រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា ស្អែកនេះ ដើម្បីធានាបានសុវត្ថិភាពជូន ប្រជាពលរដ្ឋនិងសណ្តាប់ធ្នាប់សង្គម។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែតុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងចម្រុះ និងអាជ្ញាធរ មូលដ្ឋានខណ្ឌទាំង១៤ ដាក់កម្លាំងល្បាតប្រចាំការនៅទីតាំងសំខាន់ៗ ដើម្បីទប់ស្កាត់ ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម។
ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និង អង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លាំងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ដើម្បីប្រឆាំងតវ៉ា នៅគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ។
លោក ឃួងស្រេងបានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាព ផ្ទុយនឹងច្បាប់ ដែលកម្លាំងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ គឺត្រូវតែទប់ស្កាត់ឱ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម និងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី២៣ ខែតុលា ស្អែកនេះ ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះជាសកម្មភាពខុសច្បាប់។
សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញប្រយ័ត្នប្រយែង គេកំពុងទឹកលិចកុំមករញ៉េរញ៉ៃ មុខសញ្ញាអ្នកឯង គេគ្រប់គ្រងបានហើយ» ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ