ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានប្រើអំពើហិង្សាទៅលើប្រពន្ធយ៉ាងចាស់ដៃ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន ហើយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្អាង ចាប់ខ្លួនកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៥ មីនា នៅនឹងផ្ទះរបស់ជននោះស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ។ លោកអនុសេនីយ៍ឯក អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាងបានឱ្យដឹងថា ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះរឿង សុភ័ណ អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលត្រូវបុរសជាប្តីឈ្មោះប្រាក់ ហុកហួរ អាយុ៤៣ឆ្នាំ ជាអ្នកលក់សាច់ជ្រូក វាយបណ្តាលឱ្យរងរបួស ។ គ្រួសារប្តីប្រពន្ធពីរនាក់នេះមានកូន២នាក់រស់នៅក្នុងភូមិខាងលើ។
លោកមេបញ្ជាការបានឱ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៥ មីនា បុរសជាប្តីបានផឹកស្រាជាមួយមិត្តភក្តិរហូតដល់ស្រវឹង ពេលត្រឡប់មកផ្ទះវិញ បានរករឿងប្រពន្ធ។ ពេលនោះប្រពន្ធបានដើរចេញមកខាងមុខផ្ទះ ហើយបុរសជាប្តីក៏បានតាមមកទៀត និងបានដណ្តើមទូរស័ព្ទដៃពីប្រពន្ធ ប៉ុន្តែប្រពន្ធមិនព្រមឱ្យគេក៏ស្ទុះទៅយកដើមអំពៅមកវាយប្រពន្ធរហូតបាក់ដើមអំពៅ និងចាប់បោចសក់កាច់.ក រួចវាយជាច្រើនដៃថែមទៀត បណ្តាលឱ្យប្រពន្ធដួលទៅលើដី ហើយភ្លាមៗនោះដែរ ក៏ត្រូវបានបងប្អូនអ្នកជិតខាងមកជួយឃាត់ចាប់ទាន់ កុំអីប្រពន្ធរងរបួសធ្ងន់ជាងនេះមិនខាន ។
ប្រភពដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីវាយប្រពន្ធរួចមិនអស់ចិត្ត បុរសជាប្តីបានដើរចូលទៅក្នុងផ្ទះ ហើយបានវាយបំផ្លាញម៉ូតូធុន C125 ស៊េរីឆ្នាំ២០០៦ បណ្តាលឱ្យបែកបាក់ខ្ទេច និងវាយជញ្ជីងថ្លឹងសាច់ជ្រូកខូចអស់ចំនួន២ ព្រមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត ។ ដោយទ្រាំនឹងទង្វើរបស់ប្តីមិនបាន ទើបប្រពន្ធទៅប្តឹងឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនចាត់ការតាមច្បាប់ ។ ក្រោយពីត្រូវចាប់ខ្លួនបុរសជាប្តីរូបនោះបានសារភាពប្រាប់សមត្ថកិច្ចថា ថ្ងៃនោះខ្លួនពិតជាបានផឹកស្រាជាមួយមិត្តភក្តិ២នាក់ទៀតរហូតស្រវឹង ហើយបានវាយប្រពន្ធ និងវាយបំផ្លាញសំភារប្រើប្រាស់នៅក្នុងផ្ទះប្រាកដមែន ដោយសារតែខឹងប្រពន្ធមិនព្រមឱ្យទូរស័ព្ទមកខ្លួន ។ បច្ចុប្បន្នបុរសជាប្តីត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្អាងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ