ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចល័ត ដែល​មានឈ្មោះ​ថា វិស្ណុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់ របស់​ក្រសួងបរិស្ថាន ដែល​មានឈ្មោះ​ថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់…

រាជធានី​ភ្នំពេញ ៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់ របស់​ក្រសួងបរិស្ថាន ដែល​មានឈ្មោះ​ថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន និស្សិត និង​សិស្សានុសិស្ស​មួយ​ចំនួន​ទៀត​។

លោក​ជា ស៊ី​ណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ខណៈ​ដែល​កំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​កម្រិត​ខ្ពស់ ជា​ពិសេស​កំណើន​តម្រូវការ​ថាមពល បញ្ហា​គុណភាព​ខ្យល់​សាធារណៈ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​តាមដាន ដោយ​ការ​យកចិត្តទុកដាក់ ពិសេស​បញ្ហា​កំណើន​ភាគល្អិត​និចល​វិជ្ឈមាត្រ​តូច​ជាង​២,៥​មីក្រូ​ម៉ែត្រ ដែល​ហៅ​កាត់​ថា PM២.៥ នៅ​ក្នុង​ខ្យល់​បរិយាកាស នា​អំឡុង​ដើមឆ្នាំ​២០២០​។ ឆ្លើយ​តប​នឹង​បញ្ហា​កង្វល់​នេះ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បាន​យកចិត្តទុកដាក់ បង្កើន​ការ​តាមដាន​គុណភាព​សាធារណៈ និង​ការ​កំណត់​វិធានការ ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ ។

លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ ក្រសួង​បាន​បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ខ្យល់​ស្វ័យ​ប្រវត្តិ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​សរុប​ចំនួន​៤៩​គ្រឿង (​ភ្នំពេញ​មាន​ចំនួន​១១ និង​ខេត្ត​ចំនួន​២៨​គ្រឿង​) ហើយ​ដែល​ត្រូវ​បន្ត​បំពាក់​ចំនួន​៨​គ្រឿង​បន្ថែម​។

លោក​បាន​បញ្ជាក់​ថា សមិទ្ធផល​ថ្មី​នា​ពេល​នេះ រថយន្ត​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចល័ត​ចំនួន​១​គ្រឿង « វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់​» គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ឱកាស​នោះ លោក សាយ សំ​អាល់ មាន​ប្រសាសន៍​ថា រថយន្ត​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចល័ត ដែល​មានឈ្មោះ​ថា វិស្ណុ ដែល​អាច​ឱ្យ​ក្រសួង​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​តាមដាន​គុណភាព​ខ្យល់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ប្រមូល​ទិន្នន័យ​គុណភាព​ខ្យល់​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន ឱ្យ​កាន់តែ​មាន​សុ​ក្រឹត្យ​ភាព និង​ទាន់​ពេលវេលា ។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ស្អាត ឆ្លាត​វៃ និង​មាន​បរិស្ថាន​ស្អាត គឺ​ត្រូវ​មានការ​ចូលរួម​គ្នា​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​ប្រជាពលរដ្ឋ​ផង​ដែរ ធ្វើ​យ៉ាងណា​ក្នុង​ការ​ទុកដាក់ និង​គ្រប់គ្រង​កាក​សំណល់ សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ប្រទេស​កម្ពុជា​មាន​បរិស្ថាន​ស្អាត និង​បៃតង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ