ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ក្លាយជាម្ចាស់លុយ៖ តើអ្នកហ៊ានផ្លាស់ប្តូរផ្នត់គំនិតដើម្បីកំណត់ជីវិតរបស់អ្នកដែរឬទេ!

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗអាចធ្វើខ្លួនឱ្យជាទាសករនៃលុយ ហើយក៏អាចធ្វើខ្លួនឱ្យក្លាយជាម្ចាស់នៃលុយបានដែរ។ ការចាយលុយ និងការសន្សំលុយ មនុស្សម្នាក់ៗតែងតែមានបរិបទ និងផ្នត់គំនិតផ្សេងៗគ្នា ទៅតាមតំបន់ សង្គម…

រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗអាចធ្វើខ្លួនឱ្យជាទាសករនៃលុយ ហើយក៏អាចធ្វើខ្លួនឱ្យក្លាយជាម្ចាស់នៃលុយបានដែរ។ ការចាយលុយ និងការសន្សំលុយ មនុស្សម្នាក់ៗតែងតែមានបរិបទ និងផ្នត់គំនិតផ្សេងៗគ្នា ទៅតាមតំបន់ សង្គម និងប្រទេសនីមួយផងដែរ។

លោក ង៉ែត ជូ អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងអចលទ្រព្យ បានលើកយកការសន្សំលុយ ដែលមានផ្នត់គំនិតខុសគ្នាៗរវាងប្រទេសលោកខាងលិច និងខាងកើតជាដើម ដើម្បីបកស្រាយមូលហេតុអ្វីបានជាគេមានផ្នត់គំនិតបែបនេះ។

លោក ង៉ែត ជូ បានថ្លែងថា «ការចាយលុយ វាគឺអាស្រ័យ ទៅលើទស្សនៈ និងផែនការចាយលុយដែលភាគច្រើន វាទាក់ទងនៅនឹងវប្បធម៌នៃប្រទេសនីមួយ កំរិតនៃការអប់រំ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច នៃប្រទេសនីមួយៗផងដែរ។ ជារួមការធ្វើផែនការចាយលុយ អ្នកខ្លះគាត់មានទស្សនៈថា ត្រូវធ្វើតែផែនការឱ្យលំអិត ឬក៏បែងចែកជារូបមន្ត ៥០ ភាគរយ ២០ ភាគរយ និង១០ភាគរយ ជាដើមដើម្បីគ្រប់គ្រងនៃការចាយលុយ»។


លោក ង៉ែត ជូ បានបន្តថា ដោយឡែក នៅបណ្តាប្រទេសមួយចំនួន ជាពិសេស នៅប្រទេសចិន ប្រជាជនចិនពូកែខាងសន្សំលុយណាស់ គេគិតថាការសន្សំលុយគឺជាគុណធម៌មួយនៅក្នុងសង្គមរបស់គេ។ ប៉ុន្តែ ប្រជាជនខ្មែរយើងភាគច្រើនគិតថា ជនជាតិចិន ជាមនុស្សម៉ៅស្វិត កំណាញ់ អ៉ីចឹងទៅ នេះជាការយល់ឃើញខុសគ្នា។

ប្រជាជនចិន សន្សំលុយ ៥០ ទៅ ៦០ ភាគរយ នៃប្រាក់ចំណូលដែលគេរកបាន ហើយប្រសិនបើធៀបទៅនឹងការសន្សំលុយនៅប៊ែកអ៉ឺរ៉ុប ឬសហរដ្ឋអាមេរិកវិញ ពួកគាត់សន្សំត្រឹមតែ ១០ ទៅ ១៥ ភាគរយនៃប្រាក់ចំណូលគាត់ គឺគាត់គិតថាច្រើនពេកហើយ។ ហើយអីឡូវប្រសិនបើយើងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង ក្នុងប្រទេសសហរដ្ឋអាមេរិក កំពុងមានវិបត្តិ ការសន្សំប្រាក់របស់គាត់ ២ ទៅ ៣ភាគរយ នៃទំហំសេដ្ឋកិច្ច ហើយប្រទេសមួយដែលមិនមានការសន្សំ គឺជាក្តីបារម្ភច្រើនដែលទាក់ទងនិងការអភិវឌ្ឃន៍ទៅមុខទៀត។


លោក ង៉ែត ជូ បានបន្តថា «ដោយឡែកចំពោះប្រទេសកម្ពុជា មានការសន្សំប្រាក់ត្រឹមតែ ២០ ភាគរយនៃទំហំសេដ្ឋកិច្ច មើលទៅរាងគួរសមដែរ តែក៏ហាក់បីដូចជានៅទាបដែរ នេះបើយោងតាមរបាយការណ៍ធនាគារពិភពលោក។ ផែនការនៃការចំណាយ មែនទែនផែនការនៃការចំណាយ ជាការបែងចែកខ្ទង់ចំណាយ ថាលុយណាគួចាយទៅលើអ្វី ក្រៅអំពីការចំណាយ យើងត្រូវខ្ទង់វិនិយោគ ខ្ទង់សន្សំដើម្បីបំរុងប្រសិនបើមានព្រឹត្តការណ៍ចាំបាច់អ្វីមួយដែលយើងមិនអាចដឹងមុនជាដើម ឧទាហរណ៍ ភ្លាមៗមានជំងឺឈឺថ្កាត់អ្វីមួយនេះឯង»។


ប្រសិនជាយើងបានធ្វើផែនការណាមួយឱ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលមានគ្រួសារ យើងត្រូវដាក់ចិត្ត ឬផ្លាស់ប្តូរផ្នត់គំនិតមួយ ធ្វើយ៉ាងណាសន្សំឱ្យបាន ៤០ ទៅ ៥០ ភាគរយ នៃប្រាក់ចំណូលរបស់យើង។ ម្យ៉ាងវិញទៀត វាទាល់តែចេញពីផ្នត់គំនិតយើងតែម្តងទើបអាចធ្វើបាន ចង់មានន័យថា ការសន្សំ ៥០ភាគរយ នេះអ្នកខ្លះ គាត់មានគំនិតមួយថា គាត់គឺជាទាសករនៃលុយ អ្នកមានអារម្មណ៍ថា មានសំពាធ ផ្លូវចិត្ត មានការធុនធប់ ដូចជាខ្លួនរស់នៅក្នុងគំនាបលុយអ៉ីចឹង ប៉ុន្តែប្រសិនបើមានគំនិត ថាត្រូវតែសន្សំឱ្យច្រើន ចុះបើចិនគេសន្សំមួយគំនរ ហើយយើងតិចជាងគេតិចទៅ មិនឬអី?

លោក ង៉ែត ជូ លើកទឹកចិត្តឱ្យមានការសន្សំលុយសម្រាប់វិនិយោគដូចនេះថា «ខ្ញុំអាចផ្តល់គំនិតថា យើងគួចាត់ទុកលុយដែលយើងរកបាននឹង ជា២ទៅ ប្រៀបធៀបទៅនឹងគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយចង់សំដៅទៅលើ លុយដែលយើងរកបានមក ទាល់តែមានការចាំបាច់ ទើបយើងចាយ ដោយឡែកចំពោះ គ្រាប់ពូជ គឺប្រៀបធៀបទៅនឹងលុយដែលយើងទុកវិនិយោគ ឬលុយដែលយើងទុកចុលហ៊ុនជាមួយនរណាម្នាក់ គ្រាប់ពូជនេះមានន័យថា យកលុយទៅបង្កើតលុយ»។

ដូចនេះ ទាល់តែយើងចេះប្រើលុយ ដើម្បីបង្កើតលុយ ទើបលុយនោះមានលិទ្ធភាព ជួយសម្រាលបន្ទុកយើងកុំឱ្យយើងប្រឹងធ្វើការងារដើម្បីតែលុយច្រើនពេក។ ប្រសិនជាយើងមិនអាចយកលុយទៅបង្កើយលុយនោះទេ មានតែយើងនេះឯង ដែលជាអ្នកបំរើលុយរហូត ដល់ថ្ងៃយើងអស់កំលាំងពលកម្ម៕

អត្ថបទសរសេរ ដោយ