ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ទទួល​បាន​ពានរង្វាន់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប (Europe Business Assembly) និង​ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើប​លោក ស៊ឹ​ម ស៊ី​ថា អគ្គនាយក

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប (Europe Business Assembly) និង​ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទើប​លោក ស៊ឹ​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិការ​ស្តី​ពី «Achievement Forum London 2015» និង​ទទួល​ពានរង្វាន់ «Best Enterprise Award and Manager of the Year» នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៨ ដល់ ២៣ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

កម្មវិធី​ពានរង្វាន់​និង​មេដាយ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២១ មេ​សា ដោយ​មាន​ជ័យ​លា​ភី​សរុប​ចំនួន​៤០​ក្រុមហ៊ុន មក​ពី​៣២​ប្រទេស​ជុំវិញ​ពិភពលោក ក្នុង​នោះ​មាន​៧​រូប​ជា​អ្នកនយោបាយ (​អភិបាលក្រុង​) និង​២​រូប​ជា​អ្នក​វិទ្យាសាស្ត្រ ។ ដោយឡែក​ពី​ប្រទេស​កម្ពុជា​យើង​មាន​ជ័យ​លា​ភី​ចំនួន​២​គឺ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី ។

ពានរង្វាន់ Best Enterprise ជា​ពានរង្វាន់​ខ្នាត​អន្តរជាតិ ដែល​បាន​បង្កើត​ឡើង​សម្រាប់​ប្រគល់​ជូន​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​លើ​ពិភពលោក និង​មេដាយ Manager of the Year ប្រគល់​ជូន​នាយក​ប្រតិបត្តិ (CEO) ដែល​មាន​ស្នាដៃ​ឈានមុខ​គេ​ក្នុង​ការងារ​អាជីវកម្ម សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​សង្គម​។ ការ​វាយតម្លៃ​ផ្តល់​ជ័យ​លា​ភី​បាន​ផ្អែក​ជា​សំខាន់​ទៅ​លើ​ការ​គ្រប់គ្រង​គុណភាព​សរុប (Total Quality Management) ដោយ​រាប់​បញ្ចូល​ទាំង​គុណភាព​ក្នុង​ការ​បម្រើ​អតិថិជន​, ភាព​ជា​អ្នកដឹកនាំ និង​ការ​ប្តេជ្ញា​ចិត្ត របស់​ថ្នាក់ដឹកនាំ ព្រមទាំង​ការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ ។

លោក ស៊ឹ​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឱ្យ​ដឹង​ថា ជាមួយនឹង​ពានរង្វាន់​ទាំង​ពីរ​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាន់តែ​រក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ ។ នេះ​ជា​ជោគជ័យ​ថ្មី​បន្ថែម​មួយទៀត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយនឹង​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អាណាព្យាបាល ព្រមទាំង​ក្រុមប្រឹក្សាភិបាល​នៃ រ​.​ទ​.​ស​.​ភ ។ ព្រម​ជាមួយ​នោះ​ផង​ដែរ ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​គុណូបការៈ​គុណ​នេះ ថ្នាក់ដឹកនាំ​ទាំងអស់​គ្នា នឹង​ខិតខំ​បំពេញ​បេស​កម្ម​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​សេវាកម្ម​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទូ​ទាំង​រាជធានី​ភ្នំពេញ​ព្រមទាំង​ក្នុង​ទីប្រជុំជន​នានា តាម​ការ​ចង្អុល​បង្គាប់​របស់​រាជរដ្ឋាភិបាល​ដើម្បី​បន្ត​ចូលរួម​ចំណែក​សម្រេច​គោលដៅ​ទី​៧​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​យើង ៕