រាជធានីភ្នំពេញ ៖ តារាស្រីវ័យក្មេងបានសម្រាលកូនជាបន្តបន្ទាប់នៅក្នុងខែនេះ បន្ទាប់ពីពួកគេបានសម្រេចចិត្តចូលរោងការសាងគ្រួសារប្រកបដោយសុភមង្គលអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តារាទាំង៣ដួងនោះ មានតារាចម្រៀងអ្នកនាង សួស វីសា, តារាសម្តែងវ័យក្មេងនាង ម៉ាក សែនសូនីតា ហៅតូតា និងអតីតតារាចម្រៀងរូបស្រស់អ្នកនាង អេន ជី។
តារាសម្តែងនាង ម៉ាក សែនសូនីតា ត្រូវបានគេដឹងថា នាងបានសម្រាលកូនដំបូងរបស់នាងដោយការវះកាត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខណៈពេលរូបនាង និងកូនប្រុសទើបកើតនោះ គឺមានសុខភាពល្អ ដោយកូនមានទម្ងន់៣.៦គីឡូក្រាម។ តារារូបនេះបានសម្រេចសម្រាលកូននៅក្នុងមន្ទីរពេទ្យឯកជនដ៏ទំនើបមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងនោះកូនប្រុសដែលទើបសម្រាលនេះ ត្រូវបានស្វាមីរបស់នាង គឺលោក ប៉ុល វិបូរ ដាក់ឈ្មោះឲ្យថា ប៉ុល បូនីតតូ។
ម៉ាក សែនសូនីតា ហៅតូតា និងលោក ប៉ុល វិបុល បានប្រារព្ធពិធីអាពាហ៍ពិពាហ៍ឡើងយ៉ាងកក្រើកសង្គមសិល្បៈ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលចំថ្ងៃកំណើតរបស់កញ្ញាតែម្តង។
ចំណែកតារាចម្រៀងនាង សួស វីសា បានសម្រាលកូនដំបូងរបស់នាងដោយធម្មជាតិកាលពីថ្ងៃទី0៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង៩នាទីព្រឹកនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ខណៈពេលកូនស្រីរបស់នាងនាពេលនេះត្រូវបានដាក់ឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny ។
យ៉ាងណា បន្ទាប់ពីទទួលបានចំណងដៃកូនដំបូងនាពេលនេះទាំងសួស វីសា និងស្វាមីលោកថម មី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ហើយតំណក់ឈាមរួមគ្នានាពេលនេះនឹងធ្វើឲ្យចំណងប្តីប្រពន្ធរបស់ពួកគេកាន់តែផ្អែមល្ហែម និងស្អិតរមួតកាន់តែខ្លាំង។ សួស វីសា និងលោក ថមមី វិញ បានរៀបមង្គលការយ៉ាងអធឹកអធមកាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ។
រីឯអតីតតារាចម្រៀងអ្នកនាង អេន ជី វិញ បានសម្តែងក្តីរំភើបយ៉ាងខ្លាំង បន្ទាប់ពីនាងបានសម្រាលកូនលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីនាងបានសាងគ្រួសារអស់ជាច្រើនឆ្នាំ។ កូនប្រុសដំបូងដែលនាងទើបសម្រាលឃើញពន្លឺថ្ងៃនាពេលនេះ ត្រូវបាននាង និងស្នាមីបានដាក់ឈ្មោះថា គង់ វីរៈអ៊ីដេន (Eden) ខណៈពេលក្រោយសម្រាលកូននេះដែរ គេឃើញស្វាមីរបស់នាងបានបង្ហាញកាយវិការកាន់តែថ្នាក់ថ្នមប្រពន្ធខ្លាំងលើសដើមផងដែរ។
ក្រោយពីបានសាងស្នេហ៍ និងបានសិក្សាស្វែងយល់ចិត្តគ្នាអស់រយៈពេលប្រមាណជាង៥ ឆ្នាំមក អតីតតារាចម្រៀងស្រីវ័យជាង២០ឆ្នាំអ្នកនាង គង់ សុកញ្ញា ហៅថា អេនជី បានសម្រេចចូលរោងការជាមួយកូនកំលោះមានឈ្មោះថា លោក គង់ សុខឡេង ដែលគេស្គាល់ថា ជាពាណិជ្ជករមានទ្រព្យស្តុកម្នាក់នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨។
ក្រោយពេលសម្រេចចិត្តចូលរោងការហើយនោះ អេន ជី បានងាកចេញយ៉ាងឆ្ងាយពីអាជីពសិល្បៈចម្រៀងរបស់ខ្លួន ដោយនាងសម្ងំបើកមុខរបររកស៊ីមួយយ៉ាងធំ និងទុកពេលវេលាមើលថែគ្រួសារ ក្នុងពេលដែលនាងបានរស់នៅសោយសុខក្នុងផ្ទះវីឡាដ៏ស្តុកស្តម្ភ និងការប្រើប្រាស់រថយន្តទំនើបៗ។ យ៉ាងណា ក្រោយពេលសម្រាលកូនដំបូងរបស់នាងហើយនោះ អេន ជី ក៏ធ្លាប់បានបង្ហាញតម្រុយនៅក្នុងការវិលចូលសិល្បៈរបស់នាងជាថ្មីឡើងវិញផងដែរ៕
ចែករំលែកព័តមាននេះ