រាជធានីភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានទឹកប្រាក់សរុបចំនួនជាង១ម៉ឺនដុល្លារត្រូវបានសប្បុរសជនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់បាននិងកំពុងជន់លិចលំនៅឋានរបស់ពួកគាត់ ។
ពិធីប្រគល់និងទទួលអំណោយបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលភ្នំពេញខាងលើនេះរួមមាន៖ មី១៥០០កេស នំធុង៧២០ប្រអប់ដែលមានទឹកប្រាក់ស្មើនឹង១១៩៦៤ដុល្លារ ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែគិតគូរ និងរួមសុខរួមសុខ ទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់ទឹកភ្លៀងបាននិងកំពុងជន់លិច លំនៅឋានរបស់ពួកគាត់ដែលមកដល់ពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅភ្នំពេញមានប្រមាណជាង១ម៉ឺនគ្រួសារហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ពិសេស នៅក្នុងខណ្ឌដង្កោខណ្ឌពោធិសែនជ័យនិងខណ្ឌកំបូល។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែក ជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដែលកំពុងជួបការលំបាកយ៉ាងពិតប្រាកដ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ