ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កម្ម​វិស្ណុ​ភាព​យន្ត​ត្រូវ​តួ​សម្តែង​​ចោទ​អត់​ឱ្យ​លុយ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ រឿង​ ចន្ទ​ចាក​វេហាស៍ របស់​ផលិត​កម្ម​វិស្ណុ​ភាព​យន្ត​ដែល​បាន​ចេញ​ថត​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ រហូត​​មក​ដល់​ពេល​នេះ​ជិត​ចប់​ហើយ​ ដោយ​​មាន​លោក​​ជ័យ រិទ្ធា​ ជា​អ្នក​និពន្ធ​ និងដឹក​នាំ​រឿង​ និង​ជា​អ្នក​កាន់​កាមេរ៉ា​ថត។ ទោះ​ជា​យ៉ាង​ក្តី​ ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១១​ កញ្ញា​សុវណ្ណ លីនដា ជា​តារា​ថ្មី​ទើប​រះ​ដែល​បាន​ចូល​រួម​សម្តែង​នៅ​ក្នុង​រឿង​ ចន្ទ​ចាក​វេហាស៍ នេះ​ដែរ​ ជា​តួ​អង្គ​ឈ្មោះ​លីន​ដា​​ឱ្យ​ដឹង​ថា ក្នុង​សាច់​រឿង​​នាង​ត្រូវ​​ថត​​៤​ថ្ងៃ​ចប់​ តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ គឺ​ពេល​នាង​សុំ​បើក​លុយ​ លោក​ជ័យ រិទ្ធា មិន​បើក​ឱ្យ​​ទេ ដោយ​ប្រាប់​ថា លោក​គ្មាន​លុយ​ឱ្យ​ទេ​។ សំរាប់​កំរៃ​របស់​នាង​ គឺ​ក្នុង​១​ថ្ងៃ​៤​ម៉ឺន​រៀល ឬ​១០​ដុល្លារ​ដូច្នេះ​នាង​ថត​រយៈ​ពេល​​៤ថ្ងៃ​ស្មើ​នឹង​៤០​ដុល្លារ​ ។

កញ្ញា​លីន​ដា​និយាយ​ថា កាល​ពី​លោកជ័យ រិទ្ធា ឱ្យ​​នាយ​តឿ​ហៅ​​នាង​ទៅ​សម្តែងដូច​ជា​ងាយ​​ស្រួល​ណាស់​ តែ​ពេល​សម្តែង​​ហើយ​ស្រាប់​តែ​​មិនបើក​​លុយ​ឱ្យ​ទៅ​វិញ ។ ដូច្នេះ​នាង​សុំ​ឱ្យ​​ផលិត​កម្ម​​កាត់​ត្រង់​ឈុត​ឆាក​ដែល​នាង​សម្តែង​រយៈ​ពេល​៤​ថ្ងៃ​នោះ​ចេញ ។ នាង​ចំណាយ​ប្រាក់​​ទិញ​សំលៀក​បំពាក់​ល្អៗ និង​ជិះ​ម៉ូតូ​ទៅ​សម្តែង​​ចំណាយ​សាំង​អស់​ជាច្រើន​​ និង​ចំណាយ​ពេល​វេលា​អស់​រយៈ​ពេល​៤​ថ្ងៃ​ បែរ​ជា​គ្មាន​បាន​ប្រាក់​កំរៃ​បន្តិច​សោះ​ ។ នាង​សុំ​បើក​ប្រាក់​ពី​​លោក​ជ័យ រិទ្ធា ត្រូវ​លោក​ប្រាប់​​ថា គ្មាន​​លុយ​បើក​ឱ្យ​ទេ ចំណែក​​នាយ​តឿ​ជាអ្នក​​ហៅ​នាង​​ទៅថត​ពេល​នាង​ទូរ​ស័ព្ទ​​ទៅ​សួរ​មិន​លើក​​ទេ ។

កញ្ញា​លីន​ដា​ និយាយ​ទៀត​ថា លោក​ជ័យ រិទ្ធា បាន​ឱ្យ​ដឹង​ថា «លោក​បើក​ផលិត​កម្ម​​​ប៉ុនណា​ប៉ុន​ណី​ រឿង​អី​គ្មាន​លុយ​បើក​ឱ្យ​តួ​ក្នុង​មួយ​ថ្ងៃ​១០​ដុល្លារ​នោះ តែ​បើ​តួ​ប្រាប់​មុន​ថា យក​លុយ​គាត់​បើក​ឱ្យ​ភ្លាម​»។ តាម​ពិត​កាល​ពី​ហៅ​នាង​ថត​នាយ​តឿ​អ្នក​ចាត់​ការ​ទូ​ទៅ​និយាយ​ថា ចាំ​គេ​បើក​លុយ​ឱ្យ​​ តែ​ពេល​ថត​ចប់​ស្រាប់​តែ​ក្រុម​ការ​ងារ​របស់​ផលិត​កម្ម​វិស្ណុ​ ​និយាយ​​ដេញ​ដោល​គ្នា​ពី មួយ​ទៅ​មួយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​​។ បើ​មិន​ចង់​ឱ្យ​លុយ​តួ​សម្តែង​ហេតុ​អី​ពេលហៅ​ទៅ​​ថត​មិនប្រាប់​ឱ្យ​ហើយ​ ​ឬ​​សួរ​តួសម្តែង​ថា​តើ​មក​ថត​យក​លុយ​ឬអត់​?

ការ​ចោទ​ប្រកាន់​តែ​ម្ខាង​របស់​នាង​លីន​ដា​បែប​នេះ​​ទៅ​លើ​ផលិត​កម្ម​វិស្ណុ​យើង​មិន​ចាត់​ទុក​ថា វា​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ ។ ជា​ធម្មតា​បញ្ហា​មួយ​​ដែល​កើត​ឡើង​​គូ​ភាគី​​តែង​តែ​​និយាយ​យក​ត្រូវ​រៀង​ខ្លួន​ ឬ​ទំលាក់​កំហុស​ទៅ​ភាគី​ម្ខាង​។ ​ជួន​កាល​បញ្ហា​ដែល​កើត​ឡើង​រវាង​តួ​សំដែង​ និង​ផលិត​កម្ម​នេះ​អាច​មាន​ហេតុ​ផល​ណា​មួយ​ខុស​ពី​ការ​លើក​ឡើង​របស់​នាង​លីនដា​ ៕