រាជធានីភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ អមដំណើរដោយមន្ត្រីក្រោមឱវាទ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារក្រីក្រចំនួន១៧គ្រួសា ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ឧសភា ២០១៥ ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៧គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, មុង១, ភួយ១, ក្រមា១, សារុង១ និងថវិកា៣ម៉ឺនរៀល ។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោបាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបានគិតគូរដល់ការលំបាក និងសុខទុក្ខរបស់បងប្អូន ដែលជាជនងាយរងគ្រោះ, ទុរគតជន, ពិការ កុមារកំព្រា, ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ជាដើម ។
លោកអភិបាល ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានផងដែរ ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនឱ្យថែរក្សាសុខភាព អនាម័យ ការរស់នៅស្អាត ដើម្បីបន្តមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ