ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​បទ​ពិសោធន៍​នៃ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេ​សា គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចំនួន​៩​រូប ដឹកនាំ​ដោយ​​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅសាធា​រណ​

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេ​សា គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចំនួន​៩​រូប ដឹកនាំ​ដោយ​​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅសាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​ស្វែង​យល់ និង​ដក​បទ​ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ថ្មី​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្កែ​ន​កុងតឺ​ន័រ។

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន តាម​រយៈ​ក្រុមហ៊ុន NUCTEC ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​ប្រភេទ MT1213LT ចំនួន​៨​គ្រឿង​ដល់​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង ។

នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ និង​មូលដ្ឋាន​ផលិតកម្ម​របស់​ក្រុមហ៊ុន NUCTEC នៅ Myun តំណាង​ក្រុមហ៊ុន​បាន​បង្ហាញ​អំពី​បច្ចេកវិទ្យា​ទំនើប​ថ្មី​បំផុត​របស់​ម៉ាស៊ីន​ស្កែ​ន ដែល​មាន​សមត្ថភាព​អាច​កំណត់​បាន​នូវ​ប្រភេទ​វត្ថុ​ដែល​ផ្ទុក​ក្នុង​កុងតឺន័រ សមត្ថភាព​នៃ​ការ​បញ្ជូន​រូបភាព​ភ្លាម​ៗ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​តទៅ​កាន់​កុំព្យូទ័រ ទូរស័ព្ទ​ដៃ និង​លទ្ធភាព​នៃ​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​គយ ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​នៃ​ប្រព័ន្ធ​តាមដាន​ចលនា​ទំនិញ (Cargo Tracking System) ដែល​ប្រើប្រាស់​សៀ​ល​អេ​ឡិច​ត្រូ​និ​ច (E-Seals) ដែល​អាច​បញ្ជូន​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប (Satellite) ផង​ដែរ ។
បន្ទាប់​មក​គណៈប្រតិភូ​គយ​កម្ពុជា ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិនិត្យ​មើល​ប្រតិបត្តិការ​គយ​នៅ​កំពង់​ផែ Tianjin ដែល​ជា​កំពង់​ផែ​ដ៏​សំខាន់ និង​ធំ​ជាងគេ​របស់​ចិន ស្ថិត​ក្នុង​ខេត្ត Tianjin ចម្ងាយ​ប្រមាណ​១៧០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ប៉េ​កាំ​ង ។

តាម​របាយការណ៍​ឆ្នាំ​២០១៣ បង្ហាញ​ថា សកម្មភាព​នាំ​ចេញ​នាំ​ចូល​ទំនិញ​នៅ​កំពង់​ផែ​នេះ មាន​រហូត​ដល់​៥០០​លាន​តោន ឬ​ត្រូវជា​១៣​លាន​កុងតឺន័រ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ធំ​ជាងគេ​ក្នុង​ពិភពលោក​។ នៅ​ទីនោះ គណៈប្រតិភូ​គយ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ និង​កក់ក្តៅ​ពី​សំណាក់​មន្ត្រី​គយ​ចិន និង​បាន​ដកស្រង់​យក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​នៃ​កិច្ច​ដំណើរការ​បញ្ចេញ​ទំនិញ​ពី​គយ​ដែល​មាន​ភាព​មមាញឹក​ខ្លាំង ព្រមទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ផ្នែក​ស្កែ​ន​កុងតឺន័រ នៅ​ក្នុង​ប្រតិបត្តិការ​គយ​ផង​ដែរ ។

មុន​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច គណៈប្រតិភូ​គយ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន
និង​តំណាង​ក្រុមហ៊ុន NUCTEC ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ទទួល​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ទទួល​បាន​នូវ​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​ម៉ាស៊ីន​ស្កែ​ន និង​បទ​ពិសោធន៍​ល្អ​ៗ​ពាក់ព័ន្ធ​ការងារ​គយ ដែល​លទ្ធផល​នេះ​នឹង​ក្លាយជា​ទុន​ដ៏​សំខាន់​ដើម្បី​កំណត់​នូវ​ទស្សនវិស័យ​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់ និង​ទំនើប​កម្ម​រដ្ឋបាល​គយ​កម្ពុ​ជានា​ពេល​អនាគត ។

ទស្សនកិច្ច​សិក្សា​ត្រូវ​បាន​បញ្ចប់ ហើយ​គណៈប្រតិភូ​គយ​កម្ពុជា បាន​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព​មក​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ មេ​សា ៕