ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់ម្នាក់​​​ធ្លាក់​ពី​លើ​ជាន់​ទី​៣​ ខណៈម្ចាស់​បុរី​ព្យាយាម​លាក់បាំង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្មករ​សំណង់​បុរី​ប្លូ៊ដាយ​មិន​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៣​ បណ្តាល​អោយ​​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​​ម្ចាស់​ការរ​ដ្ឋានសំណង់នេះ​​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ ដោយ​ពុំ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឡើយ រួច​នាំ​គ្នា​ដឹក​សព​ទៅ​ខេត្តសៀមរាប​បាត់​ ។​ ក្រោយមក​ទើប​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដឹង​ក៍បាន​អញ្ជើញ​មេការ​ទៅ​សាកសួរ​ទាំង​យប់​។…

រាជធានី​ភ្នំពេញ ​៖ ​កម្មករ​សំណង់​បុរី​ប្លូ៊ដាយ​មិន​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៣​ បណ្តាល​អោយ​​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​​ម្ចាស់​ការរ​ដ្ឋានសំណង់នេះ​​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ ដោយ​ពុំ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឡើយ រួច​នាំ​គ្នា​ដឹក​សព​ទៅ​ខេត្តសៀមរាប​បាត់​ ។​ ក្រោយមក​ទើប​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដឹង​ក៍បាន​អញ្ជើញ​មេការ​ទៅ​សាកសួរ​ទាំង​យប់​។

ហេតុ​កាណ៍​គ្រោះថ្នាក់​ខាងលើ​​នេះ​ បើ​តាម​របាយការណ៍​សមត្ថ​កិច្ច​បាន​​អោយ​ដឹង​ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​ខែ​តុលា ឆ្នាំ​២០២០ ​នៅ​ក្នុង​ការរ​ដ្ឋាន​បុរី​ប្លូ៊ដាយ​មិន​ ស្ថិត​នៅ​ក្រុម​ទី​៧​ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

តាម​​ប្រភពពី​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា កម្មករ​រង​គ្រោះ​ឈ្មោះ អាន ចូ​ច ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជា​ជាងសំណង់​ផ្នែក​ក្តារ​​ពុម្ព ស្នាក់​នៅ​ទីតាំង​បុរី​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ឃុំ​គោក​ជូន ស្រុក​អង្គ​ជុំ ខេត្តសៀមរាប ។

តាម​ប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ មេការ​ឈ្មោះ ឡាយ ហ៊​ល​ បាន​បញ្ជា​អោយ​ជន​រង​គ្រោះ​មក​ដំឡើង​ក្តារ​​ពុម្ព​នៅ​ក្នុង​ការដ្ឋានខាងលើ​ ខ​ណៈ​​នោះ ជន​រង​គ្រោះ​ឡើង​ទៅ​ជាន់​ទី​៣ ក៍បាន​រអិល​ជើង​ធ្លាក់​មក​ក្រោយ បណ្តាល​អោយ​រង​របួសធ្ងន់ (​តែ​អ្នកខ្លះ​ថា ​ជនរងគ្រោះ​បាត់បង់ជីវិត​​តាំងពី​កន្លែង​កើតហេតុមកម៉្លេះ) ។​

តាម​ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​​នោះ​ មេកា​រក៍​ដូច​ជា​កម្មករ​ដូច​គ្នា​ក៍បាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ឯកជន​ លុះ​ពេល​ទៅ​ដល់ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​​ថា ជនរងគ្រោះ​បាត់បង់​ជីវី​តទៅ​ហើយ ។

តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់​​បាត់បង់ជីវិត​កម្មករម្នាក់​ខាងលើ​ មេការ​ពុំ​បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋានឡើយ ក៍បាន​ហៅ​រថយន្ត​ដឹក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ក្នុង​តម្លៃ​៦០០​ដុល្លារ ​។ ​លុះ​ក្រោយមក​នៅ​វេលា​ល្ងាច ​ទើប​សមត្ថកិច្ច​ដឹង​ ហើយ​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​សេក​និង​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រក៍បាន​ចុះ​ទៅ​សាកសួរ តែ​ខាង​បុរី​មិន​អនុញ្ញាត​អោយ​ចូល​ឡើយ ​។ ​ទើប​ហៅ​មេការ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ទាំង​យប់​ ក្រោយមក​ទើប​អោយ​ត្រឡប់​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា មាន​បុរី​ជា​ច្រើន​នាពេលកន្លង​មក​ បាន​ចាត់​ទុក​បុរី​របស់​ខ្លួន ដូច​ជា​តំបន់​ស្វយ័ត ដោយ​ដាក់​កម្លាំង​សន្តិសុខ​ការពារ​ មិន​អោយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចេញចូល​ឡើយ​នៅ​ពេល​មានរឿង​កើតឡើង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ