លោកមីសែល ផ្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ដណ្តើមជើងឯកអឺរ៉ុប (UERO) ២០១២ ជាផ្លូវការ ។ លោកផ្លាទីនី បានថ្លែងក្នុងពិធីសម្ពោធដ៏ពិសេសនៅទីក្រុងវ័រស៊័រ កាលពីថ្ងៃអង្គារកន្លងមកថា លោកមានអារម្មណ៍ដ៏ចម្លែកដែលសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់យូរ៉ូ២០១២ ជុំចុងក្រោយនៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន បានទទួលចំណាប់អារម្មណ៍ដ៏លើសលប់ ដោយមានអ្នកកក់សំបុត្រចូលទស្សនាច្រើនជាងកន្លះលាននាក់ ក្នុងចំណោម១៦១ប្រទេស គឺច្រើនជាងការប្រកួតយូរ៉ូ២០០៨ ជុំចុងក្រោយដែលរៀបចំឡើងនៅប្រទេសអូទ្រីស និងប្រទេសស្វ៊ីស ។
អតីតកីឡាករបាល់ទាត់ជនជាតិបារាំង លោកផ្លាទីនី បានថ្លែងក្នុងក្តីរីករាយថា «ខ្ញុំមានការចម្លែកដែលមានមនុស្សចុះឈ្មោះច្រើនបែបនេះ ។ ជនជាតិប៉ូឡូញ និងអ៊ុយក្រែន ផ្តល់ចំណាប់អារម្មណ៍ចំពោះការប្រកួតលើកនេះយ៉ាងខ្លាំង ហើយយើងនៅតែបានទទួលការកក់សំបុត្រពីប្រទេសផ្សេងៗទៀត» ។ អ្នកគាំទ្របាល់ទាត់ នៅតែអាចកក់សំបុត្រចូលទស្សនាបានតាមរយៈគេហទំព័រ UEFA-com ក្នុងខែមីនានេះ និងប្រសិនបើមានតម្រូវការច្រើនជាងចំនួនសំបុត្រចូលទស្សនា គឺនឹងមានការរៀបចំពិធីចាប់ឆ្នោតផ្សងសំណាងជាថ្មី៕
ចែករំលែកព័តមាននេះ