ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​តស៊ូ​យ៉ាង​លំបាក​របស់​កីឡាករម៉​ន សា​ម៉េ​ត ដែល​អ្នកខ្លះ​មិន​ចាប់អារម្មណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់ កីឡាករ ម៉​ន សា​ម៉េ​ត ត្រូវ​គេ​មើលឃើញ​ថា​មាន​ភាព​រឹងមាំ និង​មើលទៅ​ពោរពេញ​ដោយ​មោទនភាព​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ក្រោយ​ភាព​ជោគជ័យ​ដែល​អ្នក​គាំទ្រ​បាន​មើលឃើញ​នេះ ការ​ពិត​លោក​ក៏​ពោរពេញ​ដោយ​ការ​លំបាក…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់ កីឡាករ ម៉​ន សា​ម៉េ​ត ត្រូវ​គេ​មើលឃើញ​ថា​មាន​ភាព​រឹងមាំ និង​មើលទៅ​ពោរពេញ​ដោយ​មោទនភាព​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ក្រោយ​ភាព​ជោគជ័យ​ដែល​អ្នក​គាំទ្រ​បាន​មើលឃើញ​នេះ ការ​ពិត​លោក​ក៏​ពោរពេញ​ដោយ​ការ​លំបាក និង​ការ​តស៊ូ​មិន​តិច​ដែរ ទម្រាំ​តែ​មាន​ថ្ងៃនេះ​។ លោក​ត្រូវ​បង្ខំចិត្ត​ទៅ​ធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ស្វា​នៅ​កៀនស្វាយ ដោយ​ទទួល​បាន​ប្រាក់ខែ​៩០​ដុល្លារ និង​ត្រូវ​រស់នៅ​ក្នុង​សភាព​មិន​មាន​លទ្ធភាព​ជា​ច្រើន​ទៀត នៅ​ពេល​ការ​ប្រដាល់​មិនសូវ​អំណោយផល​។

ថ្លែងប្រាប់​កោះសន្តិភាព កីឡាករ ម៉​ន សា​ម៉េ​ត និយាយ​ថា ក្នុង​នាម​ជា​ក្មេង​ប្រុស​ដែល​មាន​ឱកាស​​​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨ លោក​ថា​ជីវិត​បើ​ទោះជា​មិន​រៀបរាប់ ក៏​អាច​កាត់​យល់​បាន​ដែរ​ថា ជីវិត​របស់​លោក​គឺ​ពោរពេញ​ដោយ​ការ​លំបាក ទម្រាំ​តែ​មាន​ថ្ងៃនេះ ។ ពេល​ខ្លះ​លោក​ត្រូវ​ហូប​បាយ​ជាមួយ​មី និង​ដេក​អត់បាយ​ក៏​មាន​ដែរ ដោយសារ​តែ​ស្ថានភាព​រក​លុយ​មិន​បាន​គ្រប់ការ​ចំណាយ​ខ្លួនឯង ហើយ​ការ​ប្រដាល់​នៅ​ក្នុង​ពេល​មុន​ក៏​ទទួល​បាន​កម្រៃ​ស្ដួចស្ដើង​។

ក្រោយ​បញ្ឈប់​ការ​សិក្សា​ព្រោះតែ​គ្មាន​លទ្ធភាព​លោក​មិន​ខុស​ពី​ក្មេង​ដែល​ប្រឹង​ស្រវា​រស់​ដើម្បី​ជួយ​​ខ្លួនឯង និង​គ្រួសារ​នោះ​ទេ ដោយ​លោក​ចាប់ផ្ដើម​ការ​ប្រដាល់​តាំងពី​ពេល​ឈប់​រៀន​នោះ​តែ​ម្ដង ដោយសារ​តែ​លោក​យល់​ថា ខ្លួន​គ្មាន​ចំណេះ​ល្អ ទោះ​ទៅ​ធ្វើការ​ទីណា​ក៏​លំបាក ហើយ​ស្រប​ពេល​ដែល​លោក​ក៏​មាន​ឪពុក​ជា​អ្នក​ប្រដាល់​ផង ។

យ៉ាងណាមិញ ការ​ប្រដាល់​នៅ​ក្នុង​ពេល​នោះ គឺ​អាច​និយាយ​បាន​ថា រកតែ​ប្រាក់​ទិញ​បាយ​ព្រឹក​មិន​បាន​ផង ទើប​លោក​ត្រូវ​បង្ខំចិត្ត​ទៅ​ស៊ីឈ្នួល​មើលថែ​សត្វ​ស្វា​ជា​រៀងរាល់ថ្ងៃ​បន្ថែម​ទៀត នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ស្វា​មួយ​កន្លែង ដោយ​ទទួល​បាន​ប្រាក់ខែ​តិចតួច ។ ជីវិត​ជា​អ្នកធ្វើការ​ជាមួយ​ស្វា ពិបាក​ក៏​ពិបាក​យ៉ាប់​ក៏​យ៉ាប់ តែ​លោក​នៅ​តែ​មិន​អាច​ចោល​បាន ដោយពេល​ប្រដាល់​ក៏​មក​ប្រដាល់ ហើយ​ពេល​មិន​ប្រដាល់​ក៏​នៅ​កសិដ្ឋាន​ជាមួយ​ស្វា ។ នៅ​ទីនោះ ក្រៅពី​មើលថែ​ស្វា​កុំឱ្យ​ឈឺ កុំឱ្យ​ខាំ​គ្នា លោក​ក៏​ជា​ជំនួយការ​គ្រូពេទ្យ​សត្វ ដោយ​ក្រោយមក​ក៏​ចេះ​ដេរ​របួស​ស្វា និង​ចេះ​ព្យាបាល​សត្វ​ស្វា​ដោយសារ​តែ​បទ​ពិសោធន៍​ផង​ដែរ ។

លោក​ទើបតែ​ឈប់​ពី​ការងារ​នេះ ក្នុង​មួយ​រយៈចុង​ក្រោយ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ប្រដាល់​ចាប់ផ្ដើម​មាន​សន្ទុះ ហើយ​ទទួល​បាន​ប្រាក់​កម្រៃ​ល្អ​ប្រសើរ​ជាង​មុន ។ លោក​និយាយ​ថា​៖«​កន្លង​មក ខ្ញុំ​ចេញចូល​កសិដ្ឋាន​ចិញ្ចឹម​ស្វា​តែ​រហូត​ហ្នឹង លុះ​ធ្វើ​ៗ​ទៅ​ពិបាក​ពេក​ក៏​សុំ​គេ​ឈប់ ហើយ​ពេល
អត់​លុយ​ខ្លាំង​ក៏​សុំ​គេ​ចូល​វិញ និយាយ​រួម​ចេញចូល​ៗ ដោយសារ​តែ​ខ្ញុំ​ស្គាល់​ចិន​នៅ​ហ្នឹង ហើយ​គាត់​អាណិត​ចេះ​តែ​ឱ្យធ្វើ​»​។

មក​ទល់​ពេល​នេះ ដ្បិតថា​ជីវិត​របស់​លោក​បាន​ប្រសើរ​ជាង​មុន ប៉ុន្តែ​ស្ថានភាព​ជីវភាព​នៅ​មិន​ទាន់​កក់ក្ដៅ និង​រឹង​មាំ​ទេ ដោយសារ​តែ​លោក​រំពឹង​តែ​ការ​ប្រដាល់​ជា​ធំ ហើយ​សុខភាព​របស់​លោក​ហាក់​មាន​បញ្ហា​មិន​ឈប់​ទៀត ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ទើបតែ​ស្រួល​ក្រពះ​មួយ​រយៈ​ហ្នឹង​ទេ មុន​ៗ​គឺ​ឈឺក្រពះ​ឡើង​ស្គម​ដូច​ពួក​ញៀន​ថ្នាំ​អ៊ី​ចឹ​ង ឡើង​វ៉ៃ​ហត់​ៗ ហើយ​អស់កម្លាំង​ណាស់​។ តែ​ដោយសារ​អត់​លុយ និង​ដើម្បី​ប្រពន្ធ​កូន ខ្ញុំ​វ៉ៃ​ទាំង​ឈឺ បើ​ទោះជា​អ្នក​មិនដឹង​ពី​ស្ថានភាព​សុខភាព​របស់ខ្ញុំ គេ​ជេរ​ថា​ខ្ញុំ​ប្រហែល​គិតតែ​ដើរ​លេង​មិន​ហាត់ ទើប​អន់​ម្ល៉ឹង​»​។ លោក​ថា ប្រដាល់​ដ្បិតតែ​ជួយ​ឱ្យ​លោក​រក​លុយ​បាន និង​មាន​កិត្តិយស តែ​នៅ​ពីក្រោយ​ការ​លើក​សរសើរ​ទាំងឡាយ គឺ​លោក​ក៏​បាក់ទឹកចិត្ត​ណាស់​ដែរ ជា​ពិសេស​ពេល​គេ​អត់​ដឹង​រឿង​ឈឺ អត់​ដឹង​រឿង​យើង​អត់​លុយ​បំប៉ន ហើយ​មាន​បញ្ហា​សុខភាព តែបើ​ឱ្យ​បោះបង់​គឺ​អត់​ទេ ដោយសារ​តែ​ការ​ស្រលាញ់​។

លោក ម៉​ន សា​ម៉េ​ត បន្ត​ថា មក​ទល់​ពេល​នេះ លោក​មិន​លំបាក​ដូច​មុន​ទេ ដោយ​ក្នុង​អំឡុង​កូ​វី​ដ​-១៩​នេះ ក៏​មាន​គេ​ផ្គូផ្គង​ឱ្យ​ប្រដាល់​បាន​២​លើក​ដែរ ខណៈ​ដែល​មួយ​លើក​ដែល​ឡើង​ប្រដាល់​ជាមួយ​ខ្មែរ​ដូច​គ្នា​នោះ ក៏​បាន​៣០០​ដុល្លារ ។ ក្នុង​នោះ​លោក​ក៏​មានឱកាស​បាន​បង្វឹក​កូនសិស្ស​ក្នុង​ក្លិប​មួយ​កន្លែង​ទទួល​បាន​ប្រាក់ខែ​១៦០​ដុល្លារ ។ លោក​ក៏​ទើបតែ​ត្រូវ​បាន​បញ្ចូល​ជា​មន្ត្រីរាជ​ការ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ដូច​គ្នា ក្នុង​នាម​ជា​កីឡាករ​ប្រចាំ​ក្រសួង​ផង​ដែរ ទើប​លោក​មិនសូវ​ពិបាក​ផ្នែក​ជីវភាព​ដូច​មុន​។

យ៉ាងណា​ក៏​ដោយ​លោក​នៅ​តែ​បុក​ពោះ​ម្ដង​ៗដោយសារ​តែ​ជំងឺ​ក្រពះ​របស់​លោក​នៅ​តែ​ធ្វើ
ទុក្ខ​​ម្ដ​ងម្កាល ដោយ​តម្រូវ​ឱ្យ​លោក​ប្រើ​ថ្នាំ​ភាគច្រើន ស្រប​ពេល​ដែល​លោក​ក៏​ភ័យ​ថា បើ​ដល់​ពេល​ឈឺ ឬ​ចាស់​បន្តិច​ប្រកួត​លែង​កើត តើ​លោក​នឹង​បាន​ចំណូល​មកពីណា ។

ក្នុង​នាម​ជា​មេ​គ្រួសារ​ដែល​មាន​ប្រពន្ធ​ជា​ស្ត្រី​មេផ្ទះ​ពុំ​មានមុខ​របរ និង​មានកូន​ស្រី​២​នាក់​ក្នុង​បន្ទុក​ទៀត​ផង​នោះ លោក​ថា​ជីវភាព​បាន​ត្រឹមតែ​មួយ​គ្រប់​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​សល់​ទ្រព្យ ឬ​សល់​អ្វី​ជា​ដុំ​កំភួន​គឺ​មិន​ទាន់​មាន​ទេ ព្រោះ​រាល់ថ្ងៃ​នៅ​រស់​ក្រោម​ដំបូល​ម្ដាយក្មេក គ្មាន​ផ្ទះ​ផ្ទាល់ខ្លួន ហើយ​រាល់ពេល​ទៅ​បង្ហាត់​សិស្ស និង​ឡើង​ប្រដាល់​ម្ដង​ៗ ក៏​ត្រូវ​ឡើង​ចុះ​ទៅ​ផ្ទះ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​គួរសម ។ លោក​មាន​គម្រោង​បើក​តូប​លក់​គ្រឿងទេស​ឱ្យ​ភរិយា​នៅផ្ទះ ដើម្បី​ទប់​តម្រូវការ ឯ​លោក​ក៏​មិន​បោះបង់​ការ​ប្រដាល់​នោះ​ដែរ ព្រោះតែ​នោះ​ជា​ប្រភព​ចំណូល​ធំ ហើយ​ម្យ៉ាង​​គឺ​ស្រលាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ