ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​រវាង​ប្រាក់​កម្រៃ​និង​ផលិតភាព

8 ឆ្នាំ មុន

បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​នឹង​ជួប​នូវ​ការ​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​វិស័យសេដ្ឋកិច្ច​សាកល​លើ​កម្លាំង​ការងារ​ប្រកបដោយ​ផលិតភាព ។ បណ្តា​សហគ្រាស​ចាំបាច់​ត្រូវ​ទាក់ទាញ​និង​រក្សា​

បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​នឹង​ជួប​នូវ​ការ​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​វិស័យសេដ្ឋកិច្ច​សាកល​លើ​កម្លាំង​ការងារ​ប្រកបដោយ​ផលិតភាព ។ បណ្តា​សហគ្រាស​ចាំបាច់​ត្រូវ​ទាក់ទាញ​និង​រក្សា​ទុក​បុគ្គលិក​របស់​ខ្លួន​តាម​រយៈ​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ ។ ជា​ការ​ពិត​ណាស់ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌ និង​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ផលិតភាព​ដោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល ។ ដើម្បី​សម្រេច​បាន​កិច្ចការ​នេះ រដ្ឋ​ជា​សមាជិក​ទាំងអស់​អាច​ពង្រឹង​ស្ថាប័ន​កំណត់​ប្រាក់​ឈ្នួល ។

ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​បាន​នាំ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ធ្វើ​ចំណាកស្រុក​ពី​តំបន់​ជនបទ ហើយ​ទៅ​ស្វែ​ករក​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​និង​ផ្នែក​សេវាកម្ម​ផ្សេង​ៗ ។ ជា​លទ្ធផល  ឥឡូវនេះ ប្រាក់​ឈ្នួល​នោះ​បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​កម្មករ ១១៦,៦​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​អាស៊ាន​ទាំង​១០ ។

នៅ​ប្រទេស​ព្រុយ​ណេ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី កម្មករ​៣/៤​ឬ​ច្រើន​ជាង​នេះ​ពឹងផ្អែក​លើ​ប្រាក់​ឈ្នួល​បាន​មក​ពី​ការងារ​តាម​រោងចក្រ​និង​សហគ្រាស ។ ក្នុង​ពេល​ដំណាលគ្នា​នេះ ទំហំ​នៃ​ប្រាក់​ឈ្នួល​របស់​និយោជិត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ក្នុង​នោះ​មាន កម្ពុជា វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី​ជាដើម​គឺ​បាន​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

ការ​កើនឡើង​ប្រាក់​ឈ្នួល​ពិតប្រាកដ ៖
ខណៈ​មនុស្ស​កាន់តែ​ច្រើន​ឡើង​ពឹងផ្អែក​លើ​ប្រាក់​ឈ្នួល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ   ដូច្នេះ​ប្រាក់​ឈ្នួល​និង​កម្លាំង​ទិញ​របស់​មនុស្ស​ទាំងនោះ​កាន់តែ​បង្កើន​នូវ​ភាព​សំខាន់ ដោយ​សម្រាប់​កម្មករ​គឺជា​ប្រភព​ចំណូល ខណៈ​សម្រាប់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​តំបន់ វា​ជា​ប្រភព​នៃ​តម្រូវការ ។

ជា​ទូទៅ បើ​មើល​ពី​សម្បក​ខាងក្រៅ វា​ជា​រូបភាព​វិជ្ជមាន ។ ប៉ុន្តែ​ប្រាក់​ឈ្នួល​ពិតប្រាកដ​បាន​កើន​ក្នុង​កម្រិត​មួយ​តិចតួច ចាប់តាំងពី​ឆ្នាំ​២០០៥​មក ។ ២​ឆ្នាំ​កន្លង​ទៅ ដោយ​រង​ឥទ្ធិពល​មួយ​ផ្នែក​ពី​ការ​បង្កើន​ប្រាក់​ឈ្នួល​កម្រិត​អប្បបរមា​ប្រាក់​ឈ្នួល​ពិតប្រាកដ បាន​ស្ទុះ​ឡើង​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន ជា​ពិសេស​គឺ ឥណ្ឌូ​ណេ​ស៊ី ថៃ និង​វៀតណាម ។ យ៉ាងណា​ក៏​ដោយ ការ​ស្ទុះ​ងើប​នេះ​មិន​ស្មើគ្នា​ទេ ។ មាន​គម្លាត​រវាង​គ្នា​យ៉ាង​ធំធេង​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដទៃ​ទៀត ។  ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ប្រាក់​ឈ្នួល​កម្មករ​មាន​កម្រិត​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់ ។ ជា​មធ្យម កម្មករ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ឈ្នួល​១២១​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ ឡាវ​ទទួល​បាន​១១៩​ដុល្លារ ។ ផ្ទុយ​គ្នា​ស្រឡះ​ពី​ប្រាក់​ឈ្នួល​កម្មករ​នៅ​សិង្ហ​បុរី ដែល​ទទួល​បានជា​មធ្យម​៣.៥៤៧​ដុល្លារ​ក្នុង​មួយ​ខែ ។ ចំណែក​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រាក់​ឈ្នួល​ជា​មធ្យម​របស់​កម្មករ​គឺ​១៧៤​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​នៅ​វៀតណាម​១៨១​ដុល្លារ ហ្វ៊ី​លី​ពី​ន​២០៦​ដុល្លារ ថៃ ៣៥៧​ដុល្លារ និង​ម៉ា​ឡេ​ស៊ី​៦០៩​ដុល្លារ ។

បើ​ទោះ​ណា ប្រាក់​ឈ្នួល​កម្មករ​នៅ​ប្រទេស កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម​កើនឡើង​រហ័ស​ជាង​បណ្តា​ប្រទេស​អាស៊ាន​មាន​សេដ្ឋកិច្ច​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មិន​អាច​លុប​បំបាត់​គម្លាត​ប្រាក់​ឈ្នួល​វាង​ប្រទេស​អ្នកមាន និង​អ្នកក្រ​របស់​អាស៊ាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​បាន​ឡើយ ។

ហេតុ​ដូច្នេះ គម្លាត​នេះ​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ចលនា​ចំណាកស្រុក​កម្លាំង​ពលកម្ម តួយ៉ាង​ដូច​ជា កម្មករ​ឥណ្ឌូ​ណេ​ស៊ី​ចំណាកស្រុក​ទៅ​កាន់​ម៉ា​ឡេ​ស៊ី ខណៈ​កម្មករ​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា​សម្រុក​ទៅ​កាន់​ប្រទេស​ថៃ ដែល​នៅ​ក្បែរ​ខាង ។​លំហូរ​ចំណាកស្រុក​ទាំងនេះ​នឹង​ជួយ​បំពេញ​នូវ​កង្វះខាត​កម្លាំង​ពលកម្ម​របស់​ប្រទេស​ជា​គោលដៅ ខណៈ​ប្រទេស​ធនធាន​កម្លាំង​ពលកម្ម​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវា​ប្តូរ​ប្រាក់ ។ ទោះជា​យ៉ាងនេះ​ក្តី លំហូរ​ចូល​កម្លាំង​ពលកម្ម​ច្រើន​ពេក​អាច​នាំ​ឱ្យ​ធ្លាក់​ចុះ​ប្រាក់​ឈ្នួល​កម្មករ​របស់​ប្រទេស​ជា​គោលដៅ​ទាំងនេះ ដើម្បី​បញ្ចៀស​ហានិភ័យ សាមី​ប្រទេស​ជា​គោលដៅ​អាច​កំណត់​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​ធម្មតា​មួយ​សម្រាប់​បណ្តា​សហគ្រាស​ទាំងអស់ ដែល​សមរម្យ​អាច​ទទួលយក​បាន​ទាំង​កម្មករ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ទប់ស្កាត់​ការ​កេង​ចំណេញ​ពី​ក្រុម​មួយ​លើ​ក្រុម​មួយទៀត ៕