ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​រយៈពេល​៨​ខែ​ធ្លាក់​ចុះ​ជិត​៧២​ភាគរយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ ដើមឆ្នាំ ២០២០​នេះ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​មាន​ចំនួន ១,២២​លាន​នាក់ ខណៈ​៨​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​មាន​ចំនួន​ជាង​៤,៣៦​លាន​នាក់ មានការ​ថយ​ចុះ​រហូត​ដល់​៧១,៩​ភាគរយ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ ដើមឆ្នាំ ២០២០​នេះ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​មាន​ចំនួន ១,២២​លាន​នាក់ ខណៈ​៨​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​មាន​ចំនួន​ជាង​៤,៣៦​លាន​នាក់ មានការ​ថយ​ចុះ​រហូត​ដល់​៧១,៩​ភាគរយ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ចេញផ្សាយ​ថ្មី​ៗ​នេះ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​ដល់​កម្ពុជា តាម​ជើងហោះហើរ​មាន​ចំនួន​ជាង ៧០៥​ពាន់​នាក់ មាន​ចំណែក​ប្រមាណ​៥៧,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ មានការ​ថយ​ចុះ ប្រមាណ​៧៧,៣​ភាគរយ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចូល​មក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ មាន​ចំនួន​ជិត​៤០​ម៉ឺន​នាក់ ធ្លាក់​ចុះ​៧២​ភាគរយ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប មាន​ចំនួន​ជាង​២៤​ម៉ឺន​នាក់ ធ្លាក់​ចុះ​៧៩,៧​ភាគរយ និង​ភ្ញៀវ​ទេសចរ​មក​ដល់​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន ៦​ម៉ឺន​៤​ពាន់​នាក់ ធ្លាក់​ចុះ ៨៦,៨​ភាគរយ ។

ចំណែក​ភ្ញៀវ​អន្តរជាតិ​ចូល​មក​កម្ពុជា​រយៈពេល​៨​ខែ​តាម​ច្រកព្រំដែន​គោក​និង​ទឹក មាន​ចំនួន​៥២១​ពាន់​នាក់ ដោយ​ព្រំដែន​គោក​ទទួល​បាន​៤៦៩​ពាន់​នាក់ ធ្លាក់​ចុះ​៥៩,៥​ភាគរយ និង​តាម​ជើង​ទឹក​ទទួល​បាន​៥១​ពាន់​នាក់ ធ្លាក់​ចុះ ៤៥,៩​ភាគរយ ។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​បរ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​៨​ខែ​នេះ ដែរ គឺ​ភ្ញៀវ​ជនជាតិ​នៅ​តែ​ឈរ​លំដាប់ថ្នាក់​ទី​១​ដោយ​មាន​ចំនួន ២៩២​ពាន់​នាក់ ធ្លាក់​ចុះ​៨២,៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩ ។ បន្ទាប់​ពី​ភ្ញៀវ​ចិន ទេសចរ​មក​ពី​ថៃ ក៏​មាន​ចំនួន​ច្រើន​ដែរ រហូត​ដល់​១៨២​ពាន់​នាក់ វៀតណាម ១៨០​ពាន់​នាក សហរដ្ឋអាមេរិក ៥៤​ពាន់​នាក់ និង​កូរ៉េ​មាន​ចំនួន​ជាង​៥៣​ពាន់​នាក់ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ជាក់ស្ដែង​ដូច​ឃើញ​ស្រាប់​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​វិធាន​របស់​អង្គការ​សុខភាព​ពិភពលោក​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ប្រទេស​នីមួយ​ៗ ដែល​ត្រូវ​រឹត​បន្តឹង​ចំពោះ​ដំណើរ​ឆ្លង​ប្រទេស​ពី​មួយ​ទៅ​មួយ​។​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេស​បរទេស​បាន​ធ្វើ​អោយ​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​បាត់បង់​យ៉ាងច្រើន ធ្វើ​អោយ​ប្រជាពលរដ្ឋ​បាន​បង់​ឱកាស​ការងារ​និង​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ ។

លោក​បន្ត​ថា ទោះបី​មានការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ទេសចរណ៍​អន្តរជាតិ​ក្ដី តែ​កាលពី​សីហា​កន្លង​ទៅ នេះ​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ថ្ងៃ​ឈប់​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ធ្វើ​ដំណើរ​ទៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ទូ​ទាំង​ប្រទេស ធ្វើ​អោយ​ប្រតិបត្តិ​ករ​ទេស ទទួល​បាន​ចំណូល​មួយ​ចំនួន​ត្រលប់​មក​វិញ ហើយ​អាច​ទប់​ទប់ទល់​ការ​ធ្លាក់​ចុះ​ខ្លាំង​បាន​មួយ​កម្រិត ។

លោក​រំពឹង​ថា នៅ​ពេល​ចប់​កូ​វី​ដ​១៩ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​កាន់តែ​ច្រើន ក្នុង​នោះ​កម្ពុជា​កំពុង​សម្រុក​សាងសង់​និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ ថ្មី​ៗ​បន្ថែម​ដើម្បី​ទទួលភ្ញៀវ​នៅ​ពេល​អនាគត ។ មិនតែប៉ុណ្ណោះ​កម្ពុជា​ក៏​បាន​រៀបចំ​តំបន់​ទេសចរណ៍​ថ្មី​ៗ​ទៀត​សម្រាប់​អោយ​ភ្ញៀវ​មក ដល់ កម្ពុជា​ហើយ ស្នាក់​នៅ​កម្ពុជា​បាន​យូរ ។

សូម​បញ្ជាក់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេស​បរទេស​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ កន្លែង​ទេសចរណ៍​បែប​វប្បធម៌​ល្បីឈ្មោះ​មួយ​នៅ​ខេត្តសៀមរាប ភូមិ​វប្បធម៌ បាន​ប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង​ចាប់​បី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ២០២០​នេះ​តទៅ ។​ក្រៅពី​នេះ​សណ្ឋាគារ​ផ្ទះសំណាក់​និង​អាជីវកម្ម​បម្រើ​អោយ​វិស័យ​ទេសចរណ៍​ជា​ច្រើន​ទៀត​បាន​ប្រកាស​បិទទ្វារ​និង​ផ្អាក​អាជីវកម្ម ធ្វើ​អោយ​ប៉ះពាល់​បុគ្គលិក​រាប់​ម៉ឺន​នាក់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ