ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្បែរ​ច្រាំង​ទន្លេ​ព្រួយបារម្ភ​ខ្លាច​ច្រាំង​​បាក់​បន្ត​ទៀត សុំ​អាជ្ញាធរ​បន្ត​អន្តរា​គមន៍​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ដី​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ផ្លូវកែង ស្ថិត​ក្នុងភូមិ​កំពង់​ឬ​ស្សី ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​ជួបនឹង​គ្រោះ​ធម្មជាតិ​ធ្វើ​ឲ្យ​ដី​ច្រាំង​ទន្លេ​បាក់​រហូត​មក​ដល់​ផ្លូវ​ចាក់​បេតុង​ទៅ​ហើយ តែ​សំណាង​ល្អ ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មានការ​យកចិត្តទុកដាក់ ដោយ​បាន​ដាក់​ខ្សាច់​ច្រក​បាវ​ទប់​មិន​បាន​ឲ្យ​បាក់​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ​។…

ខេត្ត​ត្បូងឃ្មុំ ៖ ដី​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ផ្លូវកែង ស្ថិត​ក្នុងភូមិ​កំពង់​ឬ​ស្សី ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​ជួបនឹង​គ្រោះ​ធម្មជាតិ​ធ្វើ​ឲ្យ​ដី​ច្រាំង​ទន្លេ​បាក់​រហូត​មក​ដល់​ផ្លូវ​ចាក់​បេតុង​ទៅ​ហើយ តែ​សំណាង​ល្អ ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មានការ​យកចិត្តទុកដាក់ ដោយ​បាន​ដាក់​ខ្សាច់​ច្រក​បាវ​ទប់​មិន​បាន​ឲ្យ​បាក់​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ​។

ទោះជា​បែប​នេះ​ក្តី ពលរដ្ឋ​នៅ​តែ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់ ដោយសារ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ទឹកទន្លេ​មាន​កម្ពស់​១២.៤៧​ម៉ែត្រ ដែល​ជា​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន គឺ​១៥.២០​ម៉ែត្រ​។ គ្រានោះ ពលរដ្ឋ​ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​មន្ទីរ​សាធារណការ​ដាក់​ចំណាំង​ផ្លាត ដើម្បី​មើល​ពេល​យប់​ផង​ដែរ ចៀសវាង​កុំ​ឲ្យ​យានយន្ត​បង្ក​គ្រោះថ្នាក់ មិន​ស្រួល​អាច​ជិះ​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​។

បើ​តាម​អ្នកស្រី ឆាយ ស៊ី​ថា អាយុ​៥៨​ឆ្នាំ រៀបរាប់​ឲ្យ​ដឹង​ថា គាត់​សាងសង់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​នៅ​ក្នុង​ដី​ភូមិ​កំពង់​ឬ​ស្សី ដោយនៅ​កៀក​នឹង​ផ្លូវ​បេតុង​ជិត​ច្រាំង​ទន្លេ​ហើយ​ប្រកប​របរ​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ដោះស្រាយ​ជីវភាព​។ ហើយ​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នេះ ចេះ​តែ​រំកិល​បន្តិច​ម្ដង​ៗ​មក​ស្ទើរតែ​នឹង​ដល់​ផ្ទះ​របស់​គាត់​ទៅ​ហើយ​។ ជាក់ស្ដែង​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៩​កន្លង​ទៅ ច្រាំង​បាក់​ទាំង​ផ្ទាំង​ៗ​ធ្វើ​ឲ្យ​គាត់​មានការ​ភិតភ័យ រហូត​ដល់​យំ​ស្រក់​ទឹកភ្នែក ព្រោះតែ​ខ្លាច​បាក់​ដល់​ផ្ទះ និង​មិន​មាន​ដី​ភូមិ​សម្រាប់​សង់​លំនៅ​ដ្ឋា​ន​ទៀត​។

អ្នកស្រី ស៊ី​ថា រៀបរាប់​បន្ត​ថា តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ពេល​នោះ​គឺ​មាន​វត្តមាន​លោក​អភិបាលខេត្ត​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ និង​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក ព្រមទាំង​គណៈកម្មការ​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ បាន​ប្រញាប់​ប្រញាល់​បូម​ខ្សាច់​ច្រក​បាវ​ទប់​នៅ​មាត់ច្រាំង​ជាប់​នឹង​ផ្លូវ​បេតុង​ប្រវែង​ជា​ច្រើន​ម៉ែត្រ ។ ដោយ​មិន​បាន​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​បាក់​បន្ត​ទៀត​ទេ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អាជ្ញាធរ​ពិតជា​សស្រាក់សស្រាំ​ក្នុង​ការ​ជួយ​សង្គ្រោះ និង​គិតគូរ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។

អ្នកស្រី​បន្ត​ថា លុះ​មក​ដល់​ខែតុលា ២០២០​នេះ ទឹកទន្លេ​បាន​ឡើង​មក​ខុស​ប្រក្រតី​ពី​បណ្ដា​ឆ្នាំ​មុន​ៗ ដោយ​កន្លែង​ដែល​បាក់​ចាស់​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ តែ​តាម​ការ​ដែល​គាត់​ពិនិត្យ​ដោយ​ផ្ទាល់​ភ្នែក​នោះ គឺ​មាន​បាក់​នៅ​ផ្នែក​ខាងលើ តែ​នៅ​មាន​ទ្រង់ទ្រាយ​តូច​នៅឡើយ​។​ទោះជា​បែប​នេះ​ក្តី ក៏​គាត់​នៅ​តែ​មានការ​ភិតភ័យ​ព្រួយ​ខ្លាច​ច្រាំង​ទន្លេ​បាក់​មក​បន្ត​ទៀត សូ​ម្បី​តែ​ផ្ទះ​ឈើ​នៅ​រាល់​ថ្ងៃជា​ប្រភេទ​ផ្ទះ​ទាម​សង់​នៅ​ក្រោម​ខ្សែកាប​អគ្គិសនី ហើយ​ដំបូលផ្ទះ​មិន​ហ៊ាន​ប្រក់​ខ្ពស់​នោះ​ទេ ខ្លាច​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​ឆក់ គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ចំណែក​លោក​ហ៊ិ​ន សុ​ខន ហៅ​ឡូ អាយុ​៤៦​ឆ្នាំ អ្នកលក់​កាហ្វេ​គុយទាវ ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​សាងសង់​នៅ​ហ្នឹង​ផ្លូវ​ជិត​មាត់ទន្លេ​ដែរ កាលពី​ក្នុង​អំឡុង​ខែកញ្ញា ២០១៩ ច្រាំង​ទន្លេ​បាន​បាក់​​មក​ជិត​នឹង​ផ្ទះ ពេល​នោះ​គាត់​ជួល​អ្នក​ភូមិ​ជា​ច្រើន​នាក់​ឲ្យ​មក​ជួយ​រុញ​ផ្ទះ​ចល័ត​ទៅ​កន្លែង​ថ្មី​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ក្នុងភូមិ​កំពង់​ឬ​ស្សី​។ ក្នុង​គ្រានោះ​គាត់​ពិតជា​មានការ​ភិត​ភ័យ​ទៅ​ជា​ខ្លាំង​រហូត​ដល់​ហូប​បាយ​មិនកើត​ទៀត​ផង​។ ហើយ​ដី​ដែល​គាត់​ចែក​ពី​គេ​នៅ​ជិត​កណ្ដាល​​ភូមិ​មិន​អាច​លក់ដូរ​កើត​ឡើយ តែ​ក្រោយ​ពី​អាជ្ញាធរ​បាន​ទប់​ច្រាំង​ទន្លេ​មិន​ឱ្យ​បាក់​បន្ត​ទៀត គាត់​ក៏​បាន​រើ​ផ្ទះ​ឈើ​មក​សាងសង់​នៅ​កន្លែង​ដើម​វិញ ដើម្បី​ងាយស្រួល​លក់ដូរ​ចិញ្ចឹមជីវិត​។

លោក​បន្ត​ថា ថ្វី​ដ្បិត​ច្រាំង​ត្រង់​កន្លែង​ដែល​បាក់​ត្រូវ​បាន​រៀបចំ​ដាក់​បាវ​ខ្សាច់​ទប់​ជាប់​មិន​បាន​បាក់​ដល់​ផ្លូវ​បេតុង​ក៏​ដោយ តែ​រូប​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សូម​មេត្តា​ជួយ​ទប់​ច្រាំង​ទន្លេ​បន្ត​ទៀត​តាម​រយៈ​បាវ​ខ្សាច់​ដដែល ទើប​ពួក​គាត់​មាន​ភាព​កក់ក្តៅ ។

បើ​តាម​លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នា​រសៀល​ថ្ងៃ​ទី​២១ តុលា​នេះ​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​រហូត​មក​ដល់​ពេល​នេះ គឺ​ស្រុក​នៅ​ជាប់​តាម​ដង​ទន្លេ​មិន​ទាន់​មាន​បញ្ហា​ចោទ​ឡើង​ណាមួយ​នោះ​ទេ ដោយ​អាជ្ញាធរ​កំពុង​តែ​ធ្វើការ​តាមដាន​បន្ត​ទៀត​។ ដោយឡែក​ច្រាំង​ទន្លេ​នៅ​ត្រង់​ចំណុច​ភូមិ​កំពង់​ឬ​ស្សី ដែល​បាន​បាក់​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ដាក់​ខ្សាច់​ទប់​មិន​ឲ្យ​បាក់​មក​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​អាជ្ញាធរ​នឹង​បន្ត​តាមដាន​មើល​ស្រុក​ដែល​នៅ​តាម​ដង​ទន្លេ​បន្ត​ទៀត ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ