ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់ជាក់ស្តែង​ គ្រឿង​ចក្រ​កំពុង​កាយ​​ដី​កប់​​ឈើដែល​កា.ប់​រាប់​សិប​ហិក​​តា​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ឧក្រិដ្ឋកម្ម​ព្រៃឈើឈាន​ដល់​យក​គ្រឿងចក្រ​កាយ​ដី​កប់​ដើមឈើ ​ដែល​គេ​បានកា​ប់រាប់​សិប​ហិក​តា ដើម្បី​បំបាត់ភស្តុតាង ​តែ​ត្រូវ​ក្រុម​អ្នក​តាម​ដាន​បទល្មើស​ព្រៃឈើ​តាម​ទាន់រាយ​ការ​ណ៍​​ដល់​ជំនាញ​ចុះ​ទៅ​ចាប់​បង្ក្រាប​ភ្លាម​ៗ​ជាក់​ស្តែង​នៅ​ទីតាំង​ដែល​ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កាលពី​ថ្ងៃ​ទី​១៥ តុលា…

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ឧក្រិដ្ឋកម្ម​ព្រៃឈើឈាន​ដល់​យក​គ្រឿងចក្រ​កាយ​ដី​កប់​ដើមឈើ ​ដែល​គេ​បានកា​ប់រាប់​សិប​ហិក​តា ដើម្បី​បំបាត់ភស្តុតាង ​តែ​ត្រូវ​ក្រុម​អ្នក​តាម​ដាន​បទល្មើស​ព្រៃឈើ​តាម​ទាន់រាយ​ការ​ណ៍​​ដល់​ជំនាញ​ចុះ​ទៅ​ចាប់​បង្ក្រាប​ភ្លាម​ៗ​ជាក់​ស្តែង​នៅ​ទីតាំង​ដែល​ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កាលពី​ថ្ងៃ​ទី​១៥ តុលា ២០២០​។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ស្រុក​អូរ​រាំង បាន​ចុះ​ទៅ​ដល់ទី​តាំង​ក្រុម​គ្រឿងចក្រ​ធ្វើ​សកម្មភាព​កាយ​ដី​កប់​ដើមឈើ​រាប់​ម៉ឺន​ដើម ហាមឃាត់​មិន​ឲ្យ​បន្ត ខណៈនោះ​អ្នកបើកបរ​គ្រឿងចក្រ​បាន​រត់​ចែក​ជើង​គ្នា​អស់​គ្មាន​សល់​បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច ករណី​គាស់​កាយ​ដី​ព្រៃឈើ និង​កប់​គល់​ឈើ​ធំ​ៗ​ដើម្បី​លុប​បំបាត់ភស្តុតាង លើ​ផ្ទៃដី​ទំហំ​ជាង​៦០​ហិ​កតា​នៅ​ភ្នំ​អណ្ដូង​ស្នេហ៍ ជាប់​នឹង​របៀង​អភិរក្ស​ជីវៈចម្រុះ និង​ដី​ព្រៃ​អចិ​ន្ត្រៃ​របស់​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ចាប់​រឹប​អូស​បាន​គ្រឿងចក្រ​ចំនួន​២​គ្រឿង អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង​និង​ម៉ូតូ ២ គ្រឿង ដែល​ជនសង្ស័យ​រត់​ចោល ។ បច្ចុប្បន្ន​វត្ថុ​តាង​បទល្មើស​ទាំងនេះ ​ត្រូវ​បាន​ប្រគល់​ឱ្យ​ខាង​មន្ត្រី​បរិស្ថាន ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។

ទាក់ទិន​ករណី​ដី​ខាងលើ​នេះ កោះសន្តិភាព​ទទួល​បាន​លិខិត​ពីរ​ច្បាប់ មួយ​ច្បាប់​ជា​លិខិត​គំនូស​បង្ហាញ​សណ្ឋាន និង​ប្រវែង​ជ្រុងដី របស់​អ្នកឧកញ៉ា ឡាញ់ ភា​រ៉ា និង​ឈ្មោះ ទ្រឿ​ង យុន ចំណែក​លិខិត​ទី​ពីរ គឺជា​លិខិត​ទទួលស្គាល់ និង​លះបង់​សិ​ទ្ឋ​លើ​ដី​ជាន់​គ្នា ដែល​ទទួលស្គាល់​ដោយ​មេធាវី បាន លី​យុ​ទ្ធ​។ ក្នុង​លិខិត​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​អត្តសញ្ញាណ​របស់​អ្នកមាន​សិ​ទ្ធិ​លើ​ការ​កាន់កាប់​ដី​ព្រៃឈើ​របស់​រដ្ឋ ខណៈ​អាជ្ញាធរ​ហាក់​មិន​មានការ​ទប់ស្កាត់​ទាន់​ពេល​លើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​ចំនុច​នេះ​សោះ​។​

គេ​សង្កេត​ឃើញ​ថា ដី​ព្រៃ​នេះ​នៅ​មិន​ឆ្ងាយ​ពីរ​មណី​ដ្ឋា​ន​អណ្តូង​ស្នេ​ហ៍ ហើយ​ជាប់​ជាមួយ​ផ្លូវជាតិ​ទៅ​កាន់​ព្រំដែន​ដាក់​ដាំ តែ​បែរជា​គណកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មើល​មិនឃើញ ខណៈ​គណកម្មការ​បាន​ជិះ​ឆ្លងកាត់​ផ្លូវ​នេះ​ចុះ​ទៅ​ចាប់​ការ​កាប់​រាន​ដី​ព្រៃ​នៅ​ចំនុច​ភ្នំរ​ហាំ និង​ភ្នំ​ក្បាល​ខ្មោច ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៥​គីឡូម៉ែត្រ ពោល​គឺ​ទៅ​ដល់​ចំនុច​ភ្នំ​អណ្តូង​ស្នេ​ហ៏​នេះ​មុន ទើប​ដល់​ចំនុច​ភ្នំ​ក្បាល​ខ្មោច ដែល​គណៈកម្មការ​ចាប់​មនុស្ស​ប្រាំ​នាក់​ដាក់​ព​ន្ឋ​នាគារ​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ ​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០២០ យ៉ាង​ខ្លី​ថា ដី​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បរិស្ថាន​…​ចំពោះ​ចំណាត់ការ​វិញ គឺ​បាន​ទប់ស្កាត់​និង​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​និ​តិ​វិធី​។

ចំណែក​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០២០​ថា លោក​កំពុង​ឲ្យ​ក្រុមការងារ​បញ្ជូន​សំណុំ​រឿង​នេះ ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​វិញ​ កុំ​ឲ្យ​ខុស​និ​តិ​វិធី ព្រោះ​ករណី​នេះ​ស្ថិត​នៅ​ក្នុង​ដែល​សមត្ថកិច្ច​របស់​រដ្ឋបាល​ព្រៃឈើ​។

ចំណែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា កំពុង​ឲ្យ​មន្ត្រី​ចុះ​ផ្ទៀងផ្ទាត់​ថា តើ​ដី​ចំណុច​​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជំនាញ​ខាង​ណា​។

គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ តុលា ២០២០ កោះសន្តិភាព​បាន​ទទួល​​ដំណឹង​ថា គ្រឿងចក្រ​ធុន​ធំ​ខាងលើ​ ជំនាញ​ទើប​ចាប់​មិន​ទាន់​បាន​មួយ​ដង្ហើម​
ច​ង្រឹ​ត​ផង​ឥឡូវ​ឮ​ថា មាន​អ្នកធំ​ៗ​គ្រាក់​ៗ​ប្រើ​វប្ប​ធ​ម៌​​អន្តរា​គម​ន៍​យក​អំណាច​កៀបសង្កត់​មន្ត្រី​តាម​មូលដ្ឋាន ដើម្បី​ជួយ​រំដោះ​យក​គ្រឿងចក្រ​ទាំងនោះ​ឲ្យ​ក្រុម​ឈ្មួញ​ទុ​ច្ច​រិ​ក​បំផ្លាញ​ព្រៃឈើ​របស់​ជាតិ​…​ពិតជា​អាសូរ​ដី​ព្រៃ ដើមឈើ និង​សត្វព្រៃ ខ្លាំង​ណាស់​។

​​និយាយ​ដល់ចំណុចនេះ គេ​នឹកឃើញ​មនុស្ស​៥​នាក់​ត្រូវ​ចាប់​ដាក់​ព​ន្ឋ​នាគារ​ថ្មី​ៗ ដោយ​សារ​កាប់​រាន​ដី​ព្រៃ​នៅ​ភ្នំរ​ហាំ​ និង​ភ្នំ​ក្បាល​ខ្មោច ចុះ​ម្ចាស់​គ្រឿងចក្រ​នៅ​ភ្នំ​អណ្តូង​ស្នេ​ហ៏​នេះ​តើ​អាច​ជាប់​ដូច​អ្នក​ទាំង​៥​នោះ​ទេ?

អត្ថបទសរសេរ ដោយ