AFP ផ្សាយកាលពីពេល ថ្មីៗនេះថា តួលេខចំនួនប្រជាជនអាយុ១៥ឆ្នាំ ឬទាបជាងនេះរបស់ជប៉ុនធ្លាក់ចុះជាប្រវត្តិសាស្ត្រចំនួន១,៦សែននាក់ ជាសរុបគឺ១៦,១៧លាននាក់ ឬប្រហែល១២,៧%នៃប្រជាជនសរុបនៅទូទាំងប្រទេស ។
កាលពីពេល ថ្មីៗកន្លងមកក្រសួងការងារផ្ទៃក្នុង និងសារព័ត៌មានរបស់ជប៉ុន បានឱ្យដឹងពីរបាយការណ៍ថា តួលេខរបស់កុមារជប៉ុនដែលមានអាយុក្រោម១៥ឆ្នាំ បានថយចុះចំនួន១៦០.០០០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ នៅសល់ត្រឹម១៦,១៧លាននាក់ ។ កាលពីថ្ងៃទី៥ ឧសភា ២០១៥ គឺជាទិវាកុមារជប៉ុន អាជ្ញាធរបានឱ្យដឹងពីតួលេខនោះ និងចាត់ទុកថាជាការធ្លាក់ចុះក្នុងឆ្នាំទី៣៤បន្តបន្ទាប់គ្នា ។ បច្ចុប្បន្នតួលេខប្រជាជនក្នុងវ័យកុមាររបស់ជប៉ុន ស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីមានការធ្វើជំរឿននៅក្នុងឆ្នាំ១៩៥០មក ។ បើគិតតាមចំនួនប្រជាជនសរុប បច្ចុប្បន្នប្រជាជនក្នុងវ័យកុមារមានប្រហែល១២,៧%ពីចំនួនប្រជាជនសរុប១២៧,៣លាននាក់ គឺក្មេងប្រុសមាន៨,២៨លាននាក់ និងស្រី៧,៨៨លាននាក់ ។
ក្នុងបណ្តាប្រទេសដែលមានប្រជាជនយ៉ាងតិច៤០លាននាក់ គឺជប៉ុនចាត់ទុកថា ជាប្រទេសមានចំនួនពលរដ្ឋជាកុមារទាបបំផុត ។ កុមារជប៉ុនធៀបនឹងពលរដ្ឋសរុបស្ថិតនៅ១២,៧% ចំណែកតួលេខកុមារនៅអាមេរិក និងចិន ស្ថិតក្នុងអត្រា១៩,៥% និង១៦,៤%តាមលំដាប់ ៕
ចែករំលែកព័តមាននេះ