ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​ដាំ​ដំឡូង​មី​អស់​ការ​ងារ​ក្រឡាប់​រថយន្ត​ស្លាប់២នាក់​របួស​ធ្ងន់​​ស្រាល​១០​នាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​២​នាក់​​ស្លាប់​ និង​១០​នាក់​ផ្សេង​ទៀត​បាន​​រង​របួសធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២ ​មីនា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​។​

​មន្ត្រី​ប៉ូ​លិសបាន​និយាយ​ថា ​ជន​រង​គ្រោះ​គឺ​ជា​​ជន​ក្រីក្រ​ដែល​ទៅ​ធ្វើការ​ជា​កម្មករ​ដាំដំឡូង​មី ឱ្យ​ថៅកែ​ចិន​នៅ​ចំណុច​កាច់​កង់ និង​ភ្នំ​គុក ដែល​ស្ថិត​នៅ​ព្រំប្រទល់​ជាប់​គ្នា​២​ខេត្ដ គឺ​ខេត្ដ​កំពង់​ឆ្នាំង និង​ខេត្ដ​ពោធិ៍​សាត់។ ​ពួក​គាត់​ត្រូវ​បាន​ថៅកែ​ចិន​​ឈប់​​ឱ្យ​ធ្វើការ​ដោយ​ប្រាប់​ថា អស់​ការ​ងារ​ធ្វើ ហើយ​នៅ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​​វិញ​តាម​រថយន្ដ​កូរ៉េ​ ក៏​​ជួប​​គ្រោះថ្នាក់​​​រថយន្ដ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​៣​ទៅ​៤​ត្រឡប់។

ប្រភព​ដដែល​បាន​បន្ដ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​​ គឺ​សុ​ទ្ធ​សឹង​ជា​​ក្មេង​ប្រុស​ជំទង់​​ដែល​មានឈ្មោះ​ផូ ភឿន អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រាប ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​ក​ណា្ដ​ល និង​ម្នាក់​ទៀត​ឈ្មោះ​ឈុ​ន រុំ អាយុ​៩​ឆ្នាំ រស់នៅ​ស្រុក​បាត់ដឹង ខេត្ដកំពង់ស្ពឺ។​ ក្រៅពី​​ក្មេង​ប្រុស​​ដែល​ស្លាប់​២​នាក់​នេះ ​នៅមាន​មនុស្ស​៤​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ និង​៦​នាក់​ទៀត​បាន​រង​របួស​ស្រាល​​ដែល​ពួក​គាត់​ខ្លះ​នៅ​ខេត្ដកំពង់ស្ពឺ ​ខ្លះ​នៅ​ខេត្ត​កណា្ដល និង​ខ្លះ​ទៀត​នៅ​ខេត្ត​​កំពង់ឆ្នាំង​​ ហើយ​​ត្រូវ​​បាន​ដឹក​ទៅ​ស​ង្គ្រាះ​នៅ​មន្ទីរពេទ្យ​ខេត្ដ។

យោង​តាម​មន្ដ្រី​ប៉ូ​លិស​ចរាចរ​​ស្រុក​បរិ​បូរណ៍ បាន​បញ្ជាក់​ថា រថយន្ដ​​ដែល​ដឹក​កម្ម​ករ​ហើយ​ជួប​គ្រោះ​ថ្នាក់​​​នោះ​ជា​រថយន្ត​កូរ៉េ​​​ព​ណ៌​ខៀវ ពាក់​ស្លាក​​លេខ​កំពង់ស្ពឺ 2A-2027 ពេល​បើ​ក​មក​ដល់​ចំណុច​កើតហេតុ​បាន​ដាច់​ «​រ៉ូ​ទីល» ​ហើយ​បាត់​ម្ចាស់​កា​រក៏​​ក្រ​ឡាប់​ធ្លាក់​ចេញពី​​​ផ្លូវ​ជាតិ​ដែល​​មាន​កំពស់​ជាង​៣​ម៉ែត្រ ៣-៤​ត្រឡប់​រួច​ងើបឈរ​វិញ​នៅ​បាត​ប្រឡាយ។ ​ចំណែក​អ្នកបើកបរ​ក្រោយ​កើតហេតុ​ឃើញ​មនុស្ស​ស្លាប់​ ​និង​របួស​បែប​នេះ​បាន​រត់គេច​ខ្លួន​បាត់​។​ សព​ជន​​រង​គ្រោះ​ត្រូវ​បាន​ដឹក​​​យក​​ទៅ​​តម្កល់​នៅ​វត្ដ​ខ្សា​ម ​ដើម្បី​រង់ចាំ​បង​ប្អូន​មក​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​រថយន្ដ​ត្រូវ​បាន​យក​​ទៅ​រក្សា​​ទុក​​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ស្រុក​រង់ចាំ​ការ​ដោះស្រាយ ៕