ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​បង្កើត​ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍​២០២០-២០២៥

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ក្រសួងទេសចរណ៍​បាន​ផ្ដួចផ្ដើម​បង្កើត​សេចក្ដី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ដំណាក់​ក្រោយ​វិបត្តិ ដែល​មាន​រយៈពេល​៥​ឆ្នាំ (២០២០-២០២៥)​។ ដើម្បី​សម្រេច​បាន​ផែនដី​ចង្អុល​ផ្លូវ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា…

រាជធានី​ភ្នំ​ពេ​ញ ៖ ក្រសួងទេសចរណ៍​បាន​ផ្ដួចផ្ដើម​បង្កើត​សេចក្ដី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ដំណាក់​ក្រោយ​វិបត្តិ ដែល​មាន​រយៈពេល​៥​ឆ្នាំ (២០២០-២០២៥)​។

ដើម្បី​សម្រេច​បាន​ផែនដី​ចង្អុល​ផ្លូវ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងទេសចរណ៍​បាន​ជួប​ប្រជុំ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មុន​នឹង​ដាក់​ឆ្លង​គណៈ​កម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ នា​ពេល​ខាង​មុខ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ហើយនឹង​បន្ត​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ឱ្យ​ដឹង​ថា សៀវភៅ​ផែនទី​ចង្អុល​ផ្លូវ​នេះ​មាន​៣​ដំណាក់កាល​ ៖ ដំណាក់កាល់​ទី​១-ជា​ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ប្រក្រតី​កម្ម​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារ​ឡើង​វិញ ​។ ដំណាក់កាល​ទី​២-ជា​ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។ ដំណាក់កាល​ទី​៣-ជា​ការ​រៀបចំ​ឆ្ពោះទៅ​កាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ស្នើ​ទៅ​កាន់​អង្គប្រជុំ ដែល​មានការ​ចូលរួម​ពី​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ឱ្យ​ចូលរួម​អនុវត្ត​ការងារ​មួយ​ចំនួន រួម​មាន​៖ ទី​១-​បន្ត​​ជំរុញ​វិធានការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​ការងារ ពិសេស​ជំរុញ​ការ​ផ្តល់​ជា​កញ្ចប់​ថវិកា ឬ​មូលនិធិ​របស់​រាជរដ្ឋាភិបាល​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុង វិស័យ​ទេសចរណ៍ និង​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មានគំនិត​ច្នៃប្រឌិត ព្រម​ជាមួយនឹង​ការ​ពង្រីក​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម និង​រក្សា​ការងារ​ឱ្យ​បាន​អតិបរមា​។

ទី​២-បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ជំហាន​ទី​១ និង​ដាក់​ចេញ​ជំហាន​បន្តបន្ទាប់​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ទី​៣-ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​ភាព​ជឿ​ទុកចិត្ត និង​ភាព​ជឿជាក់ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ថ្នាល​ឌី​ជី​ថ​ល​ផ្សេង​ៗ​គ្នា​ទៅ​តាម​ទីផ្សារ​អាទិភាព​នីមួយ​ៗ (​ក្រៅពី​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​) ពិសេស​ផ្សព្វផ្សាយ​ប្រកបដោយ​គុណភាព និង​ជំនាញ​ទៅ​តាម​គោលដៅ​អាទិភាព និង​ពង្រឹង​តួនាទី​របស់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​តាម​រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ច្រើន​។

ទី​៤-ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ទេសចរណ៍​ផ្ទៃក្នុង តាម​រយៈ​ការ​បង្កើត​កញ្ចប់​ទស្សនកិច្ច​ថ្មី​ៗ ដែល​មាន​ភាព​ទាក់ទាញ និង​កំណត់​តម្លៃ​សមរម្យ​។

ទី​៥-ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មី​ៗ តាម​តំបន់​អាទិភាព​នានា រួម​មាន​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ ខេត្តសៀមរាប និង​តំបន់​ជុំវិញ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​ជុំវិញ តំបន់​ឦសាន និង​តំបន់​ជុំវិញ ស្រប​តាម​ទស្សនទាន «​ស្អាត និង​បៃតង​»​។

ទី​៦-រៀបចំ​បង្កើត និង​អនុវត្ត​យន្តការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​អាស៊ាន​បូក​បី តាម​រយៈ​ការ​រៀបចំ Green Travel Bubble ការ​រៀបចំ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ដោយ​ខ្លួនឯង និង​ការ​បង្កើត​ឱ្យ​មាន​ទិដ្ឋាការ​ពិសេស សម្រាប់​ការ​ធ្វើ​ដំណើរ​រយៈពេល​យូរ​ជាដើម​។

ទី​៧-រៀបចំ​យន្តការ​ដឹកនាំ និង​អនុវត្ត​ដែល​មាន​សមត្ថកិច្ច​ពេញលេញ និង​សិទ្ធិ​សម្រេច​ក្នុង​ការ​អនុវត្ត​សកម្មភាព​យុទ្ធសាស្ត្រ​នៃ​ផែនទី​ចង្អុល​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​។

អង្គប្រជុំ​ឯកភាព​ថា​ការ​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារៈ​សំខាន់​ចាំបាច់ សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត​ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​ចក្ខុវិស័យ​កម្ពុជា​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន ខណៈ​វិស័យ​ឯកជន​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ភាគច្រើន​ជាមួយ​ផែនការ​សកម្មភាព ដែល​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ក្នុង​សេចក្តី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​រួច​ហើយ​។

យោង​តាម លោក ណេ​ប សា​មុត ផែនទី​ចង្អុល​ផ្លូវ​នេះ​គ្រោង​នឹង​ដាក់​ឆ្លង​គណៈ​ក​ម្មា​ការ​ជាតិ​អភិវឌ្ឍ​ទេសចរណ៍ នៅ​កំឡុង​ខែវិច្ឆិកា​ខាង​មុខ ដើម្បី​ពិនិត្យ​មុន​នឹង​ដាក់​ឆ្លង​ការ​សម្រេច ពី​រាជរដ្ឋាភិបាល​។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍​ក៏​កំពុង​តែ​គិត​លើ​ការ​ត្រៀម​ទទួល​ទេសចរ​បរទេស តាម​រយៈ​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច Green Travel Bubble ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ចិន ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហ​បុរី ថៃ និង​ប្រទេស​វៀតណាម​។ ក្រៅពី​នេះ ក៏​មានការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​ផង​ដែរ ដូច​ជា​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ជំហាន​ៗ​ជាដើម​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ