ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​រថយន្ត​ធុន​ធំ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ធំ​ៗ​ដែល​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវ​បាន​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ខណៈ​ផ្លូវជាតិ​មួយ​នេះ មាន​ទឹកជំនន់​លិចលង់​ខ្លាំង និង​ហូរ​កាត់​ជិត​១០០០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ធំ​ៗ​ដែល​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវ​បាន​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ខណៈ​ផ្លូវជាតិ​មួយ​នេះ មាន​ទឹកជំនន់​លិចលង់​ខ្លាំង និង​ហូរ​កាត់​ជិត​១០០០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ចំណុច​ដែល​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ខាងលើ គឺ​ស្ថិត​នៅ​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ជាប់​ព្រំប្រទល់​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ទោះជា​យ៉ាងណា រថយន្ត​តូច​ៗ​អាច​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បានជា​ធម្មតា ប៉ុន្តែ​ត្រូវ​មានការ​អន្តរាគមន៍​ជួយ​ពី​កម្លាំង​ចម្រុះ​ដែល​ជា​អាជ្ញាធរ​ខេត្ត និង​ក្រុង ដាក់​ឲ្យ​ប្រចាំ​នៅ​ទីនោះ​។

ដោយឡែក​ទឹកអូរ​ព្រំដែន អាជ្ញាធរ​ក្រុង បាន​អះអាង​ថា នៅ​បន្ត​ហក់​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​អ្នក​ភូមិ​ដែល​រស់នៅ​ជាប់​អូរ​ព្រំដែន​ខាងត្បូង ផ្លូវជាតិ​លេខ​៥ ក៏​ត្រូវ​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​ហើយ​មក​ទល់​នឹង​ថ្ងៃនេះ គឺ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ គឺ​មាន​ជាង​១០០០​គ្រួសារ​ហើយ​។

ចំណែក​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជុំវិញ​រង្វង់​មូល និង​ចំណុច​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវធ្វើ​ចរាចរ​កាត់ទឹក ប៉ុន្តែ​សម្រាប់​រថយន្ត​ធំ​ៗ​របស់​ថៃ​ដែល​ឆ្លង​ទៅ​មក​កម្ពុជា នៅ​បន្ត​ធ្វើ​ចរាចរណ៍​ជា​ធម្មតា ព្រោះ​ទឹក​រាក់ និង​កន្លែង​លិចលង់​នោះ​តិចតួច​។

ជាមួយ​គ្នា​នេះ គេ​ឃើញ​អាជ្ញាធរ និង​សប្បុរសជន​នានា ក៏​បាន​រួម​គ្នា​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ និង​បរិភោគ ចែក​ជូន​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​តាម​ទីទួល​សុវត្ថិភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ