ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​​ចាស់​​​ម្នាក់​​​អស់​​ទាំង​​ខ្សែ.ក​​​​ និង​​ក្លាយ​​ជា​​នុយ​​​ជន​​ឆបោក

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ ដូន​ចាស់​​ម្នាក់​​ត្រូវ​បាន​​ស្ត្រី​​ដែល​​ធ្វើ​ដំណើរ​​​តាម​​រថយន្ត​​ជាមួយគ្នា​​ឆបោក​​អស់​ខ្សែ​.ក​ប្លាទីន​​​​​​ទម្ងន់​​មួយជី​កន្លះហើយ​នាំគាត់​​មក​​ធ្វើ​នុយ​​បោក​​ប្រាស់​ដល់​អ្នក​លក់​កំណាត់​ក្រមា​ និង​លក់​​ម្ហូប​​នៅ​ក្នុង​​ផ្សារ​​កំពត​​ថែម​ទៀត​ ​ទីបំផុត​​​ដូន​ចាស់​​​នោះ​ត្រូវ​បាន​​អ្នក​លក់​​​​ទាំង​នោះ​​ប្តឹង​​សមត្ថ​កិច្ច​​​ប៉ូលិស​​​ឱ្យ​ចាប់​ខ្លួន​ ​ដោយ​​ចោទ​ប្រកាន់​​ពីករណី​ឆបោក ។ ករណី​​ខាង​លើ​នេះ​បាន​កើត​ឡើងនៅ​វេលា​​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​២២ មីនា ២០១១ ស្ថិត​​នៅ​ក្នុង​​ផ្សារ​ទីរួម​ខេត្ត​កំពត ។​

យោង​តាម​​ប្រភព​ព័ត៌​មាន​ពីដូន​ចាស់​​​ដែល​ជាប់​​ចោទ​​​បាន​ឱ្យ​ដឹងថា ​រូប​គាត់​​​ឈ្មោះ​​នួន ប៉ាត់ អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​​​​ភូមិ​ពស់​ពង​ ឃុំ​​នារាយណ៍​ ស្រុក​​ឈូក​ គាត់​បាន​​ជិះ​រថយន្ត​​​ទួរីស​ (រថយន្ត​ឈ្មួល​)ត្រឡប់​​មកពី​​លេង​​​កូន​នៅជិត​​វត្ត​​កាយ​រោង​ ក្នុង​ស្រុក​​បាទី ខេត្ត​តាកែវ​ មកលំនៅ​​​ឋាន​​វិញ​​ លុះមក​ដល់​ផ្លូវ​បំបែក​​អង្គតាសោម​​ រថយន្ត​ឈប់​ដាក់​អ្នក​ដំណើរ​រូប​គាត់​​ក៏​បាន​ឃើញ​​ស្ត្រី​​​ម្នាក់​ដែល​មាន​រូប​ឆោម​​ស្អាត​​បាត​ឡើង​ជិះ​​រថយន្ត​ធ្វើ​ដំណើរ​ជាមួយគ្នា​។ លុះ​មក​ដល់​ស្រុក​​ត្រាំកក់​ (ផ្សារត្រាំកក់)​ ស្ត្រី​​នោះ​បាន​​សួរ​​គាត់​ថា លោក​យាយ​ទៅចុះ​នៅឯណា​ ? ពេល​នោះ​គាត់​ប្រាប់​ទៅ​ស្រីនោះ​វិញថា គាត់​ទៅ​ចុះ​នៅ​វត្ត​នារាយណ៍​ ។

ស្ត្រី​រូបនោះ​​​ក៏​បាន​​សួរនាំ​គាត់​ពី​ប្រវត្តិ​​ចៅ​អធិការ​​វត្ត​និង​អាចារ្យ​គណៈកម្មការ​​វត្ត​នារាយណ៍​​​នោះ​ផងដែរ  ហើយ​​ស្ត្រី​​នោះ​ក៏​បាន​​ប្រាប់​ពីប្រវត្តិ​របស់​ខ្លួន​គេ​ដល់​រូបគាត់​ថា​ ខ្លួន​​ជា​គ្រូ​បង្រៀន​​សិស្ស​នៅសាលា​​ឯកជន​​មួយ​នៅ​ក្រុង​តាខ្មៅ​​ ហើយ​​ផ្ទះគេ​​មាន​បើក​ហាង​ធ្វើ​​នំ​ប៉័ង​​នៅ​ក្រុង​តាខ្មៅ​ និង​ឪពុក​ម្តាយ​​របស់​នាងរស់​នៅ​​​សហរដ្ឋ​អាមេរិក​ ឥឡូវ​​នេះ​នាង​គិត​មក​ទំនាក់​ទំនង​​ចង់​​ធ្វើ​បុណ្យ​​បច្ច័យ​បួន​ ព្រម​ទាំង​​កសាង​​​​ចេតិយ​មួយ​​នៅ​ក្នុង​វត្ត​​នារាយណ៍​​​នេះ​​​ហើយ​​ក៏​សុំ​ឱ្យ​រូប​​លោក​យាយ​​​នាំស្ត្រី​នោះទៅ​​ជួប​ជាមួយ​ព្រះចៅអធិការ​​វត្ត​ព្រម​ទាំង​អាចារ្យ​​និង​គណៈកម្មការ​​វត្ត​ដើម្បី​​និយាយ​​​ពីបញ្ហា​​ធ្វើ​​បុណ្យ​​​ក្នុង​យប់​នេះ​តែម្តង ។ 

ក្រោយ​​ពីជួបព្រះ​ចៅអធិការ​​និងអាចារ្យ​​​គណៈកម្មការ​វត្ត​​រួច​ អ្នក​ទាំង​​អស់​បាន​ឯកភាព​គ្នា​ហើយ​បាន​ប្រកូក​ប្រកាស​​​ប្រាប់​ដល់​តាជី​ដូនជី​​​ថា នឹង​រៀបចំ​​កន្លែង​ធ្វើ​​បុណ្យ​យប់​នេះទៅ ។ ពេល​បន្ទាប់​មក​ ស្ត្រី​​រូប​នោះ​បាន​​ចាត់ចែង​ឱ្យ​កូន​ចៅ​គាត់​​ទិញ​ដូងទុំ​មួយ​ឡូត៍ សម្រាប់​​ធ្វើ​​ទឹក​​ការីនំប៉័ង​​ពីព្រោះ​ល្ងាច​​បន្តិច​រថយន្ត​ឪពុក​ម្តាយ​នាង​នឹង​ដឹក​នំប័ុង​មក​ចូលរួម​​ពិធី​បុណ្យ​ព្រមទាំង​ប្រាប់​ឱ្យ​កូន​ចៅ​របស់​​គាត់​ដើរ​អញ្ជើញ​​ប្រជា​ពលរដ្ឋ​​ដែល​ក្រីក្រឱ្យ​បាន​​ជាង​១០គ្រួសារ​​ដើម្បី​ទទួល​អំណោយ​​មនុស្ស​ធម៌​ពី​ក្រុមគ្រួសារ​​របស់​ខ្លួន​ផងដែរ ។ លោក​​យាយ​​បន្ត​ទៀត​ថា ពេល​ហូប​បាយ​នៅផ្ទះ​គាត់​ហើយ​នឹង​ងូតទឹក​​រួច​​ត្រឹម​ត្រូវ​​នៅវេលា​ម៉ោង​១​រសៀល​​ស្ត្រី​រូបនោះ​បាន​​បបួល​​​រូប​គាត់​​ទៅទិញ​ ម្ហូប​និង​អីវ៉ាន់​ផ្សេងៗ​សម្រាប់​​ធ្វើបុណ្យ​បច្ច័យ​​បួន​នេះ​នៅ​ផ្សារកំពត ។ ពេល​នោះ​រូបគាត់​បម្រុង​​និង​ជួល​រថយន្ត​គេជិះ​ទៅ​ដឹកសំភារ​ធ្វើ​បុណ្យ​ទៅ​ហើយ តែ​ស្ត្រីរូប​នោះ​​ប្រាប់​ថា មិន​បាច់​ទេ បើ​កូន​​​ចៅ​មាន​ម៉ូតូ​ឱ្យពួកគេ​ជូនទៅ​ក៏​បាន​ដែរ​ចាំទិញ​អីវ៉ាន់​​បាន​ហើយ​​ចាំជួល​រថយន្ត​គេ​ដឹក​ក៏​បាន​ដែរ។ ពេលនោះ​ដូន​ចាស់​ហៅឱ្យ​​ចៅ​ប្រុស​​របស់​​គាត់​ដឹក​រូប​គាត់​និងស្ត្រី​នោះ​មក​ផ្សារ​​កំពត​ដើម្បី​ទិញសំភារ​ផ្សេងៗ​ធ្វើបុណ្យ​។ លុះ​មក​ដល់​​​ផ្សារកំពត​ប្រហែល​ជាម៉ោង​ពីរ​រសៀល​​នាថ្ងៃ​​ដដែល​នោះមុន​ចូល​ផ្សារ​ស្ត្រី​រូបនេះ​បាន​ប្រាប់​រូបគាត់​ថា​ ដោះខ្សែ.ក​ដាក់​ក្នុង​កាបូប​​​លុយ​​គេ​មក​ពីព្រោះ​ក្នុង​ផ្សារ​មនុស្ស​ច្រើន​ណាស់ ខ្លាច​គេ​​ឆក់ ។ មុន​ដំបូង​គាត់​ពុំ​ព្រម​ដោះ​ទេ​​គាត់​ប្រាប់​ស្ត្រី​នោះ​វិញ​ថា​ គាត់​​យក​ក្រមា​​មករុំ​ក​ពី​ក្រៅខ្សែ.ក​​ក៏​បាន​ដែរ ពេល​នោះ​​ដោយ​ឃើញ​​ស្ត្រីរូបនេះ​​ដោះ​ខ្សែដៃ​​ដែល​ខ្លួន​ពាក់​មក​ដាក់​ក្នុង​កាបូប​​លុយ​ រូប​គាត់​ក៏​យក​ប្រគល់​ឱ្យ​ស្ត្រី​រូប​នោះ​យក​ខ្សែ.ក​​ទុក​ក្នុង​កាបូប​ដែរ​ រួច​ហើយ​​ស្ត្រីរូបនោះ​ក៏យក​​កាបូប​​នោះ​ដាក់​ក្នុង​វ៉ាលី​​ខោអាវ​​រួច​ឱ្យ​គាត់​ជាអ្នក​ស្ពាយ ។ រីឯ​ចៅ​ប្រុស​ដែល​​ជូនមក​ជាមួយ​ឱ្យចាំ​នៅក្រៅ​​ផ្សារ​​ជា​មួយ​ម៉ូតូ ។

ក្រោយ​​មក​ស្ត្រី​រូបនោះ​ក៏​បាន​​នាំដូន​ចាស់​​ចូល​ក្នុង​ផ្សារ​ ។ ដោយ​នាំចូល​ទៅទិញ​ក្រមា​​និង​​កំណាត់​​ស​ បាន​ឱ្យ​អ្នក​លក់​​រៀបចំ​ត្រូវ​ចំនួន​១៥០​ក្រមា​ និងកំណាត់​​ស​ចំនួន​១៥ដុំ​ រួច​ហើយ​ ស្ត្រី​នោះ​​​បាន​ប្រាប់​ដូន​ចាស់​​ថា ឱ្យ​ទៅហៅ​ចៅ​មក​រាប់​​ក្រមា​​និងកំណាត់​​ស​វេច​ខ្ចប់​​ឱ្យ​ស្អាត​យើង​ទៅទិញ​បន្លែ​និង​ម្ហូបទៀត ។ ​ពេល​ចៅ​គាត់​មក​ដល់​កន្លែង​​ក្រមា​ស្ត្រី​នោះ​បាន​នាំគាត់​ទៅទិញ​បាន​បន្លែ​ត្រឡាច​ខ្លះ​រួច​ក៏​​ចូល​ផ្សារ​ត្រី​ពេល​នោះ​តថ្លៃ​មឹក ។ ការ​តថ្លៃ​ទិញមឹក​​នេះ​​ដូន​ចាស់​​ពុំ​ដឹង​ថា​ មួយគីឡូ​តម្លៃ​ប៉ុន្មាន​ទេ ពេល​នោះ​ស្ត្រី​រូបនោះ​ ឱ្យ​ប្រាក់​មក​គាត់​មួយ​ម៉ឺន​រៀល​ឱ្យ​ទិញ​ម្លូ​រនិង​ស្លា ។ ក្រោយ​ពីគាត់​ទិញ​ស្លាម្លូ​រ​​បាន​ហើយ​គាត់ត្រឡប់​មក​ជួប​ស្ត្រី​​នោះ​​កន្លែង​ទិញ​មឹក​វិញ​ឃើញ​អ្នកលក់​​​មឹក​វេច​ខ្ចប់​មឹក​ដាក់​​ក្នុង​កេស​​​ក្លាស្សេ​​​យ៉ាង​ស្អាត​។ ស្ត្រី​​រូប​នោះ​​ ពេល​​ឃើញ​ដូន​ចាស់​​មក​ដល់​ក៏​យក​វ៉ាលីស្ពាយ​​​ពីគាត់​រួច​ឱ្យ​​យាយ​​នៅ​​ចាំមួយភ្លែត​​​ដោយ​​ស្ត្រី​នោះ​ទៅ​ហៅអ្នក​លីអីវ៉ាន់​​ឱ្យ​មកជួយ​​យកទៅ​ក្រៅ​​ព្រមទាំង​​ទៅទិញ​ទឹក​ផ្លែ​ឈើ​ឱ្យ​យាយពិសា​ផង។​​​ ការរង់​ចាំ​​​ស្ត្រីរូបនោះ​គឺ​ចាំបាត់​យូរពេក​​យាយក៏​មាន​ចម្ងល់​​ជាមួយ​អ្នក​លក់​មឹក​​និងអ្នក​ទិញ​ រីឯអ្នក​លក់​មឹក​ក៏​មាន​ចម្ងល់​ក៏សួរ​គ្នា​ពីរឿង​ស្គាល់​ស្ត្រី​​រូបនេះ​ច្បាស់​​ទេ​ទើប​ដឹងថា ទាំង​​គាត់​ក៏មិន​ស្គាល់​ទាំង​អ្នក​លក់​មឹក​​ក៏មិន​ស្គាល់​ទើប​ម្ចាស់​លក់​មឹក​ប្តឹង​សមត្ថ​កិច្ច​​ឱ្យឃាត់​ខ្លួន​ដូន​ចាស់​មក​អធិការ​​ដ្ឋាន​ក្រុង​ដើម្បី​សួរនាំ​តែម្តង ។

ប៉ូលិស​និយាយ​​ថា ក្នុង​រឿង​នេះ​ពុំទាន់​សន្និ​ដ្ឋាន​​ថា ដូនចាស់​ចាញ់​​បោក​គេឬ​សមគំនិត​​ជា​មួយ​​ស្ត្រី​រូប​នេះ​ទេ រង់​ចាំ​ការ​សើប​​អង្កេត​ពី​សមត្ថកិច្ច​បន្ត​ ៕