តុលាការឧក្រិដ្ឋកម្មក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃទី៨ មីនា ថា ខ្លួននឹងលើកពេលការកាត់ទោសអតីតប្រធានាធិបតីបារាំង លោកហ្សាក់ស៊ីរ៉ាក់ ទៅខែមិថុនា ខាងមុខ ដោយទុកពេល២ខែ ដើម្បីសម្រេចថា តើលោកហ្សាក់ស៊ីរ៉ាក់ មានទោសកំហុស តាមការចោទប្រកាន់ ឬក៏អត់ តាំងពីឆ្នាំ១៩៩០មក ។
លោកហ្សាក់ ស៊ីរ៉ាក់ អាយុ៧៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងពីបទបង្កើតការងារក្លែងក្លាយ និងប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវនៅពេលលោកកាន់តំណែងជាអភិបាលក្រុងប៉ារីស នៅឆ្នាំ១៩៩០ ។ រដ្ឋអាជ្ញាសាធារណៈបានដាក់ពាក្យបណ្តឹងប្តឹងលោកហ្សាក់ស៊ីរ៉ាក់ ក្រោយពីលោកហ្សាក់ស៊ីរ៉ាក់ បាត់បង់អភ័យឯកសិទ្ធិជាប្រធានាធិបតីបារាំង កាលពីឆ្នាំ២០០៧ កន្លងមក ធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីបារាំងដំបូងគេ ស្ថិតក្រោមការស៊ើបអង្កេតចាប់តាំងពីមេដឹកនាំបារាំង លោក Marshal Philippe Petain ត្រូវបានកាត់ទោសពីបទក្បត់ជាតិ ក្រោយសង្គ្រាមលោកលើកទី២មក ។
យោងតាមការសន្និដ្ឋាននៃការបើកសវនាការកាលពីខែតុលា ឆ្នាំ២០១០ កន្លងមក បទចោទប្រកាន់ករណីទី១ពាក់ព័ន្ធជាមួយបុគ្គលិកជាប់កិច្ចសន្យាជាមួយសាលាក្រុងប៉ារីស២១នាក់ ហើយលោកហ្សាក់ ស៊ីរ៉ាក់ ក៏ត្រូវចោទប្រកាន់ពីបទកិបកេងប្រាក់ និងពីបទរំលោភបំពានការទុកចិត្តដែរ ។ លោកស៊ីរ៉ាក់ ថ្លែងថា រូបលោកនឹងបង្ហាញខ្លួនក្នុងតុលាការ បើទោះបីជាលោកមានបញ្ហាសុខភាពក៏ដោយ ។
តាមច្បាប់របស់ប្រទេសបារាំង ប្រសិនបើត្រូវកាត់ឱ្យជាប់ទោស លោកស៊ីរ៉ាក់ ប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់១៥០.០០០អឺរ៉ូ ប្រហែល២១០.២៨០ដុល្លារអាមeរិក ។ លោកហ្សាក់ ស៊ីរ៉ាក់ ជាឥស្សរជននយោបាយដ៏មានប្រជាប្រិយភាពបំផុតមួយរូបរបស់ប្រទេសបារាំង ហើយកាន់តំណែងជាអភិបាលក្រុងប៉ារីសចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ ១៩៩៥ ហើយជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវពុករលួយ ប៉ុន្តែលោកមិនដែលទទួលការកាត់ទោសដោយសារលោកបានក្លាយជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧ ៕
ចែករំលែកព័តមាននេះ