ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តជម្លៀសចេញ ខណៈ​ពលរដ្ឋ​​រង​គ្រោះ​​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​​កើនជាង​៥​ពាន់​​គ្រួសារហើយ​​ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​សង្កាត់ចំនួន​​​​៤ នៅ​ខណ្ឌដង្កោ​បាន​កើ​ន​ដល់​៥.២០២​គ្រួសារ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្នុង​ខណ្ឌដង្កោ និង​ផ្តល់​អាហារ​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី ១៦​ខែតុលា​នេះ…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​សង្កាត់ចំនួន​​​​៤ នៅ​ខណ្ឌដង្កោ​បាន​
កើ​ន​ដល់​៥.២០២​គ្រួសារ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្នុង​ខណ្ឌដង្កោ និង​ផ្តល់​អាហារ​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី ១៦​ខែតុលា​នេះ ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​បាន​នៅ​តែ​បន្ត​ដឹកនាំ​ជួយ​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​ក្នុង​សង្កាត់​ចំនួន​៤​ក្នុង​ខណ្ឌដង្កោ ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ និង​បន្ត​ចែក​អាហារ ព្រមទាំង​ការ​ស្នាក់​នៅ​ដោយ​យកចិត្តទុកដាក់​ផង​ដែរ​ ។

តាម​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​​ថា​​ ប្រជា​ពលរដ្ឋ​រួ​ម​ជាមួយ​ទ្រ​ព្យ​សម្បត្តិ​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​ដែល​ត្រូវ​​ទឹក​ជន់​លិច ហើយ​អ្នកមួយ​ចំនួន​ដែល​បាន​ស្នាក់​នៅ​តាម​ទីតាំង​គោលដៅ​សុវត្ថិភាព​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​នោះ ទទួល​នូវ​ការ​ទំនុកបម្រុង​បាយ​ទឹក​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ព្រមទាំង​ស្ថាប័ន​នានា​មួយ​ចំនួន​ទៀត​ដែល​បាន​នាំ​យក​ទៅ​ផ្ដល់​ជូន​ដល់ទី​កន្លែង និង​ត្រៀម​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​ដឹក​អ្នក​ដែល​មាន​ជម្ងឺ​ទៅ​កាន់​មន្ទីរពេទ្យ​។

តាម​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​លិចលង់​និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​ជម្លៀស​ចេញពី​ទឹកស្ទឹង​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​ទីតាំង​ចំនួន​២​ធំ​ៗ​គឺ​ទី​១​នៅ​ក្នុង​បុរី​ផ្ទះល្វែង​អ៊ុយ ហុង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ជាប់​និង​គោលដៅ​ដែល​ត្រូវ​នាំ​ពី​ក្នុង​ទឹក​ឡើងគោក​តែ​ម្ដង​។​ចំណែក​ទីតាំង​ទី​២​ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កួរស្រូវ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ទៀត​បាន​ទៅ​ស្នាក់​នៅ​តាម​ទីទួល​សុវត្ថិភាព ឬ​តាម​ផ្លូវថ្នល់​នានា​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​ក៏​មាន​អ្នក​ខ្លះទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​សាច់ញាតិ​របស់​ខ្លួន​ផង​ដែរ​។

តាម​ប្រភពដ​ដែល​បាន​បញ្ជាក់​ទៀត​ថា តាម​អ្វី​ដែល​ទទួល​បាន​ពី​ខាង​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​ប្រចាំការ​នៅ​ឯ​ស្ថានីយ៍​ទំនប់​ស្ពាន​៧​មក​រា គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​ស្ពាន​៧​មក​រា បើ​ប្រៀបធៀប​ទៅ​និង​ថ្ងៃ​ទី​១៥ ខែតុលា មានការ​កើនឡើង​គឺ​នៅ​ទ្វារ​មុខ​មាន​កម្ពស់​៦,៦០​ម៉ែត្រ​កើនឡើង​១,៨០​ម៉ែត្រ និង​ទ្វារ​ខាងក្រោយ​មាន​កម្ពស់​៩,៥០​ម៉ែត្រ​កើន​លើស​០,១០​ម៉ែត្រ​។​ប៉ុន្តែ​កម្ពស់​ទឹក​អាច​និង​ស្រក​ចុះ​ច្រើន​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ព្រោះតែ​នៅ​តាម​ផ្នែក​ស្ថានីយ៍​នៅ​ផ្នែក​ខាងលើ​ៗ​ឯ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​មានការ​ស្រក​ចុះ​ដែរ​ហើយ​ដូច​ជា​នៅ​ស្ថានីយ៍​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់​៦,៦០​ម៉ែត្រ​ធៀប​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​ស្រក​ចុះ​០,៨៥​ម៉ែត្រ​។​នៅ​ទំនប់​រលាំង​ជ្រៃ ទឹក​នៅ​ទ្វារ​ខាង​មុខ​មាន​កម្ពស់​៦,៨៨​ម៉ែត្រ​ស្រុក​ចុះ​០,១២​ម៉ែត្រ​គឺ ស្រក​ក្រោម កម្រិត​កម្ពស់​ទ្វារ​បិទ​។

ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង បុរី​អ៊ុយ ហុង គេច​ចេញពី​ជំនន់​ទឹកស្ទឹង​នោះ​បាន​និយាយ​ថា ផ្ទះសម្បែង​ពួក​គាត់​ត្រូវ​បាន​ទឹក​ជន់​លិច​ទាំងស្រុង​មិន​អាច​រស់នៅ​បាន​ឡើយ ទឹកស្ទឹង​បាន​ជន់​ឡើង​លឿន​ដោយ​មិន​មិន​នឹក​ស្មាន​ដល់​សោះ ដោយសារ​តែ​ច្រើ​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​មាន​ទឹកធំ​នោះ​ពួក​គាត់​មិន​បាន​ត្រៀមខ្លួន​ជា​មុន​ឡើយ​។

លុះ​ពេល​ទឹកស្ទឹង​ឡើង​លឿន​បែប​នេះ​ទើប​បង្ក​ឲ្យ​ជួប​ការ​លំបាក ហើយ​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ជម្លៀស​ចេញពី​ក្នុង​ទឹក​ដោយ​សុវត្ថិភាព ​ព្រមទាំង​បាន​ផ្ដល់​បាយ​ទឹក​សម្រាប់​បរិភោគ​ក្នុង​១​ថ្ងៃ​៣​ពេល ជាក់ស្ដែង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី១៦ ​ខែតុលា លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ការ​ជួយ​ជួយ​សង្គ្រោះ និង​ជម្លៀស​អ្នក​ជាប់​ក្នុង​ទឹក​ព្រមទាំង​ចែក​បាយ​ទឹក​ជូន​ពួក​គាត់​ថែម​ទៀត​ផង​។

ដោយឡែក​ប្រ​ជា​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កួរស្រូវ​២​បាន​និយាយ​ថា ​ពួក​គាត់​ហាក់​មានការ​ធ្វេសប្រហែស​និង​មើល​ស្រាល​ស្ថាន​ការណ៍ ​ព្រោះ​មិន​នឹក​ស្មានថា ទឹក​ឡើង​លឿន​ដល់​ម្ល៉ឹង​នោះ​ទេ ទើប​នៅ​ពេល​ទឹក​ហូរ​ចូល​ដល់​ក្នុងភូមិ​និង​ផ្ទះសម្បែង​ពុំ​អាច​យក​អ្វី​ចេញ​ទាន់​នោះ​ឡើយ​ ។​ សត្វ​ចិញ្ចឹម​មាន់​ទា រួម​ជាមួយ​ទ្រព្យសម្បត្តិ​និង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ​រួម​ទាំង​សៀវភៅ​គ្រួសារ​ជាដើម​ត្រូវ​បាន​អណ្ដែត​តាម​កម្លាំង​ទឹក​ហូរ​ដ៏​ខ្លាំងក្លា​បាត់​អស់​គ្មាន​សល់ ចំណែក​ម៉ូតូ​និង​ម៉ូតូ​កង់​៣​ឬ​រថយន្ត​ជាដើម​ត្រូវ​លិច​បាត់​ទៅ​ក្នុង​ទឹក និយាយ​រួម​ពួក​គាត់​ម្នាក់​ៗ​បាន​ត្រឹមតែ​ធ្វើ​យ៉ាងណា​ឲ្យ​រួច​ផុត​ពី​សេចក្ដីស្លាប់​តែ​ប៉ុណ្ណោះ​៕​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ