួនបញ្ជូនទៅតុលាការដោយជាប់ពាក់ពន្ធ័ជាមួយបទល្មើសរត់ពន្ធឈើគ្រញូង ។ ការចាប់ខ្លួនបុរសរូបនោះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ កុម្ភៈ នៅលើដងផ្លូវជាតិលេខ៦៧ ក្នុងភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខណៈពេលដែលបុរសរូបនោះយករថយន្ដរបស់អង្គភាពយោធាទៅដឹកជញ្ជូនឈើ«គ្រញូង» ប្រមាណជិត៥ម៉ែត្រគូបចេញពីស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យឆ្ពោះទៅកាន់ក្រុងសៀមរាប ។
មន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នារក្រៅមួយរូបដែលចូលរួមក្នុងប្រតិបត្ដិការបង្ក្រាបរថយន្ដយោធាដឹកឈើគ្រញូងនោះថ្លែងថា បុរសជាប់ចោទនោះឈ្មោះអ៊ឹម វុត្ថា អាយុ៣១ឆ្នាំ រស់នៅខេត្ដសៀមរាប ជាអ្នកបើករថយន្ដ GMC ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ជាប្រភេទរថយន្តយោធា ។ ចំណែកវត្ថុតាងប្រព្រឹត្តបទល្មើសដែលត្រូវរឹបអូសនៅក្នុងហេតុការណ៍នោះជាប្រភេទឈើគ្រញូងមានចំនួន៤.៨០០ម៉ែត្រគូប សុទ្ធតែមានមុខកាត់ត្រូវប៉ាន់មានតំលៃរាប់ម៉ឺនដុល្លារក្នុងមួយម៉ែត្រគូប។ មន្ដ្រីរដ្ឋបាលព្រៃឈើដដែលបន្ដថា ឈើគ្រញូងទាំងនោះ ត្រូវឈ្មួញមានខ្នងបង្អែកជាទាហានដឹកចេញពីស្រុកអន្លង់វែងខេត្ដឧត្ដរមានជ័យតាមផ្លូវជាតិលេខ៦៧ ក្នុងបំណងយកទៅលាក់ទុកនៅក្នុងក្រុងសៀមរាបរង់ចាំឱកាសល្អបន្ដដឹកចេញតាមរថយន្ដទំនើបៗ ឆ្ពោះទៅកាន់ទីផ្សារខេត្ដកំពង់ចាមជាប់ព្រំដែនយួន ។
ទោះបីជាបែបណា ពុំមានមន្ដ្រីណាម្នាក់ហ៊ានទំលាយឱ្យដឹងពីឈ្មោះអង្គភាពយោធាដែលហ៊ានយករថយន្ដរបស់អង្គភាពរដ្ឋទៅប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្រញូងដែលប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឱ្យបង្ក្រាបនោះ
ទេ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីធា្លប់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំសបា្ដហ៍របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីថា ចំពោះការបង្ក្រាបការកាប់ឈើខុសច្បាប់ដែលបានចាប់ផ្ដើមក្រោយពីមានបទបញ្ជារបស់សម្ដេចដែលបានដាក់ចេញពីខែមករាមកគួរត្រូវបានយកចិត្ដទុក្ខដាក់ឱ្យបានខ្លាំងក្លា។ សម្ដេចបានចាត់ទុកថាការបង្ក្រាបទៅលើជនល្មើសកាប់ឈើខុសច្បាប់គឺជាការបង្ក្រាបទៅលើឧក្រិដ្ឋជនដែលត្រូវបានចាត់ទុកថាជាជនក្បត់ជាតិ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ជនល្មើសមេក្រុម និងមនុស្សដែលពាក់ពន្ធ័នឹងការធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់និងស្ដុកលាក់ឈើប្រណីតត្រូវតែដាក់ទោសដោយមិនលើកលែង ។ សកម្មភាពដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ពីខេត្ដមួយចំនួននៅភាគឧត្ដរប្រទេសរួមមានខេត្ដឧត្ដរមានជ័យ និងខេត្ដព្រះវិហារជាប់ព្រំដែនប្រទេសសៀមទៅកាន់ខេត្ដជាប់ព្រំប្រទល់ដែនប្រទេសយួនត្រូវបានគេមើលឃើញថា បានកើតឡើងយ៉ាងផុសផុលតាំងពីពាក់កណ្ដាលឆ្នាំ២០០៨រហូតមក និងមានកម្មករខ្មែរជាច្រើននាក់បានផ្សងព្រេងទៅតំបន់ព្រំដែនសៀមដើម្បីលក់ពលកម្មជញ្ជូនឈើគ្រញូងឱ្យក្រុមឈ្មួញឈើមានអំណាចរហូតទទួលរងគ្រោះថ្នាក់ដល់ជីវិតជាបន្ដបន្ទាប់ដោយការបាញ់ប្រល័យយ៉ាងឃោរឃៅពីសំណាក់ទាហានសៀមដ៏អមនុស្សធម៌។
ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដសៀមរាប លោកទី សុវិនថាល់ បានមានប្រសាសន៍ទាក់ទិននឹងករណីបង្ក្រាបទៅលើរថយន្ដយោធាដឹកឈើគ្រញូងនោះថា លោកកំពុងតែបង្គាប់ឱ្យខាងរដ្ឋបាលព្រៃឈើបញ្ជូនទាំងមនុស្សទាំងសំណុំរឿងឱ្យបានឆាប់ទៅតុលាការ ។ សកម្មភាពបែបនេះគឺជាទង្វើរបស់ត្រីងៀតឆ្លៀតពង ៕



ចែករំលែកព័តមាននេះ