ខេត្តសៀមរាប ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តបានចាប់ខ្លួនជនដៃម្នាក់ក្នុងចំណោមបក្សពួក៦នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅកណ្ដាលក្រុងទេសចរណ៍ បណ្ដាលឲ្យមនុស្សម្នាក់ធ្លាយពោះធ្ងន់ធ្ងរ និងម្នាក់ទៀតបៀមគ្រាប់ផ្នែកចង្កេះខាងក្រោយ។
ហេតុការណ៍បាញ់បោះសេរីនោះបានកើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី៣០ មេសា នៅចំណុចលើផ្លូវប្រព័ន្ធក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីជនដៃដល់បានធ្វើសកម្មភាពបាញ់បោះសេរីរួចមក កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភា្លមៗ រួចបានបញ្ជូនជនរងគ្រោះឲ្យទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពបានបន្តថា ជនរងគ្រោះមានឈ្មោះ ជូរ ឡាក់សារ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យ១០មករា ស្នាក់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលត្រូវគ្រាប់បៀមផ្នែកចង្កេះខាងក្រោយ និងម្នាក់ទៀតឈ្មោះ សុវណ្ណ លិ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យ១០មករា តែឈប់រៀន ត្រូវពោះពីស្តាំធ្លាយមកឆ្វេង។
ចំណែកជនសង្ស័យឈ្មោះ គូវ បូសត្យា ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករត់តុការ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ប្រើប្រាស់អាវុធម៉ាក K៥៤ ដែលសមត្ថកិច្ចចាប់បាន ក្នុងចំណោមបក្សពួកចំនួន១០នាក់។ ប្រភពបានឲ្យដឹងទៀតថា ជនដៃដល់ក្នុងការបាញ់ប្រហារឲ្យមានមនុស្ស២នាក់ រងរបួសនោះបានជិះម៉ូតូ៣ទៅ៤គ្រឿង មានគ្នាប្រមាណជិត១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរសៀល ថ្ងៃទី១ ឧសភា ២០១៥ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយពីចាប់ខ្លួនបាន ជនដៃដល់ ត្រូវសមត្ថកិច្ចនាំយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តភ្លាមៗដែរ។ កម្លាំងជំនាញកំពុងតែធ្វើការសាកសួរជនសង្ស័យដើម្បីឈានទៅរកបក្សពួកបន្ថែម៕
ចែករំលែកព័តមាននេះ