ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកដឹកអុស​តាមគោយន្ត៤គ្រឿងក្តៅចិត្តនឹងការចាប់ ព្រួត​គ្នាវាយដណ្តើមកាំភ្លើងបាន៣ដើមពីក្រុមមេព្រៃនិងយោធា

15 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ មាន​​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ ដោយ​សារ​តែ​ប្រជាពល​រដ្ឋ​អ្នករ​​ក​ស៊ី​​ដឹកអុស​តាម​គោ​យន្ត​ចំនួន​៤​នាក់ បាន​ប្រវាយ​ប្រតប់​ដណ្តើម​យក​កាំភ្លើង​ចំនួន៣​ដើម ពី​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ ​និងយោធា​ការ​ពារ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រយា ស្រុក​សន្ទុក កាលពីវេលា​ម៉ោង​ប្រមាណ៤រសៀលថ្ងៃទី២៤ មីនា នៅ​ចំណុច​ត្រពាំង​ព្រៃ ក្នុងភូមិសាស្ត្រ​​ឃុំ​ក្រយា ​ស្រុកសន្ទុក ។

ទាក់​ទិន​នឹង​ហេតុ​ការណ៍​​នេះ តាម​ប្រភព​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​​បាន​ឱ្យ​ដឹង​​ថា នៅ​វេលា​​រសៀល​នោះ ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៤នាក់​រក​ស៊ី​​ដឹកអុស​​តាម​គោ​យន្ត​ចំនួន​៤គ្រឿង​គឺ១-​ឈ្មោះ​​ទ្រៀង ភាព​ អាយុ​៣១​ឆ្នាំ ​​២-​ឈ្មោះ​ទ្រៀង​​ ភ័ស អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ​ខាត់ អុល ​អាយុ​២៦​ឆ្នាំ ​និង​៤-​ឈ្មោះ​ទ្រី គ្រៀន អាយុ​៥៥​ឆ្នាំ ​ទាំង​អស់​គ្នា មានទី​លំនៅ​ភូមិ​ចំបក់​ជ្រំ ​ឃុំ​ប្រាសាទ ​ស្រុក​សន្ទុក ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​​ខាង​លើ ក៏​មាន​មន្ត្រី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​ក្រយា​២​នាក់​ និង​មន្ត្រី​​​យោធា​​​៤​នាក់​មាន​ឈ្មោះ​ណាត ចាន់, ប៉ា ជីវន្ត, ណុល ងឿន ​, ​យីម នួន, មីង​ សំណាង, និង​ចែត ផល ប្រដាប់​ដោយ​អាវុធ​ចំនួន​៣ដើម ​បាន​ឃាត់​គោយន្ត​ទាំង​នោះ​ឱ្យ​ឈប់​ គឺដើម្បី​សួរ​នាំ។ ប៉ុន្តែ​ម្ចាស់គោយន្ត​ទាំង៤​​មិន​ព្រម​ឈប់ទេ គឺ​នៅ​តែ​ចចេស​​បើ​ក​គោ​យន្ត​ទៅ​មុខ​ ហើយ​ត្រូវ​សមត្ថ​កិច្ច​​​ដកកាំ​ភ្លើង​គំរាម ។​ ចំណែក​ម្ចាស់គោ​យន្ត​​ទាំង​នោះ​​ក៏​ទាញ​ដែកម៉ា​រ៉ាវេនព្រួត​គ្នា​វាយ​ទៅវិញ​ទៅ​មក​ រហូត​សមត្ថកិច្ច​ម្ចាស់​កាំភ្លើង​៣​នាក់​ដួល​សន្លប់​​នៅ​នឹង​កន្លែង​ ហើយ​ក្រុម​អ្នក​ដឹកអុស​ដែល​វាយ​ដណ្តើម​​យក​កាំភ្លើង​បាន​​៣ដើម​​ក៏​រត់គេច​ខ្លួន ។

​ប្រភព​​ព័ត៌​មាន​ដដែលបានបន្ត​ថា ក្រោយ​ពេល​ពួកគេ​ដណ្តើម​កាំភ្លើង​​រត់គេច​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​​​​​នគរ​បាល​ស្រុកស​ន្ទុក​ស្ទាក់​ឃាត់​ពួក គេ​បាននៅ​ចំណុច​ភូមិបន្ទាយ​​យម​រាជ ​ឃុំ​ប្រា​សាទ​ និង​​​កំពុង​ធ្វើ​ការ​សាក​សួរ ដើម្បី​ចង​ក្រង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ ។ ពាក់ព័ន្ធ​នឹង​ជម្លោះ​ខាងលើនេះ ​ប្រភពព័ត៌​មាន​ដដែល​បាន​បញ្ជាក់​ថា ជាធម្ម​តា​សកម្ម​ភាព​ដឹក​ឈើ​តាម​រថយន្ត​ គោ​យន្ត រទេះ​គោ ម៉ូតូ កង់ ចេញ​ពីព្រៃ​ក្នុងភូមិសាស្ត្រស្រុកសណ្តាន់​ និងស្រុក​​សន្ទុក​តែង​តែ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃហាក់​ដូច​ជា​​​គ្មាន​ញញើត​​សមត្ថ​កិច្ច​​ឡើយ​ ។ ប្រការ​នេះ ​ដោយ​សារ​តែ​ធាតុ​អសកម្ម​បានញាំញី​ក្រុម​មន្ត្រី​ជំនាញ​ និង​ក្រុម​សមត្ថកិច្ច​​ឱ្យភ្លេច​តួនាទី​របស់​ខ្លួន​​ហើយ​បែរ​ជា​មកប្រព្រឹត្តល្មើស​ទៅវិញ ។
​ដោយ​​ឡែក​ព័ត៌​មាន​ពីនគរ​បាល​ស្រុកសន្ទុក​​បានឱ្យ​ដឹង​ថា ម្ចាស់​​គោ​យន្ត​ដែល​វាយសមត្ថកិច្ច​​ដណ្តើ​មកាំ​ភ្លើង​ទាំង៤​នាក់​ហើយត្រូវ​ឃាត់​​​ខ្លួន​នោះ​​ត្រូវ​បាន​ធ្វើ​ការសាក​សួរ​នៅអធិការដ្ឋាន​​នៅ​ឡើយ ​និង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​សាលា​ដំបូង​តាម​បញ្ជា​លោកព្រះ​រាជ​អាជ្ញា​នៅ​រសៀល​ថ្ងៃទី២៥ មីនា ៕